ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា រុស្ស៊ី​បាន​បណ្តេញ​មន្ត្រី​ជាន់​ខ្ពស់​លំដាប់​ទី​ពីរ​នៃ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​រុស្ស៊ី​ចេញ​ពី​ប្រទេស


រូបឯកសារ៖ ស្ថានទូតអាមេរិក និងទង់ជាតិត្រូវបានគេឃើញនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
រូបឯកសារ៖ ស្ថានទូតអាមេរិក និងទង់ជាតិត្រូវបានគេឃើញនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា រដ្ឋាភិបាល​រុស្ស៊ី​បាន​បណ្តេញ​អនុ​ប្រធាន​បេសកកម្ម​ការទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី​លោក Bart Gorman ចេញពី​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​បណ្ដេញ​ចេញ​នេះ​បាន​ធ្វើ​ឡើង នៅ​ចំពេល​ដែល​មាន​ភាព​តានតឹង​រវាង​រុស្ស៊ី​និង​ក្រុម​បស្ចិម​ប្រទេស​រឿង​លទ្ធភាព​ដែល​រុស្ស៊ី​អាច​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ហើយ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​តើ​រុស្ស៊ី​ធ្វើ​ការ​បណ្ដេញ​នេះ​ក្រោម​ហេតុផល​អ្វី​នោះ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​តបត​ទៅ​វិញ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា៖ «សកម្មភាព​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អនុ​ប្រធាន​បេសកកម្ម​ការទូត​របស់​សហរដ្ឋ​អាមេរិក​នេះ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ។ សហរដ្ឋ​អាមេរិក​ចាត់ទុក​ករណី​នេះ​ថា​ជា​វិធានការ​ដែល​ធ្វើ​ឲ្យ​កាន់តែ​តានតឹង​ឡើង និង​កំពុង​ពិចារណា​ចាត់​វិធានការ​ឆ្លើយតប​ទៅវិញ»៕

XS
SM
MD
LG