ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បដិសេធ​ម្តង​ទៀត​ថា​ខ្លួន​មិន​បាន​ចូល​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​កាល​ពី​ឆ្នាំ២០១៦ទេ


អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov​ ចូល​រួម​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​វិមាន​ក្រឹមឡាំង ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។
អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov​ ចូល​រួម​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​វិមាន​ក្រឹមឡាំង ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។

វិមាន​ក្រឹមឡាំង​កាល​ពី​ថ្ងៃចន្ទ​ បាន​បដិសេធ​ម្តងទៀត​ទៅ​នឹង​ការចោទ​ប្រកាន់​អំពី​ការចូលជ្រៀតជ្រែក​របស់​រុស្ស៊ី​ទៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ ២០១៦​ បើទោះបី​ជា​រដ្ឋអាជ្ញា​ពិសេស​សហរដ្ឋអាមេរិក លោក Robert Mueller​ បាន​សន្និដ្ឋាន​ថា​ រុស្ស៊ី​បាន​ចូលជ្រៀតជ្រែក​ក៏ដោយ​ ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី Donald Trump និង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​មិន​បាន​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ ដើម្បី​ជួយ​លោក​ឲ្យ​ឈ្នះ​ការបោះឆ្នោត​នេះ​ទេ។

អ្នកនាំពាក្យ​វិមាន​គ្រឹមឡាំង​លោក Dmitry Peskov​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​អំពី​គោលជំហរ​របស់​ប្រទេសរុស្ស៊ី​ចំពោះ​បញ្ហា​នេះ​ ដោយ​បាន​និយាយ​ថា​ ប្រទេស​របស់​យើង​មិន​បាន​ចូល​ជ្រៀតជ្រែក​ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណា​មួយ​នោះ​ទេ រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា៖ «នៅ​តែ​មាន​ការ​ចោទ​ប្រកាន់​មក​លើ​ប្រទេសរុស្ស៊ី​ អំពី​ការ​ចូល​ជ្រៀតជ្រែក​នេះ។ ដូច​យើង​ធ្លាប់​បាន​និយាយ​ពី​មុន​មក​ហើយ​ថា​ នេះ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន។ វា​មិន​ខុស​ពី​ការស្វែករក​សត្វឆ្មាខ្មៅ​នៅក្នុង​បន្ទប់ ​ដែល​ងងឹត​នោះទេ​ គឺ​វា​ពិបាក​ណាស់​ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ថា​គ្មាន​សត្វឆ្មា​នៅក្នុង​បន្ទប់​នោះ​ទេ»។

ការស៊ើបអង្កេត​រយៈពេល ២២ ខែ​ របស់​លោក Mueller បាន​សន្និដ្ឋាន​ថា ប្រទេសរុស្ស៊ី​បាន​ចូល​ក្លែងបន្លំ​ព័ត៌មាន​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ និង​បាន​ចូល​លួច emails របស់​លោកស្រី Hillary Clinton​ គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ប៉ុន្តែ​ការស៊ើបអង្កេត​មិនបាន​រកឃើញ​ថា ​លោក Trump និង​អ្នក​ធ្វើការ​ឲ្យ​លោក​បាន​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ទេ៕

XS
SM
MD
LG