ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ UDG​ ការពារ​គម្រោង​អភិវឌ្ឍ​របស់​ខ្លួន​ ខណៈ​ពលរដ្ឋ​បន្ត​ទាមទារ​ដំណោះ​ស្រាយ​ជម្លោះ​ដីធ្លី


រូបភាព​នៃ​ព្រលាន​យន្តហោះ​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) ក្នុង​ខេត្តកោះកុង។ (ស៊ុន ណារិន/វីអូអេ)

ក្រោយ​ទទួល​រង​ទណ្ឌ​កម្ម​របស់​សហ​រដ្ឋ​អាមេរិក​ ក្រោម​ច្បាប់​ម៉ានីតស្គី​ (Global Magnitsky)​ នោះ​ក្រុមហ៊ុន​ចិន​ យូញៀន ឌីវេឡុបមេន គ្រុប ឬ Union Development Group ​(UDG) ​បាន​ថ្លែង​ការពារ​គម្រោង​វិនិយោគ​របស់​ខ្លួន​នៅ​ខេត្ត​កោះកុង​ថា​ ជា​ការ​វិនិយោគ​បម្រើ​ប្រយោជន៍​ជន​ស៊ីវិល ​និង​គ្មាន​ការ​រំលោភ​សិទ្ធិ​ដីធ្លី​របស់​ពលរដ្ឋ​ ហើយ​ក៏​គ្មាន​ផែនការ​ប្រែក្លាយ​តំបន់​នោះ​ទៅ​ជា​ទីតាំង​របស់​កងទ័ព​ជើង​ទឹក​ចិន​នោះ​ដែរ។​

កាល​ពី​ថ្ងៃ​អង្គារ ​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ Union Development Group ​ដោយសារ​តែ​ការ​រឹបអូស​យក​ដីធ្លី​និង​បំផ្លាញ​លំនៅដ្ឋាន​ពលរដ្ឋ​កម្ពុជា ​នៅ​ខេត្ត​កោះកុង ​ដើម្បី​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេសចរណ៍​ធម្មជាតិ​ តារា​សាគរ មាន​ទឹកប្រាក់​ជិត ​៤ ​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

សហ​រដ្ឋ​អាមេរិក​ក៏​បាន​ចោទ​ក្រុមហ៊ុន ​UDG​ ថា ​មាន​ជាប់​ពាក់​ព័ន្ធ​រដ្ឋ​ចិន ​និង​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ ​ហើយ​ថែម​ទាំង​អះអាង​ថា ​ខ្លួន​មាន​ «របាយ​ការណ៍​គួរ​ជាទី​ទុកចិត្ត» ​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ថា​ «គម្រោង​តារា​សាគរ» ​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោល​បំណង​យោធា​របស់​ចិន​ទៀត​ផង។​

ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ UDG​ បាន​បដិសេធ​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សហ​រដ្ឋ​អាមេរិក​ ហើយ​បាន​ចោទ​អាមេរិក​វិញ​ថា ​បាន​ប្រតិដ្ឋ​ព័ត៌មាន​ដែល​មិនមែន​ជា​ការពិត​ទាល់​តែ​សោះ។​

បើ​តាម​សេចក្តី​ប្រកាស​ចំនួន ​៦ ​ទំព័រ​របស់​ក្រុមហ៊ុន ​UDG ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ឈ្មោះ Fresh News​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​ចិន​នេះ​បាន​អះអាង​ថាទាក់ទង​នឹង​ការ​ដាក់​ទណ្ឌកម្ម​នេះ​«ក្រុមហ៊ុន​យើង​ខ្ញុំ​សូម​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​និង​ជំទាស់​ជា​ដាច់​ខាត។​ ការ​ចោទ​ប្រកាន់​ទោស​ពី​ភាគី​សហ​រដ្ឋ​អាមេរិក​មក​លើ​ក្រុមហ៊ុន​យើង​ខ្ញុំ ​គឺ​គ្មាន​មូលដ្ឋាន​ពិត​ប្រាកដ ​និង​មិនមាន​តម្លៃ​គួរ​ឲ្យ​ឆ្លើយ​តប​វិញ​ទេ»។​

ក្រុមហ៊ុន ​UDG​ ក៏​ផ្តល់​សេចក្តី​ពន្យល់​និង​ការ​បំភ្លឺ​រឿង​ការ​ចោទ​ប្រកាន់​របស់​សហ​រដ្ឋ​អាមេរិក​ ដែល​មាន​លក្ខណៈ​រសើប​មួយ​ចំនួន ​ពាក់​ព័ន្ធ​នឹង​កម្ម​សិទ្ធិ​ក្រុមហ៊ុន​ការ​រំលោភ​សិទ្ធិ​ដីធ្លី​ និង​មូលដ្ឋាន​កងទ័ព​ចិន។​

ទាក់ទិន​បញ្ហា​កម្ម​សិទ្ធិ​ ក្រុមហ៊ុន​ UDG ​បាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​ Tianjin Union Investment Development Group Co., Ltd.​ នៃ​ប្រទេស​ចិន ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​១៩៩៤ ​ជា​សហគ្រាស​ឯកជន​នៅ​លើ​ទឹកដី​ទីក្រុង​ធានជីន​ផ្ទាល់ ​និង​ផ្តោត​លើ​ការ​អភិវឌ្ឍ​អចលន​ទ្រព្យ​ ដោយ​គ្មាន​ភាគហ៊ុន​រដ្ឋចិន​ចូលរួម​ឡើយ។​

ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋអាមេរិក អះអាង​ថា​ ក្រុមហ៊ុន ​UDG​ បាន​ទន្ទ្រាន​និង​បំផ្លិច​បំផ្លាញ​ដីធ្លី​របស់​ប្រជា​ពលដ្ឋ​មូលដ្ឋាន​ ដើម្បី​យក​មក​សង់​គម្រោង​ ដោយ​ថែម​ទាំង​មាន​ការ​សហការ​ជាមួយ​នាយ​ឧត្តម​សេនីយ៍​ គន់ គីម ​នោះ​ក្រុមហ៊ុន​បាន​អធិប្បាយ​ថា​ ​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០០៩ ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈ​កម្មាធិការ​អន្តរក្រសួង ​ដែល​ទទួល​ខុសត្រូវ​ផ្ទាល់​ចំពោះ​ការ​រុះរើ​ការ​តាំង​ទីលំនៅ ​និង​ការ​ប៉ះប៉ូវ​សំណង​របស់​ប្រជា​ពលរដ្ឋ​នៅក្នុង​តំបន់​គម្រោង​ក្រុមហ៊ុន​ ហើយ​មិន​ដែល​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ណាមួយ​តាម​រយៈ​លោក ​គន់ ​គីម ​ឡើយ។​

ក្រុមហ៊ុន​ UDG​ ចោទ​អាមេរិក​ថា៖​ «ភាគី​សហ​រដ្ឋ​អាមេរិក​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ផ្សព្វផ្សាយ​ពាក្យ​ចចាម​អារាម​ និង​និយាយ​បង្កាច់​បង្ខូច​កេរ្តិ៍​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​អធិបតេយ្យ​ គឺ​ជា​ទង្វើ​គ្មាន​បន្ទាត់​សីលធម៌​ជា​ទីបំផុត»។​

ទាក់​ទិន​បញ្ហា​មូលដ្ឋាន​ទ័ពជើង​ទឹកចិន​នោះ ក្រុមហ៊ុន ​UDG ​ដដែល​ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​អភិវឌ្ឍ​គម្រោង​របស់​ខ្លួន ​ដែល​ក្នុង​នោះ​ក៏​មាន​ការ​សាង​សង់​ព្រលាន​យន្ត​ហោះ​ និង​កំពង់​ផែទឹក​ជ្រៅ​នោះ​ បាន​អះអាង​ថា ​«ទាំង​អាកាស​យានដ្ឋាន​និង​កំពង់​ផែ​តារា​សាគរ​គឺ​សម្រាប់​[ការ]​ប្រើ​ប្រាស់​ស៊ីវិល​ ហើយនឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ពិភពលោក»។​

ក្រុមហ៊ុន​ចិន ​UDG ​បាន​បញ្ជាក់​បន្ថែម​នៅ​ត្រង់​ចំណុច​នេះ​ថា​ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​បង្កើត​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ។​ ហើយ​ភាគី​កម្ពុជា​ក៏​បាន​រៀបចំ​គណៈ​ប្រតិភូ​មន្ត្រី​ការទូត ​និង​គណៈ​ប្រតិភូ​សេនានុព័ន្ធ​របស់​ប្រទេស​នានា ​ដែល​ប្រចាំ​នៅ​កម្ពុជា ​រួមទាំង​មន្ត្រី​ការទូត​ពី​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​ មក​ធ្វើ​ទស្សន​កិច្ច​ផ្ទាល់​នៅ​ទីតាំង​គម្រោង​របស់​ក្រុមហ៊ុន​ផង​ដែរ។​

ក្រុមហ៊ុន​ UDG ​បាន​ចោទ​សួរ​ថា៖​ «តើ​វា​ជា​មូលដ្ឋាន​យោធា​ឬ​អត់ អ្នក​ទាំងអស់​អាច​ធ្វើការ​ជជែក​វែក​ញែក​ដោយ​ខ្លួន​ឯង​បាន»។​

ក្រុមហ៊ុន​ UDG​ ក៏​បាន​ថ្លែង​បញ្ឈឺ​សហ​រដ្ឋ​អាមេរិក​វិញ​ថា​ ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​ហ៊ុន​មក​ពី​ទូទាំង​ពិភព​លោក ​រួមទាំង​ក្រុមហ៊ុន​អាមេរិក​ផង​ដែរ​មក​វិនិយោគ​នៅ​តារា​សាគរ​ «ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​អស់​គ្នា​ និង​ការ​អភិវឌ្ឍ​រួម​គ្នា»។​

រូបឯកសារ៖ តំបន់កម្សាន្តឆ្នេរសមុទ្រដែលអភិវឌ្ឍដោយក្រុមហ៊ុនចិនUDG។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ តំបន់កម្សាន្តឆ្នេរសមុទ្រដែលអភិវឌ្ឍដោយក្រុមហ៊ុនចិនUDG។ (ស៊ុន ណារិន/វីអូអេ)

មុន​ការ​ចេញ​មក​បក​ស្រាយ​បំភ្លឺ​របស់​ក្រុមហ៊ុន ​UDG ​នេះ​ ​ អ្នក​នាំពាក្យ​របស់​គណបក្ស​កាន់​អំណាច​គឺ​លោក ​សុខ ឥសាន ​បាន​បង្ហាញ​ជំហរ​ការពារ​គម្រោង​វិនិយោគ​តារា​សាគរ​ ហើយ​ថាបញ្ហា​មួយ​ចំនួន​ដែល​កើត​មាន​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ចិន​នេះ ​រួម​មាន​វិវាទ​ដីធ្លី​នោះ​ មិន​អាច​ចាត់​ទុក​ថា​ជា​ការ​រំលោភ​សិទិ្ធ​មនុស្ស​បាន​ទេ។​

លោក​ សុខ ឥសាន ​ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ ក៏​បាន​អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រែ​ក្លាយ​តំបន់​តារា​សាគរ​នោះ​ជា​តំបន់​សេដ្ឋ​កិច្ច​ ដោយ​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ទីតាំង​នោះ​ក្លាយ​ជា​មូលដ្ឋាន​យោធា ​ដើម្បី​បម្រើ​មហា​អំណាច​ណា​មួយ​នោះ​ឡើយ។

លោក​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​ដីធ្លី​ដែល​កើត​មាន​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ​UDG ​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​ចាត់​ការ​ជា​បណ្តើរៗ​រួច​ហើយ។​

ក៏​ប៉ុន្តែ ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង​ដែល​មិន​ទាន់​បាន​ដំណោះ​ស្រាយ​សម្រាប់​ទំនាស់​ដីធ្លី​របស់​ពួក​គេ​ ដែល​មាន​រយៈ​ពេល​ជាង ​១០​ ឆ្នាំ ​មក​ហើយ​នោះ​ យល់​ថា ការ​បកស្រាយ​របស់​ក្រុមហ៊ុន​និង​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច ​មិន​ត្រឹមត្រូវ​ទាំង​ស្រុង​នោះ​ទេ។​

អ្នក​ស្រី​ សាំង ពុយ វ័យ​ ៣៨​ ឆ្នាំ ​រស់​នៅ​ឃុំ​កោះ​សេ្តច ​ស្រុក​គិរីសាគរ ​ដែល​មាន​វិវាទ​ដីធ្លី​ទំហំ​ ២៥​ ហិកតា ​ជាមួយ​ក្រុមហ៊ុន ​UDG ​អស់​រយៈ​ពេល​ ១២ ​ឆ្នាំ​មក​ហើយ​នោះ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ប្រជា​ពលរដ្ឋ​បាន​ទទួល​ផល​លំបាក​ខាង​ជីវភាព ​ច្រើន​ជាង​ទទួល​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ពី​គម្រោង​របស់​ក្រុមហ៊ុន​ចិន​នេះ។​ អ្នកស្រី​មាន​ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ​បាន​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ​ទាំង​បង្ខំ​ចិត្ត​ផង​ដែរ។​

«ប្រជា​ពលរដ្ឋ​តាម​ពិត​គាត់ ​ក៏​មិន​ចង់​ចាក​ចេញ ​មិន​ចង់​ចាក​ចេញ​ពីលំនៅដ្ឋាន​គាត់​ដែរ​ ​ប៉ុន្តែ​កាល​ពី​មុន​[រដ្ឋាភិបាល] ​គឺ​បាន​បង្ខិត​បង្ខំ​ថា​ កន្លែង​នេះ​ គឺ​ក្រុមហ៊ុន​វិនិយោគ​ហើយ​ ត្រូវ​តែ​ឲ្យ​គេ។​ តែ​ការ​បង្ខិត​បង្ខំ​អ៊ីចឹង។ ​គេ​បាន​សិទ្ធិ​វិនិយោគ​របស់​គេ។ ​អ៊ីចឹង​គាត់​ទៅ​ដោយ​បង្ខំ​ចិត្ត ហើយ​សំណង​ក៏​បាន​តិច​តួច​ ហើយ​ទៅ​នៅ​លើ​ហ្នឹង​ខុស​ពី​ភូមិ​សាស្ត្រ​គាត់​ចាស់។​ ភូមិសាស្ត្រ​គាត់​នៅ​ខាង​ក្រោម​នេះ​គាត់ គាត់​រក​ស៊ី​នេសាទ។ ភាគ​ច្រើន​គាត់​នេសាទ ​ហើយ​គាត់​ចម្ការ​ដល់​ខែ​នេសាទ​ ខែ​រដូវ​អី​ គាត់​ទៅ​ធ្វើ​នេសាទ​បាន​ ហើយ​គាត់​ធ្វើ​ចម្ការ​ទៀត»។

អ្នកស្រី​លើក​ឡើង​ទៀត​ថា​ ទាំង​អ្នកស្រី​ផ្ទាល់​និង​ក្រុម​ប្រជា​ពលរដ្ឋ​ នឹង​មិន​អាច​បញ្ឈប់​បាន​ទេ​ការ​តវ៉ា​ទាមទារ​រក​ដំណោះ​ស្រាយ​ដីធ្លី​នោះ​ ព្រោះ​ដី​របស់​អ្នកស្រី​និង​ប្រជា​ពលរដ្ឋ​ឯ​ទៀត​មាន​បណ្ណកម្ម​សិទ្ធិ​ត្រឹមត្រូវ​ មិន​អាច​ឲ្យ​ក្រុមហ៊ុន​យក​ទៅ​បាន​ដោយ​ស្រួល​ និង​គ្មាន​សំណង​សមស្រប​នោះ​ឡើយ។ ​អ្នកស្រី​អះអាង​ថា​ ក្នុង​ស្រុក​គិរី​សាគរ ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជាង ​២០០ ​គ្រួសារ​ទៀត ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ពី​វិវាទ​ដីធ្លី​របស់​ពួកគេ​នៅ​ឡើយ។​

«មិន​ត្រឹមតែ​បង​ទេ​ ទាំង​ប្រជា​ពលរដ្ឋ​ទាំង​អស់​រាប់​រយ​គ្រួសារ​ហ្នឹង​ណា៎​ គេ​នៅ​តែ​ទាម​ទារ​របស់​គេ​ ព្រោះ​សិទ្ធិ​របស់​គេ​ស្រប​ច្បាប់​ ហើយ​យក​របស់​គេ​ទាំង​ស្រស់ៗ។ ​វាអត់​យុត្តិធម៌»។​

វីអូអេ ​មិន​អាច​សុំការ​អធិប្បាយ​ពី​លោក​ស្រី​ មិថុនា ភូថង​ អភិបាល​ខេត្ត​កោះកុង​ បាន​ទេ ដោយសារ​លោក​ស្រីមិន​លើក​ទូរស័ព្ទ។ ​វីអូអេ​ ក៏មិន​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន ​UDG ​តាម​លេខ​ទំនាក់​ទំនង ​ដែល​មាន​នៅ​លើ​គេហ​ទំព័រ​របស់​ក្រុមហ៊ុន​នេះ​បាន​ដែរ។​

ក្រុមហ៊ុន​ Union Development Group ​ទទួល​បាន​ដី​សម្បទាន​ចំនួន ​៣៦.០០០​ ហិកតា​ កាល​ពី​ឆ្នាំ​ ២០០៨​ សម្រាប់​ជួល​រយៈ​ពេល ​៩៩ ​ឆ្នាំ​ ដើម្បី​អភិវឌ្ឍ​គម្រោង​តារាសាគរ​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​ គឺ​ស្រុក​បទុម​សាគរ​ និង ​គិរីសាគរ​ ខេត្ត​កោះកុង។​

ទោះបី​ក្រុមហ៊ុន​នេះ​បាន​ប្រកែក​ថា​ ខ្លួន​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ចិន​ក៏​ដោយ​ ក៏​អ្នក​សិក្សា​ស្រាវជ្រាវ​វិស័យ​ការពារ​ជាតិ​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក ​ធ្លាប់​បាន​បញ្ជាក់​កន្លង​មក​ថា​ «តំបន់​អភិវឌ្ឍន៍​ខ្នាត​ធំ​ខាង​លើ​របស់​ក្រុមហ៊ុន​ UDG​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​កុម្មុយនីស្ត​ចិន​ និង​ជា​ផ្នែក​មួយ​នៃ​គម្រោង​ការ​យុទ្ធសាស្ត្រ​សន្តិសុខ ​និង​ភូមិ​សាស្ត្រ​នយោបាយ​របស់​ចិន​ នៅ​ក្នុង​តំបន់​ចុង​បូព៌ា​ ដូច​ជា​គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជ​កម្ម​របស់​ចិន ឬ ​Belt and Road Initiative​ ជាដើម»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG