ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ថា គ្មាន​ការ​ដក​កង​ទ័ព​អាមេរិកាំង​នៅ​អាហ្វហ្គានីស្ថាន​ដូច​នៅ​ស៊ីរី​ទេ


រដ្ឋមន្ត្រី​ការពារប្រទេស​​សហរដ្ឋ​អាមេរិក​លោក Mark Esper ត្រូវ​បាន​ទាហាន​អាមេរិក​ស្វាគមន៍​នៅ​ពេល​លោក​អញ្ជើញ​ទៅ​ដល់​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។
រដ្ឋមន្ត្រី​ការពារប្រទេស​​សហរដ្ឋ​អាមេរិក​លោក Mark Esper ត្រូវ​បាន​ទាហាន​អាមេរិក​ស្វាគមន៍​នៅ​ពេល​លោក​អញ្ជើញ​ទៅ​ដល់​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។

នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Mark Esper បាន​ធានា​ចំពោះ​ប្រទេស​អាហ្វហ្គានីស្ថាន​កុំ​ឲ្យ​យល់​ច្រឡំ​ថា ការ​ដក​កង​ទ័ព​របស់​សហរដ្ឋ​អាមេរិក​ភ្លាមៗ​ស្ទើរតែ​ទាំង​អស់​ចេញ​ពី​ផ្នែក​នានា​នៃ​ប្រទេស​ស៊ីរី​ថា​ជា​អ្វី​ដែល​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នោះ។

ដោយ​ថ្លែង​នៅ​ឯ​ទីស្នាក់ការ​បេសកកម្ម​គាំទ្រ​ប្ដូរផ្ដាច់​របស់​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​កាប៊ុល ប្រទស​អាហ្វហ្គានីស្ថាន លោក Esper បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នៅតែ​រក្សា «ការ​ប្ដេជ្ញា​ជា​យូរ​មក​ហើយ» របស់​ខ្លួន​ចំពោះ​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក Esper ថ្លែង​ដូច្នេះ​ថា៖ «ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ដទៃ​ទៀត​គួរតែ​ទុក​ចិត្ត​ចំពោះ​រឿង​នេះ ហើយ​សូម​កុំ​យល់​ច្រឡំ​ចំពោះ​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សប្ដាហ៍​ថ្មីៗ​នេះ​ទាក់ទិន​នឹង​ប្រទេស​ស៊ីរី ដោយសារតែ​សហរដ្ឋ​អាមេរិក​នឹង​មិន​ធ្វើ​រឿង​ដូច​នេះ​ចំពោះ​ប្រទេស​អាហ្វហ្គានីស្ថាន​នោះ​ទេ»។

ដោយ​សង្កត់ធ្ងន់​អំពី​ឆន្ទៈ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ដាក់​ទាហាន​ឈរ​ជើង​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន លោក Esper បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នៅ​ប្រឈម​នឹង​ការ​គំរាមកំហែង​ដែល​ដំបូង​ចេញ​ពី​ពួក​អាល់កៃដា ហើយ​ឥឡូវ​នេះ​ចេញ​ពី​ពួក​តាលីបង់ ក្រុម​ភេរវកម្ម​នៅ​អាហ្វហ្គានីស្ថាន​ដែល​មាន​ទំនោរ​រក​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម និង​ក្រុម​ផ្សេងៗ​ទៀត។

ការ​ចរចា​សន្តិភាព​ដែល​ជាប់​គាំង​ជាមួយ​នឹង​ពួក​តាលីបង់ និង​ការ​វាយ​ប្រហារ​ហិង្សា​កំពុង​បន្ត​របស់​ពួក​បះបោរ និង​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម បាន​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ការ​សន្យា​របស់​រដ្ឋបាល ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ក្នុង​ការ​ដក​ទាហាន​អាមេរិកាំង​ជាង ៥ ពាន់​នាក់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។

ទាហាន​អាមេរិកាំង​ប្រហែល ១ ម៉ឺន ៤ ពាន់​នាក់ នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ឈរ​ជើង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​បណ្ដុះបណ្ដាល និង​ផ្ដល់​ប្រឹក្សា​ដល់​ទាហាន​អាហ្វហ្គានីស្ថាន និង​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​នានា។

ការ​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​កាប៊ុល​របស់​លោក Esper បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ពន្យារ​ពេល​ការ​ប្រកាស​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​អំពី​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ខែ​មុន៕

XS
SM
MD
LG