ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​គណបក្ស​ប្រជាជន​អនុម័ត​ថវិកា​ឆ្នាំ​២០១៤

  • ហេង រស្មី

ព្រះមហាក្សត្ស​ព្រះបាទ នរោត្តម សីហមុន្នី ​និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ថត​រួម​គ្នា​នៅ​ក្នុង​ថ្ងៃបើក​ប្រជុំ​សភា​ជា​លើ​ក​ដំបូង តាំងពី​ការបោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ​២០១៣ ដោយ​មិន​មាន​វត្តមាន​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ។
សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៤​ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះជាតិ​បើ​ទោះបី​ជា​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​បាន​គោរព​តាម​លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​ណា​ក៏ដោយ។​

សមាជិក​សភា​ចំនួន​៦៦​រូប​ដែល​មាន​វត្តមាន​បាន​អនុម័ត​ដោយ​លើក​ដៃគាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៤​ដោយ​គ្មាន​ការ​ពិភាក្សា​សួរ​ដេញ​ដោល​ដើម្បី​ស្វែង​រក​តម្លាភាព​នៃ​ការ​ចាយ​វាយ​ថវិកា​ជាតិ។

លោក​ហេង សំរិន​ប្រធាន​សភា​បាន​ស្នើ​ដល់​អង្គសភាថា៖ ​«លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​មូល​ សូម​អនុម័ត»។

នៅ​ពេល​ក្រោយ​បន្តិច​លេខាធិការ​នៃ​អង្គប្រជុំ​បាន​ប្រកាស​ថា៖ «សូម​គោរព​សម្តេច​អគ្គមហា​ពញា​ចក្រី​ប្រធាន​រដ្ឋសភា​និង​អង្គសភា​ សូម​មេត្តា​ជ្រាប។ ​អង្គសភា​បាន​អនុម័ត​យល់​ព្រម​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​មូល​មាន​ចំនួន​៦៦​សំឡេង។​ សូម​អរគុណ»។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ថវិកា​ឆ្នាំ​២០១៤​នេះ​មាន​ចំនួន​៥​ជំពូក​និង​១៤មាត្រា។​

សេចក្តី​ព្រៀង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤​នេះ​មាន​ចំនួន​សរុប​ជាង​៣.៤០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​គឺ​បាន​កើន​ឡើង​ប្រមាណ​១៣,១​ភាគរយ​ ស្មើ​នឹង​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​បើ​ប្រៀប​ធៀប​និង​ថវិកា​ជាតិ​ឆ្នាំ​២០១៣​មាន​ចំនួន​តែ​៣.១០០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។​

លោក​ អូន ព័ន្ធ​មន្នីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​បញ្ជាក់​ថា​ សេចក្តី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៤នេះ​ជា​ឧបករណ៍​យ៉ាង​សំខាន់​សម្រាប់​រាជ​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន​ជាពិសេស​ឆ្នាំ​២០១៤​ខាង​មុខ​នេះ។​ ជា​ឆ្នាំ​អនុវត្ត​ពេញ​ទំហឹង​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣​របស់​រដ្ឋាភិបាល។​

លោក​និយាយថា៖​ «យើង​ខ្ញុំ​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ខិតខំ​អនុវត្ត​ឱ្យ​បាន​ល្អ​ប្រសើរ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​តាម​អ្វី​ដែល​សម្តេច​តេជោ​ចង់​បាន​ហើយ​នឹង​គោរព​តាម​គោល​ការណ៍​ដែល​សម្តេច​តេជោលោក​បាន​ដាក់​ចេញ​មកគឺ​គោល​ការណ៍​នៅ​ក្នុង​ការ​គ្រប់​គ្រង​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន»។​

សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤​ត្រូវ​បាន​អ្នក​តាម​ដាន​សភាព​ការណ៍​ធ្លាប់​បាន​បញ្ចេញ​យោបល់​ថា​ប្រហែល​ជាមិន​អាច​អនុម័ត​ទៅ​បាន​ទេ​បើ​សិន​ជា​គ្មាន​វត្តមាន​ពី​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចូល​រួម។​

ក៏​ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ដែល​មាន​រយៈ​ពេល​ជាង​៦ម៉ោង​ដោយ​មាន​ការ​ចូល​រួម​ពីលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នោះ​ពុំអាចរាំង​ស្ទះ​ដល់​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ទេ។​

លោក​ យ៉ែម ប៉ុញ្ញឫទិ្ធ និង​លោក​ យឹម សុវណ្ណ​អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ព្រម​ទាំង​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺបាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​

ក៏ប៉ុន្តែ​លោក​ យ៉ែម ប៉ុញ្ញឫទ្ធិ​ធ្លាប់​បាន​បញ្ជាក់​ថា​គណបក្ស​របស់​លោក​មិន​ទទួល​ស្គាល់​រាល់​សេចក្តី​សម្រេច​ទាំងឡាយណាដែល​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​បាន​ឱ្យ​ដឹង​ថា​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ធ្វើ​របៀប​នេះ​កាន់​តែ​ជំរុញ​ឱ្យ​មាន​ភាព​ជាប់​គាំង​នយោបាយ​កាន់​តែ​វែង​ឆ្ងាយ​ទៅ​មុខទៀត​ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជាហាក់​បីដូច​ជាគ្មាន​សុឆន្ទៈ​ស្វែង​រក​ដំណោះ​ស្រាយ​ទេ។​

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាជន​នៅ​ថ្ងៃ​ដដែល​នេះ​ក៏បាន​អនុម័ត​ឱ្យ​បង្កើត​ក្រសួង​បី​បន្ថែម​ទៀត​គឺ​ក្រសួង​មុខងារ​សាធារណៈ​ និង​ការ​ពុះ​បំបែក​ក្រសួង​ឧស្សាហកម្ម​ជា​ពីរ​ឱ្យទៅ​ជា​ក្រសួង​រ៉ែ​និង​ថាម​ពល​ និង​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​វិញ៕
XS
SM
MD
LG