សមាជិករដ្ឋសភាប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានអនុម័តយល់ព្រមលើច្បាប់មួយដែលអាចដាក់ទោសលើអ្នករិះគន់ចំពោះទាហានស៊ីឈ្នួលរបស់ខ្លួនដែលក្នុងនោះក៏រួមមានកងកម្លាំងប្រយុទ្ធរបស់ក្រុម Wagner ដែលកំពុងប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែនផងដែរ ដោយដាក់ពន្ធនាគារអ្នកដែលហ៊ានរិះគន់ទាំងនោះរហូតដល់១៥ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ច្បាប់ដែលមានការដាក់ទោសទណ្ឌនេះត្រូវបានបង្កើតឡើងក្រោយពីរុស្ស៊ីបានដាក់ពង្រាយកងកម្លាំងខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយអ្នកប្រឆាំងនឹងរដ្ឋាភិបាលវិមានក្រឹមឡាំងនិយាយថា ច្បាប់នេះគឺដើម្បីដាក់ទោសដល់អ្នកការរិះគន់ទៅលើសង្គ្រាមរស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
ក្រុមទាហានស៊ីឈ្នួលរុស្ស៊ីដូចជាក្រុម Wagner ជាដើម ដែលត្រូវបានជ្រើសរើសពីពន្ធនាគារនានារបស់រុស្ស៊ី ហើយកំពុងដឹកនាំប្រយុទ្ធឱ្យរុស្ស៊ីនៅក្នុងទីក្រុង Bakhmut របស់អ៊ុយក្រែនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនរុស្ស៊ី។
ប្រធានរដ្ឋសភារុស្ស៊ីលោក Vyacheslav Volodin និយាយថា៖ «គំនិតផ្តួចផ្តើមនៃច្បាប់ថ្មីនេះ គឺការពារកងកម្លាំងរុស្ស៊ីគ្រប់រូបដែលកំពុងប្រថុយជីវិតរបស់គេដើម្បីសន្តិសុខនិងពលរដ្ឋរុស្ស៊ីរបស់យើង»។
ភ្លាមៗក្រោយពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជូនកងកម្លាំងរុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋាភិបាលក្រុងមូស្គូចេញការដាក់គុករយៈពេលយូរ ចំពោះបុគ្គលណាដែលហ៊ានរិះគន់លើកងកម្លាំងរុស្ស៊ីឬចែកចាយព័ត៌មានមិនពិតអំពីរឿងនេះ។
រដ្ឋសភារុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានគាំទ្រការកែប្រែច្បាប់នេះដោយដាក់ទោសទណ្ឌលើអ្នករិះគន់ទាំងឡាយណា ចំពោះការបង្កើតអ្នកស្ម័គ្រចិត្តនិងបុគ្គលដែលកំពុងជួយប្រយុទ្ធដល់កងកម្លាំងរបស់រុស្ស៊ី។
ច្បាប់នេះចែងថាការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកងកម្លាំងរុស្ស៊ី គឺត្រូវជាប់គុកអតិប្បរមា១៥ឆ្នាំ៕