ទំហំ និងវិសាលភាពនៃកិច្ចប្រឹងប្រែងរបស់ប្រទេសរុស្ស៊ីនៅក្នុងការជ្រៀតជ្រែកចូលការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ គឺមានលក្ខណៈទូលំទូលាយ និងហ្មត់ចត់ជាងការយល់ឃើញពីមុនមកទៀត។ នេះបើយោងតាមរបាយការណ៍ពីរដែលទើបផ្សព្វផ្សាយថ្មីៗនេះ។
របាយការណ៍ទាំងពីរ ដែលបានផ្សព្វផ្សាយក្នុងសប្ដាហ៍នេះ គាំទ្រការសន្និដ្ឋានរបស់សហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក ដែលថា គោលបំណងនៃការជ្រៀតជ្រែករបស់រុស្ស៊ីទាំងអស់នៅក្នុងរយៈពេលជាច្រើនខែមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ គឺធ្វើយ៉ាងណាឲ្យបេក្ខជនប្រធានាធិបតីអាមេរិក ដែលរុស្ស៊ីចង់បាន ជាប់ឆ្នោតក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។
របាយការណ៍របស់គម្រោងឃោសនាតាមកុំព្យូទ័រនៃសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន Graphika បានបញ្ជាក់ថា៖ «អ្វីដែលច្បាស់គឺថា សារទាំងអស់មានបំណងយ៉ាងច្បាស់នៅក្នុងការផ្ដល់ប្រយោជន៍ដល់គណបក្សសាធារណរដ្ឋ និងជាពិសេសគឺលោក Donald Trump»។
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលរុស្ស៊ីបានបដិសេធចំពោះការចោទប្រកាន់នៅក្នុងរបាយការណ៍ទាំងពីរនេះ។ លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលក្រុងមូស្គូ បានហៅការចោទប្រកាន់ទាំងនោះថា គ្មានមូលដ្ឋានត្រឹមត្រូវ។
ការរកឃើញទាំងនេះ ដែលដំបូងរាយការណ៍ដោយកាសែត Washington Post បានបញ្ជាក់ថា ជនជាតិរុស្ស៊ីមួយចំនួនដែលធ្វើការឲ្យក្រុមមួយដែលមានឈ្មោះថា ទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិត IRA បានចាប់ផ្ដើមធ្វើការពិសោធន៍ដោយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតក្នុងស្រុកឆ្នាំ ២០០៩ និងបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅដល់ការបោះឆ្នោតឆ្នាំ ២០១៣ នៅក្នុងសហរដ្ឋអាមេរិក ដោយប្រើ Twitter។
បន្ទាប់មក ទីភ្នាក់ងារនេះបានបន្ថែមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានប្រជាប្រិយមួយចំនួនទៀតដើម្បីធ្វើយុទ្ធនាការរបស់ខ្លួន ដូចជា Youtube Facebook និង Instagram ជាដើម ដោយលើកយកបញ្ហាសង្គម និងជាតិសាសន៍នានាដូចជា សិទ្ធិកាន់កាំភ្លើង អន្តោប្រវេសន៍ និងអំពើឃោរឃៅរបស់ប៉ូលិសជាដើម ដើម្បីធ្វើឲ្យមានការបែកបាក់ក្នុងសង្គមអាមេរិក៕