ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​បង្គាប់​លោក ​សុន ឆ័យ ​បង់​សំណង​៣០​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ​តាម​ការ​ទាមទារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​


រូប​ឯកសារ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បាន​បដិសេធ​បណ្តឹង​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ​លោក ​សុន ឆ័យ​ ដែល​ស្នើ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ប្រឆាំង​រូប​លោក​ ទាក់​ទិន​ការ​អត្ថាធិប្បាយ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២២។​

ក្នុង​ការ​បដិសេធ​នេះ​ ​សាលា​ឧទ្ធរណ៍​បាន​រក្សា​ទុក​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​តម្រូវ​ឱ្យ​លោក ​សុន ឆ័យ​ សង​ប្រាក់​ខូច​ខាត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ជាង​៧០​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ដល់​១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ទៅ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ការពារ​ក្តី​ឱ្យ​គណបក្ស​កាន់​អំណាច។

ទាំង​លោក​ សុន ឆ័យ ​និង​មេធាវី​របស់​លោក​ចាត់​ទុក​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ​ថា​ មិន​អាច​ទទួល​យក​បាន​ទេ​ និង​ជា​រឿង​អយុត្តិធម៌។​

លោក ​សុន ឆ័យ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​នឹង​បន្ត​តតាំង​ក្តី​នេះ​នៅ​តុលាការ​កំពូល​ ព្រោះ​ការ​ទាម​ទារ​សំណង​ខូច​ខាត​ពី​ភាគី​គណបក្ស​អំណាច​មាន​ចំនួន​ច្រើន​ហួស​ហេតុ​ ដែល​មិន​អាច​លៃ​លក​បាន។​

លោក​ថ្លែង​ថា៖ ​ «មេធាវី​ក៏​បាន​សួរ​ដែរ​ថា​ ហេតុអី​បាន​មក​ទារ​សុន ឆ័យ​ ដល់​១​លាន​[ដុល្លារ]​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ​យ៉ាង​ហោច​ណាស់​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ មិន​ដែល​មាន​បទ​បរិហារកេរ្តិ៍​ហ្នឹង​ ទារ​ដល់​មួយ​លាន។ ​ប៉ុន្តែ​បើ​ខ្ញុំ​មិន​យល់​ច្រឡំ​ទេ​ លោក​មេធាវី​របស់​គណបក្ស​ប្រជាជន​ថា​ ដោយសារ​មិន​ធ្លាប់​មាន​ហ្នឹង​ហើយ​គឺ​ធ្វើ​ឱ្យ​មាន​ម្តង​បាទ»។​

បើ​តាម​លោក ​សុន ឆ័យ​ ការ​អត្ថាធិប្បាយ​របស់​លោក​កន្លង​មក​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នោះ​ មិន​អាច​ឱ្យ​លោក​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ទេ​ ដោយ​ថា​ ​លោក​បាន​យោង​តាម​របាយ​ការណ៍​គណបក្ស​របស់​លោក​ ហើយ​ក៏​មាន​ការ​រិះគន់​ផ្សេង​ទៀត​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​មក​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​អត់​មាន​បរិហារ​កេរ្តិ៍​គណបក្ស​ឬ​ក៏​ស្ថាប័ន​ណា​ទេ។​ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​និយាយ​អំពី​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ ហើយ​ភាព​មិន​ប្រក្រតី​ខ្ញុំ​ មិន​មែន​តែ​ខ្ញុំ​ម្នាក់​និយាយ​ទេ។​ គណបក្ស​ខ្ញុំ​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ ដូច​អ្វី​ដែល​ខ្ញុំ​និយាយ។ ​ខ្ញុំ​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស»។​

លោក​រៀប​រាប់​ទៀត​ថា៖​ «ខ្ញុំ​និយាយ​ភាព​មិន​ប្រក្រតី​ដោយ​យោង​លើ​របាយ​ការណ៍​របស់​គណបក្ស។​ បណ្តឹង​របស់​សកម្មជន​ គណបក្ស​ដែល​នៅ​មូលដ្ឋាន​ ហើយ​ក៏​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​គណបក្ស​នយោ​បាយ​ គេ​រិះ​គន់​...​រួម​ទាំង​អង្គការ​សហ​ប្រជាជាតិ​ផង។​ ដូច្នេះ​ វា​មិន​មែន​ជា​កំហុស​ទេ។​ វា​ជា​ការ​ដែល​យើង​ត្រូវ​តស៊ូ​មតិ​ ដើម្បី​កែ​លម្អ​ស្ថាប័ន​ជាតិ​ ហើយ​នឹង​គណបក្ស​ដែល​កាន់​អំណាច​ហ្នឹង​ឱ្យ​ជួយ​មើល​កូន​ចៅ​នៅ​មូលដ្ឋាន​ហ្នឹង​ កុំ​ឱ្យ​ធ្វើ​ការ​ងារ​អី​ដែល​ប៉ះពាល់​ទៅ​ដល់​ការ​បោះឆ្នោត​សេរី​ និង​យុត្តិធម៌​បាទ»។​

កាល​ពី​ថ្ងៃ​ទី​៧​ ខែ​តុលា​ ឆ្នាំ​២០២២​ ​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឱ្យ​លោក​ សុន ឆ័យ​ ចាញ់​ក្តី​ដើម​បណ្តឹង​ដែល​ជា​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ ដោយ​តម្រូវ​ឱ្យ​បង់​សំណង​ជំងឺ​ចិត្ត​ដល់​គណបក្ស​កាន់​អំណាច​ជា​ទឹក​ប្រាក់​រហូត​ដល់​ប្រមាណ​៧៥​ម៉ឺន​ដុល្លារ​អាមេរិក។ ​ចំណែក​ឯ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប.​ទាមទារ​ឱ្យ​លោក ​សុន ឆ័យ​សុំទោស​ជា​សាធារណៈ។​

មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ សុន ឆ័យ​ គឺ​លោក ​ជូង​ ជូងី​ យល់​ថា ​សេចក្តី​វិនិច្ឆ័យ​របស់​ចៅក្រម​នៃ​សាលា​ឧទ្ធរណ៍​ធ្វើ​ឡើង​ដោយ​តក់​ក្រហល់​ និង​មិន​ស្រប​តាម​នីតិវិធី​ ដោយ​សារ​ចៅក្រម​យក​បណ្តឹង​ពីរ​គឺ​ពី​ភាគី​គ.ជ.ប.​ និង​គណបក្ស​ប្រជាជន​កម្ពុជា​មក​កាត់​ក្នុង​អង្គហេតុ​តែ​មួយ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ ​«គឺ​អង្គ​ហេតុ​តែ​មួយ ​គឺ​ការ​ផ្តល់​បទ​សម្ភាសន៍​តែ​មួយ​ឱ្យThe Cambodia Daily​ ប៉ុន្តែ​មាន​បណ្តឹង​ពីរ​ផ្សេង​គ្នា​ ហើយ​តុលាការ​កាត់​ក្តី​ទៅ​លើ​បណ្តឹង​ពីរ​ផ្សេង​គ្នា​ហ្នឹង​ បាន​ន័យ​ថា​ កាត់​ក្តី​ក្នុង​សំណុំ​រឿង​ពីរ​ផ្សេង​គ្នា​ក្នុង​អង្គហេតុ​តែ​មួយ។​ អា​នេះ​ គឺ​ខុស​គោល​ការណ៍​ច្បាប់​ហើយ​ គោល​ការណ៍​ច្បាប់​ កាល​ណា​អង្គ​ហេតុ​តែ​មួយ​ មិន​កាត់​ក្តី​លើស​ពី​មួយ​ដង​ទេ»។​

លោក​មេធាវី​បន្ថែម​ថា ​ចៅ​ក្រម​ដូច​ជា​បាន​រៀបចំ​សេចក្តី​សម្រេច​ចិត្ត​ទុក​ជាមុន​ ក្នុង​ពេល​បើក​សវនាការ​ជំនុំ​ជម្រះ​បណ្តឹង​របស់​លោក​ សុន ឆ័យ​ កាល​ពី​ថ្ងៃពុធ​ ដោយ​ចៅក្រម​មិន​បាន​មើល​លម្អិត​ទៅ​លើ​ភ័ស្តុតាង​ដោះ​បន្ទុក​ដែល​មេធាវី​ការពារ​ជន​ជាប់​ចោទ​បាន​ដាក់​ចូល​តុលាការ។​

លោក​លើក​ឡើង​ថា៖​ «គឺ​មេ​ធាវី​ធ្វើ​សេចក្តី​សន្និដ្ឋាន​ការពារ​ច្រើន​ណាស់​ ​ប៉ុន្តែ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ តុលាការ​ឬ​សាលា​ឧទ្ធរណ៍​មក​ប្រកាស​តែ​ម្តង​បាន​ន័យ​ថា​ គាត់​អត់​មាន​ពេល​វេលា​ច្បាស់​លាស់​យក​ទៅ​ពិចារណា​ ទៅ​នឹង​ការ​សន្និដ្ឋាន​របស់​មេធាវី​ដោះ​បន្ទុក​ ហើយ​នឹង​អត់​មាន​ពេល​វេលា​សមរម្យ​ទៅ​ពិចារណា​ពី​ភ័ស្តុតាង​ដោះ​បន្ទុក​ទេ​ គឺ​គាត់​ហាក់​ដូច​ជា​មាន​ការ​វិនិច្ឆ័យ​ទុក​ជា​មុន។​ អ៊ីចឹង​ គឺ​គ្រាន់​តែ​សម្រាក​បន្តិច ​ ប្រកាស​សេចក្តី​សម្រេច​ទាំង​យប់​តែ​ម្តង។​ នេះ​ជា​ភាព​មិន​ប្រក្រតី​នៃ​ការ​វិនិច្ឆ័យ​សេចក្តី​របស់​សាលា​ឧទ្ធរណ៍»។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​គី តិច ​មេធាវី​ការពារ​ក្តី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​តែ​មិន​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​បាន​ផ្ញើ​តាម​តេឡេក្រាម​ទេ។​ វីអូអេ​ក៏​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ លោក​ ប្លង់ សំណាង ​តាម​ទូរស័ព្ទ​បាន​ដែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

គួរ​រំឭក​ថា ​ការ​ជំនុំ​ជម្រះ​បណ្តឹង​សាទុក្ខ​របស់​លោក​សុន ឆ័យ នៅ​សាលា​ឧទ្ធរណ៍​ ធ្វើ​ឡើង​ក្រោយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​មួយ​បង្គាប់​ឱ្យ​រឹបអូស​ទ្រព្យ​សម្បតិ្ត​ជា​អចលន​វត្ថុ​ពីរ​កន្លែង​របស់​លោក ​សុន ឆ័យ​ ទុក​ជា​បណ្តោះ​អាសន្ន។ ​ ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​មេធាវី​គណ​បក្ស​ប្រជាជន​កម្ពុជា ​ក្រោម​ហេតុ​ផល​ថា​ លោក ​សុន ឆ័យ​ មាន​ចិត្ត​រឹង​ទទឹង ​មិន​គោរព​ទៅ​តាម​ច្បាប់ ​និង​គ្មាន​ឆន្ទៈ​នៅ​ក្នុង​ការ​បង់​សង​ជំងឺ​ចិត្ត​ទៅ​តាម​អ្វី​ដែល​តុលាការ​បាន​សម្រេច។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​ អំ សំអាត​ កត់​សម្គាល់​ថា​ ក្តីក្តាំ​លោក ​សុន ឆ័យ​ ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ចរិត​នយោបាយ​ជា​ជាង​ការ​អនុវត្ត​ច្បាប់​ ហើយ​បើរឿង​នេះ​នៅ​បន្ត​ដោះ​ស្រាយ​តាម​ប្រព័ន្ធ​តុលាការ​នោះ​ ​ វា​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​បរិយាកាស​នយោបាយ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ​និង​នាំ​ឲ្យ​ការ​រិះគន់​បន្ថែម​ទៀត៕

XS
SM
MD
LG