ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ចង់​ឱ្យ​កែទម្រង់​ស្ថាប័ន​បោះឆ្នោត​មុន​ចូល​ប្រជុំ​សភា


ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ខេត្ត​ព្រៃវែង​។
ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ខេត្ត​ព្រៃវែង​។

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដែល​មាន​អង្គការ​ជា​សមាជិកចំនួន​២០​បាន​ជំរុញប​ន្ថែម​ទៀត​ឲ្យគណ​បក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ពង្រឹង​សិទ្ធិ​អំណាច​និង​ឯករាជ្យភាព​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ ព្រម​ទាំង​ស្នើ​ឲ្យគណបក្ស​ទាំង​ពីរ​ពន្យារ​ពេល​កិច្ចប្រជុំ​សភា​រហូត​ដល់​មាន​ការ​ចុះ​សម្រុង​គ្នា​ពេញ​លេញ​លើ​ផ្នែក​នយោបាយ។

​នៅ​ក្នុង​លិខិត​ចំហ​ជូន​គណបក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​បាន​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ​ចំនួន​៦​មាត្រា ​និងធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ស្តី​ពី​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រសរុប​ចំនួន​១៣៩​មាត្រា។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​នឹង​ផ្ញើ​លិខិត​ចំហ​និង​ឯកសារសំណើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ល្ងាច​នេះ។​ ក៏​ប៉ុន្តែ​មន្រ្តី​នៃ​គណបក្ស​ទាំង​ពីរ​អះអាង​ដូចគ្នា​ថាគណបក្ស​ពួក​ខ្លួន​មិន​ទាន់​បាន​ទទួល​ឯកសារ​ទាំង​នោះ​ទេ។

លោកយ៉ង់ គឹម​អេង ​ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ ​អភិវឌ្ឍន៍​និង​សន្តិភាព​បានអាន​លិខិត​ចំហ​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ល្ងាចនេះ​ថា​គណបក្ស​ទាំងពីរត្រូវ​ធ្វើ​ច្បាប់​ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត(គជប)​ឲ្យ​បាន​ពេញ​លេញ។

«ស្ថាប័ន​នេះ​ត្រូវ​តែ​ជា​ស្ថាប័ន​តែ​មួយ​ដែល​ទទួល​ខុស​ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោតឬ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោតនិង​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើត​គណៈកម្មការ​ផ្សេងៗ​ទៀត​ដើម្បី​ប្រសិទ្ធ​ភាព​នៃ​ស្ថាប័ន​នេះ​រួម​ទាំង​ការ​បង្កើត​យន្តការ​ដាច់​ដោយ​ឡែក​ដោះ​ស្រាយ​វិវាទ​បោះ​ឆ្នោតនិង​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​អំឡុង​ពេល​បោះឆ្នោត»។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទើប​តែ​បាន​ព្រម​ព្រៀងគ្នា​បញ្ចប់​ជម្លោះ​នយោ​បាយ​និង​បាន​ព្រមព្រៀង​គ្នា​កែទម្រង់​ការ​បោះឆ្នោត​និង​រុះរើ​សមាសភាព​គជប ​ឡើង​វិញ​ដោយ​សមាស​ភាព​គជប ​នឹង​មាន​៤រូប​មកពី​គណបក្ស​ប្រជាជន​និង​គណបក្សសង្គ្រោះ​ជាតិ​បួនរូប​និង​សមាសភាព​គ.ជ.ប​ មួយរូប​ត្រូវ​ជ្រើសរើស​ដោយ​មាន​ការព្រមព្រៀង​ពី​គណបក្ស​ទាំងពីរ​និង​ត្រូវ​ជា​បុគ្គល​ឯករាជ្យ។

ដោយ​ឡែក​គណបក្ស​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​ចែក​តួនាទី​ដឹកនាំ​គណៈកម្មការ​ក្នុង​រដ្ឋសភា​ចំនួន​ប្រាំ​ទាំង​សងខាង​និង​អនុប្រធាន​សភា​ទី១​បាន​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ។

​នៅ​ក្នុង​លិខិត​ចំហ​ដដែល​សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះ​ឆ្នោត​បាន​ស្នើ​ឲ្យ​គណបក្ស​ទាំងពីរកុំ​ប្រញាប់​ប្រញាល់​ចាប់​ផ្តើម​កិច្ច​ប្រជុំសភា​ដោយ​រង់​ចាំ​គណៈកម្មការ​ចំរុះ​ទ្វេភាគី​ធ្វើ​កិច្ចការ​ចប់​សព្វគ្រប់​លើ​វិសោធនកម្ម​ច្បាប់​នានា​រួចរាល់​ជាមុន។​ ហើយ​ជាមួយគ្នា​នេះ​សង្គម​ស៊ីវិល​គួរត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​តាមដាន​និង​ត្រួតពិនិត្យ​និង​ផ្តល់​យោបល់​លើ​ដំណើរការ​នេះ​ផង​ដែរ។

​ទាំង​លោក​ យ៉ែម បុញ្ញឫទ្ធិ ​តំណាងរាស្រ្ត​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រការ​ជំរុញ​នេះ។

«វា​ជា​បំណង​របស់​យើង​ដែរ។​ ដូច្នេះ​យើង​មើល​ទៅ​មិន​ខុស​គ្នា​អ្វី​ពី​បំណង​របស់​សង្គម​ស៊ីវិល​ទេ»។

ដោយ​ឡែក​លោកជាម យៀប ​បាន​ស្វាគមការ​ស្នើ​នេះប៉ុន្តែ​លោក​បញ្ជាក់​ថាគណបក្ស​ទាំងពីរ​ត្រូវ​អនុវត្តន៍​តាម​កិច្ចព្រមព្រៀង​និង​គោលការណ៍​ច្បាប់។

«ចាំ​បាច់​យក​ច្បាប់​ជា​មូល​ដ្ឋាន​ហើយ​យក​អ្វី​ដែល​ជា​ការ​ស្រុះ​ស្រួល​គ្នា​នៃ​គណបក្ស​ទាំង​ពីរ​ធ្វើ​ជា​មូលដ្ឋាន។ ​ពិសេស​កិច្ច​ព្រម​ព្រៀង​ថ្ងៃ​ទី​២២​ខែ​កក្កដា»។

ជាមួយ​គ្នា​នេះ​ដែរ​សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះ​ឆ្នោត​បាន​ស្នើថា​សមាជិក​គជប ​គួរ​ទទួល​បានអភ័យ​ឯកសិទ្ធិ​ដូច​សមាជិក​សភា។ ​មួយវិញ​ទៀត​ក្រុម​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ផ្អាក​ដំណើរការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី។ ​ការ​ចុះ​បញ្ជី​ដែល​គ្រោង​នឹង​ធ្វើ​នៅខែ​តុលា​ឆ្នាំ​នេះ។

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯកភាព​គ្នា​ថា​នឹង​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឡើងវិញ​ដោយ​មិន​យក​បញ្ជីឈ្មោះ​អ្នក​បោះឆ្នោត​ដែល​ធ្លាប់​ប្រើប្រាស់​កន្លង​មក​នោះ​ទេ។​ បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ចាស់​នោះ​ទទួល​រងការ​រិះគន់​ថា​មាន​ចេតនា​នយោបាយ៕

XS
SM
MD
LG