ក្រុមអង្គការសង្គមស៊ីវិលនិងគណបក្សនយោបាយដែលមិនបានជាប់ឆ្នោតក្នុងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំពី២០១៣ បានហៅការរៀបចំសមាសភាពថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)ថា ទំនងគ្រាន់តែជាការចែកអំណាចគ្នារវាងគណបក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំតុមូលមួយស្តីពីការវាយតម្លៃទៅលើកិច្ចព្រមព្រៀងរវាងគណបក្សកាន់អំណាចទាំងពីរដែលរៀបចំដោយសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៅព្រឹកថ្ងៃព្រហស្បត៍។ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនេះមានអង្គការជាសមាជិកចំនួន២០អង្គការ។
លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ថ្លែងថានីតិវិធីក្នុងការជ្រើសរើសសមាជិកគ.ជ.បថ្មីស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។
ជាមួយគ្នានេះលោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា និងជាសមាជិករបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានសម្តែងការសោកស្តាយនៅពេលដឹងថាគណបក្សនយោបាយជាប់ឆ្នោតទាំងពីរបានព្រមព្រៀងដោយរើសសមាសភាពគជបថ្មី៨នាក់ចេញពីគណបក្សនយោបាយ។
លោកបន្ថែមថាលោកចង់ឃើញសមាជិកថ្មីចុះហត្ថលេខា ហើយសន្យាថានឹងធ្វើការដោយយុតិ្តធម៌ ឯករាជ្យ ដាច់ខាតប្រឆាំងអំពើពុករលួយ មិនមែនជាអ្នកដែលមានមុខតំណែងក្នុងស្ថាប័នសាធារណៈ និងដាច់ខាតកុំឲ្យជ្រើសរើសក្រុមគ្រួសារសាច់ញាតិរបស់អ្នកមានអំណាច។
«យើងចាប់ផ្តើមដំបូងរបស់សង្គមស៊ីវិលតែការចង់បាននេះយើងមិនទទួលបានទេ។ យើងចង់បានគជបហ្នឹងឯករាជ្យទាំងស្រុងមិនចេញមកពីគណបក្សនយោបាយទេ»។
កាលពីថ្ងៃទី២២ខែកក្កដាមេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានឈានដល់កិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។
ក្នុងចំណោមកិច្ចព្រមព្រៀងនានា គណបក្សទាំងពីរបានឯកភាពជ្រើសរើសសមាសភាពគជបថ្មីតាមរូបមន្ត ៤-៤-១ ឬមានន័យថាក្នុងសមាជិកគជបថ្មីនឹងមាន៤នាក់មកពីគណបក្សប្រជាជនកម្ពុជា ៤នាក់មកពីគណបក្សសង្គ្រោះជាតិ និងម្នាក់ទៀតមកពីស្ថាប័នឯករាជ្យ។
ក្នុងកិច្ចប្រជុំតុមូលមានគណបក្សនយោបាយចំនួន៥បានចូលរួមក្នុងកិច្ចពិភាក្សាក្នុងនោះមានគណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ីនប៉ិច គណបក្សខ្មែរឈប់ក្រ គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋខ្មែរ។
លោក ញ៉ឹក ប៊ុនឆៃអគ្គលេខាធិការគណបក្សហ៊្វុនស៊ីនប៉ិចហៅរូបមន្តជ្រើសរើសសមាសភាពគជបថ្មីព្រមព្រៀងដោយគណបក្សប្រជាជនកម្ពុជានិងសង្គ្រោះជាតិថាមិនបានឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅឡើយ។
«ច្បាស់ជាការអនុវត្តនៅពេលនេះគឺសំដៅទៅយកចំណុចតុល្យភាពនយោបាយហើយ។សមាសភាពចម្រុះរវាងបក្សធំៗទាំងពីរហ្នឹងហើយដែលរៀបចំ»។
លោកស៊ុន ណារិទ្ធ តំណាងគណបក្សខ្មែរឈប់ក្រដែលបានចូលរួមក្នុងកិច្ចពិភាក្សាដែរនោះជឿជាក់ថាបុគ្គលមានអំណាចនឹងនៅតែបន្តលូកចូលក្នុងកិច្ចការរបស់គជបថ្មី។
«មានន័យថាមាន៩រូបហ្នឹងក៏ដោយនៅពេលអ្នកមានអំណាចលូកដៃចូលក្នុងគណៈកម្មាធិការនេះ មានន័យថា៩រូបនោះអត់ប្រយោជន៍»។
ដោយឡែកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋខ្មែរវិញក៏បានសម្តែងមតិស្រដៀងគ្នានេះដែរ។ តំណាងនៃគណបក្សទាំងពីរចង់ឲ្យមានការចែងពីតួនាទី និងការទទួលខុសត្រូវរបស់សមាជិកគ.ជ.បថ្មីឲ្យបានច្បាស់លាស់ ហើយត្រូវចែងច្បាប់ដាក់ទោសដល់សមាជិកណាដែលប្រព្រឹត្តខុស។
លោកគួយ ប៊ុនរឿនតំណាងមន្ត្រីមកពីគណបក្សសង្រ្គោះជាតិទទួលស្គាល់ថាមានការងារមួយចំនួនដែលគណបក្សរបស់លោកនៅមិនទាន់អាចធ្វើការឲ្យបានល្អគ្រប់សព្វ។
ក៏ប៉ុន្តែលោកបញ្ជាក់ថាការងារភាគច្រើនត្រូវរង់ចាំរហូតដល់ពេលរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតត្រូវបានកែប្រែជាមុនសិន។
មិនមានតំណាងគណបក្សប្រជាជនកម្ពុជាចូលក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បត៍នេះទេ។ ក៏ប៉ុន្តែលោកឈាង វ៉ុនមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាថ្លែងថាប្រសិនបើគ្មានការចែកការងារគ្នារវាងគណបក្សទាំងពីរដើម្បីធ្វើការងារនោះទេអ្វីៗក៏មិនអាចដំណើរការបានដែរ។
«បើមិនបែងចែកអំណាចមិនដឹងរៀបចំក្បាលម៉ាស៊ីនធ្វើការយ៉ាងម៉េច។ ទៅយកពីណាមកធ្វើការខ្ញុំអត់យល់។ គេខំឃោសនាអ្វីៗទាំងអស់ហ្នឹងដើម្បីអំណាចហ្នឹងហើយមួយៗ»។
យ៉ាងណាមិញលោកបណ្ឌិតឡៅ ម៉ុងហៃអ្នកវិភាគនយោបាយឯករាជ្យថ្លែងថាគេមិនអាចរកភាពឯករាជ្យរបស់គជបថ្មីបានទេនៅពេលដែលសមាជិកត្រូវបានចាត់តាំងពីគណបក្សនយោបាយ។
«តើទៅឯករាជ្យម៉េចកើតបើមានចាត់តាំងពីគណបក្សនយោបាយហ្នឹង តើហេតុអ្វីគណបក្សហ្នឹងត្រូវការបួនបួនហ្នឹងដើម្បីអ្វី? វាមានមូលហេតុហើយ។អាហ្នឹងហើយប្រទាញប្រទង់គ្នា»។
រហូតមកទល់ពេលនេះគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាមិនទាន់បង្ហាញជាសាធារណៈនៅឡើយអំពីបេក្ខជនដែលត្រូវតែងតាំងជាសមាជិកគជបនោះ៕