រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង៧ឬ G7 នៅថ្ងៃចន្ទនេះ បានពង្រឹងអនុវត្តការសន្យារបស់ពួកគេ ក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែនឱ្យកាន់តែខ្លាំងថែមទៀត ខណៈពេល«បង្កើនល្បឿននិងសម្របសម្រួលឱ្យកាន់តែពេញលេញ ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី»។
នៅក្នុងកិច្ចប្រជុំមួយក្នុងប្រទេសជប៉ុន ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 លើកឡើងថា រុស្ស៊ីត្រូវតែដកកងទ័ពរបស់ខ្លួននិងយុទ្ធោបករណ៍ទាំងអស់ចេញពីទឹកដីអ៊ុយក្រែនជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ នេះបើយោងទៅលើសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការបរទសជប៉ុន។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa ថ្លែងក្នុងកិច្ចប្រជុំមួយ ដែលផ្តោតទៅលើសង្គ្រាមរបស់រុស្ស៊ីក្នុងអ៊ុយក្រែននោះថា វាមានសារៈសំខាន់ណាស់ ដែលយើងត្រូវរក្សាការឯកភាពគ្នា ក្នុងការជំរុញអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
ក្រោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសកាលពីខែមុនថា រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរកលយុទ្ធរបស់ខ្លួននៅលើទឹកដីប្រទេសបេឡារុសនោះ ក្រុមរដ្ឋមន្ត្រីប្រទេស G-7 នៅថ្ងៃចន្ទនេះ បានថ្កោលទោសសកម្មភាពរបស់រុស្ស៊ី និងបានបញ្ជាក់ថា «វោហាសាស្ត្រដែលគ្មានការទទួលខុសត្រូវរបស់រុស្ស៊ីស្តីពីអាវុធនុយក្លេអ៊ែរនោះ មិនអាចទទួលយកបានឡើយ»។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែលរបស់ក្រសួងការបរទេសជប៉ុន។
រុស្ស៊ីធ្លាប់ជាសមាជិករបស់ក្រុមប្រទេស G-8 ម្តងកាលពីលើកមុន តែត្រូវបានបណ្តេញចេញពីក្រុមប្រទេសទាំងនេះ ក្រោយខ្លួនបានច្បាមយកឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន ធ្វើជាផ្នែកមួយនៃទឹកដីរបស់ខ្លួនកាលពីឆ្នាំ២០១៤។
ទន្ទឹមនឹងនេះដែរ ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបញ្ជាក់នៅថ្ងៃចន្ទនេះផងដែរថា មានជនស៊ីវិលអ៊ុយក្រែនកាន់តែច្រើនឡើង បានស្លាប់ដោយសារគ្រាប់មីននៅក្នុងប្រទេសនេះ។
ក្រសួងនេះថា បញ្ហានេះបានកើតឡើងកាន់តែអាក្រក់នៅក្នុងតំបន់ ដែលកងទ័ពរុស្ស៊ីធ្លាប់កាន់កាប់ក្នុងពេលកន្លងទៅ ដែលក្នុងនោះមានតំបន់ Kherson និងតំបន់ Kharkiv ផងដែរ ហើយហានិភ័យនៃគ្រោះថ្នាក់នេះ កើតឡើងកាន់តែច្រើន ខណៈពេលដែលរដូវផ្ការីកកំពុងចូលមកដល់សម្រាប់ការងារកសិកម្ម៕
ព័ត៌មានខ្លះក្នុងរបាយការណ៍នេះបានមកពីទីភ្នាក់ងារសារព័ត៌មាន AP, AFPនិង Reuters