ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ប្រចាំ​ថ្ងៃ​នៅ​រុស្ស៊ី​កើន​ឡើង​ខ្ពស់​ជាង​មុន


រូបឯកសារ៖ អ្នក​រត់​តុ​ពាក់​ម៉ាស់​និង​ស្រោម​ដៃ​ដើម្បី​ការ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុង​ភោជនីយដ្ឋាន «Meat and Fish» ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០២១។ (AP Photo/Pavel Golovkin)

ប្រទេស​រុស្ស៊ី​បាន​រាយ​ការណ៍​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ​ក្នុង​មួយ​ថ្ងៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ការឆ្លង​បាន​ចាប់​ផ្តើម​ គឺ​មនុស្ស​ចំនួន ​៨៩០​នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ។​ នេះ​បើ​យោង​តាម​ក្រុម​ការងារ​ជាតិ​របស់​រុស្ស៊ី​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង។​ នេះ​ជា​ថ្ងៃ​ទី​៥​ជាប់ៗ​គ្នា​ដែល​គេ​បាន​រាយ​ការណ៍​ពី​កំណត់ត្រា​ប្រចាំ​ថ្ងៃ​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩។​

ក្រុម​ការងារ​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ ដែល​ត្រូវ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ ជា​តួលេខ​ឆ្លង​ខ្ពស់​បំផុត​ទីពីរ​ប្រចាំ​ថ្ងៃ​នៅ​ឆ្នាំនេះ​ ដែល​មាន​ចំនួន​ជិត​២៥.៨០០​ករណី។​

ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​នេះ​ចាប់​ផ្ដើម​ ​ប្រទេស​រុស្ស៊ី​បាន​រាយ​ការណ៍​ថា ​ មាន​មនុស្ស​ចំនួន​២០៥.០០០​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។​ ​ប្រទេស​រុស្ស៊ី​មាន​ប្រជាជន​សរុប​ប្រមាណ​១៤៦​លាន​នាក់​ ហើយ​មាន​កំណត់ត្រា​ឆ្លង​៧លាន​៥​សែន​ករណី។ នេះ​បើ​យោង​ទិន្នន័យ​ពី​សាកល​វិទ្យាល័យ ​Johns Hopkins។ ចក្រភព​អង់គ្លេស​មាន​មនុស្ស​ ៧,៥ លាន​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។ ​ ចក្រភព​អង់គ្លេស​ដែល​មាន​ប្រជាជន​សរុបចំនួន​ ៦៧ ​លាន​នាក់​ឆ្លង​ច្រើន​ជាងគេ​នៅ​អឺរ៉ុប​ គឺ​មាន​ចំនួន ​៧,៩​ លាន​ករណី​ ចាប់​តាំង​ពី​មាន​ការ​ឆ្លង​រាតត្បាត​មក។

មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​គ្មាន​គម្រោង​ចាត់​វិធាន​ការ​បិទ​ខ្ទប់​ ​តម្រូវ​ឲ្យ​ពាក់ម៉ាស់ ​ឬ​ទាមទារ​ភស្តុតាង​ការ​ចាក់​វ៉ាក់សំាង​ឡើយ។​ ទិន្នន័យ​របស់​សាកល​វិទ្យាល័យ ​Johns Hopkins​ ឱ្យ​ដឹងថា​ ប្រមាណ​៣០%​នៃ​ប្រជាជន​រុស្ស៊ី​បាន​ចាក់​វ៉ាក់សំាង​ពេញ​លេញ ​ ទោះ​បី​ជា​ប្រទេស​នេះ​បង្កើត​បាន​វ៉ាក់សំាង ​Sputnik V. ​ដោយខ្លួន​ឯង​ក៏​ដោយ។​

តេស្ត​ទឹកមាត់​

ក្រុមហ៊ុន​របស់​ចក្រភព​អង់គ្លេស​មួយ​បាន​និយាយ​ថា ​ ខ្លួន​បាន​បង្កើត​វិធី​ធ្វើ​តេស្ត​ទឹកមាត់​ដែល​ងាយ​ស្រួល​ ដែល​អាច​ដឹង​ថា​ តើជន​នោះ​មាន​ជំងឺ​កូវីដ១៩​ដល់​កម្រិត​ដែល​អាច​ឆ្លង​ទៅ​អ្នក​ដទៃ​ ឬយ៉ាងណា។

ក្រុម​ហ៊ុន ​Vatic ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​ ការ​ធ្វើ​តេស្ត​របស់​ខ្លួន​ «ជាក់លាក់​ខ្លាំង​ណាស់» ​ មិន​ដែល​ចេញ​លទ្ធផល​វិជ្ជមាន​ខុស​ម្ដង​ណា​ឡើយ។​

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​តេស្ត​នេះ​នឹង​ទទួល​បាន​លទ្ធផល​ក្នុង​ពេល​តែ​១៥​នាទី​ប៉ុណ្ណោះ។​

ការ​ធ្វើតេស្ត​នេះ​មិន​ទាន់​ត្រូវ​បាន​ដាក់​ឲ្យ​សាធារណជន​ទូទៅ​ប្រើ​ប្រាស់​នៅ​ឡើយទេ ​ ព្រោះវាស្ថិត​ក្នុង​ដំណាក់​កាល​សាកល្បង។ ​ ក្រុម​ហ៊ុន ​Vatic ​កំពុង​សុំ​ការ​អនុញ្ញាត​លក់​ជូន​សាធារណជន​ដោយ​ផ្ទាល់។​

អាយុកាល​មនុស្ស​

របាយ​ការណ៍​នៅ​ក្នុង​ទស្សនាវដ្ដី​ The Economist ​បាន​ឲ្យ​ដឹង​ថា ​ជំងឺ​កូវីដ១៩ ​នៅ​ក្នុង​ឆ្នាំ​២០២០​ បាន​បង្អាក់​ភ្លាមៗ​នូវ​កំណើន​នៃ​អាយុកាល ​(អាយុវែង) ​ជា​មធ្យម​របស់​មនុស្ស​នៅ​តំបន់​ភាគច្រើន​ក្នុង​ពិភពលោក។ ​

សាកល​វិទ្យាល័យ ​Johns Hopkins ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ ក្នុង​ពិភព​លោក​ទាំង​មូល​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ចំនួន​២៣៤,៦​លាន​ករណី ​និង​ស្លាប់​សរុប​ជិត​ ៥ ​លាន​នាក់៕

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មានThe Associated Pressនិង Reuters)

XS
SM
MD
LG