ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ គង់ គាំ​ ប្រឈម​ពាក្យ​បណ្តឹង​គណបក្ស​កាន់​អំណាច ​និង​ការ​ព្រមាន​រឹប​អូស​ផ្ទះ


រូបឯកសារ៖ លោក ​គង់ គាំ ​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប ​និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​របស់​គណបក្ស​ភ្លើងទៀន ​កំពុង​ប្រឈម​នឹង​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​លទ្ធភាព​នៃ​ការ​ប្តឹង​ផ្តល់​រឹប​អូស​ផ្ទះ​របស់​លោក​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​២ ​ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ។
រូបឯកសារ៖ លោក ​គង់ គាំ ​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប ​និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​របស់​គណបក្ស​ភ្លើងទៀន ​កំពុង​ប្រឈម​នឹង​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​លទ្ធភាព​នៃ​ការ​ប្តឹង​ផ្តល់​រឹប​អូស​ផ្ទះ​របស់​លោក​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​២ ​ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ។

ក្រោយ​ការ​ថ្លែង​ព្រមាន​ជាសាធារណៈ​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ លោក ​គង់ គាំ ​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប ​និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​របស់​គណបក្ស​ភ្លើងទៀន ​កំពុង​ប្រឈម​នឹង​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​លទ្ធភាព​នៃ​ការ​ប្តឹង​ផ្តល់​រឹប​អូស​ផ្ទះ​របស់​លោក​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​២ ​ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ។​

កាល​ពី​ថ្ងៃ​ចន្ទ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ព្រមាន​លោក ​គង់ គាំ ​ថា​ កុំ​ឱ្យ​វាយ​ប្រហារ​គណបក្ស​កាន់​អំណាច ​ដោយ​លោក​ព្រមាន​ប្តឹង​ផ្តល់​តាម​ផ្លូវ​ច្បាប់​ផង​ដែរ។​

ក្រោយ​ការ​ព្រមាន​របស់​លោក ​ហ៊ុន សែន ​គណ​បក្ស​ប្រជាជន​ខេត្ត​ត្បូង​ឃ្មុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ​ប្តឹង​លោក ​គង់ គាំ ​ពី​បទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ ចលាចល​ អសន្តិ​សុខ​ក្នុង​សង្គម»​ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក​ក្នុង​វេទិកា​សាធារណៈ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្នាក់​ការ​គណបក្ស​ភ្លើងទៀន​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ កាល​ពី​ថ្ងៃទី​៧​ ខែ​មករា ​ឆ្នាំ​២០២៣។​

ពាក្យ​បណ្តឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូង​ឃ្មុំ​ ចុះ​ថ្ងៃទី​១០ ​ខែ​មករា ​ឆ្នាំ​២០២៣​ ​ស្រង់តាម​សម្តី​ដើម​របស់​លោក ​គង់ គាំ​ថា៖ ​«...ខ្ញុំ​មិន​ចង់​សំណេះ​សំណាល​វែង​ទេ ​ប៉ុន្តែ​ថ្ងៃ​នេះ ​គណ​បក្ស​ប្រជាជន​ប្រហែល​គេ​នាំ​គ្នា​រំឭក​ថ្ងៃ​កំណើត​របស់​គេ​ដែរ​ហើយ។ ​ យើង​រំឭកថ្ងៃ​ឈ្នះ ​ទាំង​គណ​បក្ស​ប្រជាជន​កម្ពុជា​ ទាំង​គណ​បក្ស​ភ្លើងទៀន ​ជួប​គ្នា។ ​ថ្ងៃ​នេះ​រំឭក​គ្នា ​រំឭក​ថា ​ផឹក​ទឹក​ឱ្យ​នឹក​ប្រភព​ ជ្រក​ម្លប់​ឱ្យ​នឹក​អ្នក​ដាំ។​ ខ្ញុំ​មិន​ដឹង​ទេ! ​ខ្ញុំ​ធ្លាប់​នៅ​គណ​បក្ស​ប្រជាជន​ដែរ​កាល​ហ្នឹង។​ គេ​ប្រាប់​ខ្ញុំ​ឱ្យ​នឹក​ប្រភព»។​

លោក ​គង់ គាំ ​ត្រូវ​បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ​អាមេរិក។ ​នេះ​បើ​តាម​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ចុះ​ថ្ងៃ​ទី​១០​ ខែ​មករា ​ឆ្នាំ​២០២៣។​

ស្រប​ពេល​លោក​ប្រឈម​នឹង​ពាក្យ​បណ្តឹង​ទៅ​តុលាការ ​ អតីត​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​ លោក ​ហោ ណាំហុង ​ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​សារ​ព័ត៌មាន​ Freshnews​ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល និង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។​ លោក​ ហោ ណាំហុង ​អះអាង​ថា ​លោក គង់ គាំ ​បាន​លួច​ដី​របស់​ក្រសួង​ការ​បរទេស ​កាល​ពី​ឆ្នាំ​១៩៨១។​

លោក​ថ្លែង​ថា៖ ​«សរុប​សេចក្តី​មក ​ខ្ញុំ​ដឹង​ច្បាស់។​ ផ្ទះ​នោះ​ជា​ផ្ទះ​របស់​ក្រសួង​ការ​បរទេស។ ​មិន​មាន​ការ​អនុញ្ញាត​ផ្តល់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​ដែល​កាល​ណោះ ​សម្តេច​តេជោ ​ហ៊ុន សែន ​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស ​ហើយ​ក៏មិន​មាន​ការ​អនុញ្ញាត​ពី​ខ្ញុំ ​ជា​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស។ ​មុន​ពេល​ខ្ញុំ​ទៅ​ម៉ូស្គូ​ក៏​មិន​បាន​ធ្វើ​លិខិត​ប្រគល់​ផ្ទះ​នោះ​ឱ្យ​ គង់ គាំ ​ក៏​អត់​មាន​ដែរ។ ​លោក ​គង់ គាំ ​យក​ផ្ទះ​នេះ​របស់​ក្រសួង​ការ​បរទេស ​ដោយ​អត់​មាន​ច្បាប់​ទម្លាប់​ទេ ​លួច​ធ្វើ​កម្ម​សិទ្ធិករ​ខ្លួន​ឯង​ទេ»។​

លោក ​ហោ ណាំហុង ​ក៏​បាន​ព្រមាន​ប្តឹង​យក​ដី​នោះ​មក​វិញ​ផង​ដែរ។​

លោក​បញ្ជាក់​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារ​ព័ត៌មាន​ Freshnews ​ថា៖ ​«សរុប​មក ​ផ្ទះ​នេះ​ជា​ផ្ទះ​របស់​ក្រសួង។ ក្រសួង​មាន​សិទ្ធិ​ពេញទី​ទាំង​អស់​ដើម្បី​យក​ផ្ទះ​នេះ​ឱ្យ​ក្រសួង​វិញ​ ដោយ​សារ​ជា​ផ្ទះ​របស់​ក្រសួង»។​

ជា​ការ​ឆ្លើយ​តប ​លោក ​គង់ គាំ ​ទីប្រឹក្សា​របស់​គណបក្ស​ភ្លើងទៀន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​កាល​ណោះ ​លោក​ជា​មន្ត្រី​របស់​ក្រសួង​ការ​បរទេស​ ​ហេតុ​នេះ​ការ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ក្រសួង​ជា​រឿង​ធម្មតា​ ហើយ​ការ​ចូល​ទៅ​រស់​នៅ​របស់​លោក​ក៏​មិន​មែន​ធ្វើ​ឡើង​ដោយ​ឯក​ឯងដែរ ​ប៉ុន្តែ​លោក​ក៏​បាន​ជូន​ដំណឹង​ទៅ​មន្ត្រី​ទទួល​បន្ទុក​របស់​ក្រសួង ​ជា​ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​កាល​នោះ​លោក​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស។​

លោក​បញ្ជាក់​ថា៖ ​«ដូច្នេះ​វា​អត់​មាន​ការ​ចង់​បាន​ អត់​មាន​ការ​លួច​យក​អី​ទេ​គឺ​ថា​ ដោយ​មាន​តួនាទី​ហ្នឹង​ ហើយ​ផ្ទះ​នោះ​ទំនេរ អ៊ីចឹង​ហើយ​ខ្ញុំ​នៅ​ចាំ​ថា​ គេ​ហៅ​ថា​ ​ខ្វះ​ការ​គួរ​សម​អី​ទេ​ គឺ​មុន​ហ្នឹង​សម្រេច​ចូល​មក​នៅ​ផ្ទះ​បច្ចុប្បន្ន​ហ្នឹង​ក៏​បាន​ជូន​ព័ត៌មាន​ទៅ​លោក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ហ្នឹង​ដែរ​ ដែល​គាត់​នៅ​ជា​រដ្ឋ​មន្ត្រី​នៅ​ឡើយ​ហ្នឹង»។​

បើ​តាម​លោក​ គង់ គាំ​ ផ្ទះ​របស់​លោក​ត្រូវ​បាន​ផ្ទេរ​កម្ម​សិទ្ធិ​ឱ្យ​លោក​តាំង​ពី​ឆ្នាំ​១៩៩០ ​ហើយ​កាល​ពី​ឆ្នាំ​២០១៥ ​ក៏​បាន​ចាត់​ចែង​ផ្ទេរ​សាជាថ្មី​ម្តង​ទៀត​ដើម្បី​ឱ្យ​វា​កាន់​តែ​រឹងមាំ។ ​លោក​បញ្ជាក់​ថា ​ការ​លើក​ឡើង​ពី​បញ្ហា​នៅ​ពេល​នេះ​ជា​រឿង​មួយ​ផ្នែក​នៃ​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​នយោបាយ​របស់​លោក ​ដោយ​ហេតុ​ថា ​លោក​ទើប​តែ​បាន​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណ​បក្ស​ប្រឆាំង។​

លោក ​គង់ គាំ ​បន្ត​ថា​ ប្រសិន​បើ​មាន​ការ​ប្តឹង​ផ្តល់​ដើម្បី​ទាមទារ​យក​មក​វិញ​ ទុក​ឱ្យ​មន្ត្រី​ទទួល​បន្ទុក​ជា​អ្នក​សម្រេច​ដោយ​ផ្អែក​ទៅ​លើ​ភស្តុតាង​ និង​ហេតុ​ផល​សមស្រប។​

ទាក់​ទង​នឹង​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោក​ គង់ គាំ​ អះអាង​ថា ​ការ​ប្តឹង​ផ្តល់​លោក​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ពាក់​ព័ន្ធ​ជាមួយ​ការ​ថ្លែង​របស់​លោក​នៅ​ក្នុង​វេទិកា​ខេត្ត​ត្បូងឃ្មុំ​ជា​ការ​មិន​ត្រឹមត្រូវ​ ពីព្រោះ​ថា​ វា​គ្រាន់​តែ​ជា​ការ​បង្ហាញ​សាធារណ​ជន​ឱ្យ​យល់​ដឹង​ពី​ប្រភព​ដើម្បី​ដឹង​គុណ​នៃ​គណបក្ស​នីមួយៗ។

លោក​បញ្ជាក់​ថា៖ ​«ដូច្នេះ​ការ​លើក​ឡើង​របស់​ខ្ញុំ​ថា​ ផឹក​ទឹក​ឱ្យ​នឹក​ប្រភព​ ជ្រក​ម្លប់​ឱ្យ​នឹក​អ្នក​ដាំ​ហ្នឹង ​ចំពោះ​ប្រភព​ហើយ​ និង​អ្នកដាំ​របស់​គណបក្ស​ប្រជាជន​ អាស្រ័យ​លើ​មតិ​សាធារណៈ ​ឬ​សមាជិក​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ខ្លួន​ឯង​ទេ។​ ខ្ញុំ​សំដៅ​តែ​រំឭក​ដល់​សមាជិក ​ហើយ​នឹង​អ្នក​គាំទ្រគណ​បក្ស​ភ្លើងទៀន​ទេ​ដែល​ថា​ ប្រភព​គឺ​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ហើយ​ប្រភព​គឺ​រដ្ឋធម្មនុញ្ញ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ហើយ​អ្នក​ដាំ​គឺ​ខ្មែរ ​អ្នក​ប្រជា​ធិបតេយ្យ​សេរី​តែ​ប៉ុណ្ណឹង​ទេ»។​

លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់​វីអូអេ​ថា ការ​ប្តឹង​ផ្តល់​គ្នា​របស់​អ្នក​នយោបាយ​ ជាទូទៅ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ ​លោក​ជំរុញ​ឱ្យ​អ្នក​នយោបាយ​មាន​ការ​អត់​ឱន​ អធ្យាស្រ័យ​ចំពោះ​គ្នា ​ជា​ពិសេស​ជជែក​គ្នា​ដើម្បី​បង្ក​បរិយាកាស​អំណោយ​ផល​មួយ ​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ខែ​កក្កដា​ ឆ្នាំ​២០២៣​ខាង​មុខ។​

លោក​បញ្ជា​ក់ថា៖ ​«យើង​ជា​អង្គការ​សង្គម​ស៊ីវិល ​យើង​ចង់​ឃើញ​អ្នក​នយោបាយ​ទាំង​អស់​ហ្នឹង​ឈរ​នៅ​លើ​គោល​ការណ៍​មួយ​ជជែក​គ្នា​នៅ​ក្នុង​នាម​ជា​ខ្មែរ ​ជា​ខ្មែរ​ដូច​គ្នា​ដើម្បី​ធ្វើ​ឱ្យ​បរិយាកាស ​ឬ​ក៏​សន្តិភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​មាន​ភាព​ល្អ​ប្រសើរ ​ហើយ​បរិយាកាស​មុន​បោះ​ឆ្នោត​ និង​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ហ្នឹង​ គឺវា​មាន​បរិយាកាស​ល្អ​ ហើ​យ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​ សេរី ​និង​យុត្តិ​ធម៌»។​

បើ​តាម​លោក​ អំ សំអាត​ វប្បធម៌​សន្ទនា​ជា​វិធី​ដ៏​ត្រឹម​ត្រូវ​ដែល​អ្នក​នយោបាយ​គួរ​ដើរ​ដើម្បី​បង្ក​បរិយាកាស​ល្អ​សម្រាប់​ការ​បោះ​ឆ្នោត ​និង​ធានា​ផល​ប្រយោជន៍​ជាតិ៕

XS
SM
MD
LG