ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​ស្តី​ពីសិទ្ធិ​ទទួល​ព័ត៌មាន​​នៅតែ​មិនទាន់​ចេញ​រូបរាង


​កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើបាតុកម្ម​នៅមុខសភា ថ្ងៃទី១​​ខែ ឧសភា ​ឆ្នាំ២០១៣។​
​កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើបាតុកម្ម​នៅមុខសភា ថ្ងៃទី១​​ខែ ឧសភា ​ឆ្នាំ២០១៣។​
សេចក្តី​ព្រាងច្បាប់​ស្តី​ពីសិទ្ធិ​ទទួល​ព័ត៌មាន​ត្រូវ​បាន​ទទួល​ស្គាល់​ថា ​ជា​ឧបករណ៍​ច្បាប់​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ និង​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។ ​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ ច្បាប់​នេះ​នៅ​មិន​ទាន់​លេច​រូបរាង​នៅ​ឡើយ ​ទោះបី​ជា​បាន​ចំណាយ​ពេល​ជិត​១​ទស​វត្សរ៍​ហើយ​ក្តី។​

ក្រុម​មន្ត្រី​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន ​ខណៈ​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះបាន​អូស​បណ្លាយអស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ។
បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ និង​ផ្តល់​យោបល់​ពី​ប្រទេស​ម្ចាស់​ជំនួយ​នៅ​ឆ្នាំ​២០០៤​ រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​នៃ​ច្បាប់​នេះ។ ​បន្ទាប់​មក នៅ​ឆ្នាំ​២០០៧ ​ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា ​ព្រឹទ្ធសភា ​និង​អធិការ​កិច្ច​ បាន​ចេញ​ក្រប​ខ័ណ្ឌ​គោល​នយោបាយ​ច្បាស់​លាស់​សម្រាប់​ប្រទេស​កម្ពុជា​ ទាក់ទង​ជាមួយ​សិទ្ធិ​ទទួល​ព័ត៌មាន​ ដែល​ជា​ដំណាក់​ដំបូង​មុន​នឹង​ឈាន​ដល់​សេក្តី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ គោល​នយោបាយ​នេះ​មិន​ទាន់​បាន​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត​នៅ​ឡើយ​ទេ។

នៅឯ​សិក្ខា​សិលា​មួយ​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​ដើម្បីពិភាក្សា​និង​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣០-៣១​ ខែ​ឧសភា​នេះ​ លោកស្រី​អាន ឡឺមេសត៍ ​(Ann Lemaistre) ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​ ថ្លែង​ថា ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​ការ​ចាំបាច់​សម្រាប់​កម្ពុជា​ ដោយ​ហេតុ​ថា ​ច្បាប់​នេះ​នឹង​ជួយ​កាត់​បន្ថយ​អំពើពុក​រលួយ ​បង្កើន​គណនេយ្យភាព​ និង​ការ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ និងអនុញ្ញាត​ឱ្យ​អ្នក​សារ​ព័ត៌មាន​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ​និង​មាន​គុណ​ភាព​សម្រាប់​ផ្សព្វផ្សាយ​ជា​សាធារណៈ។​

លោក​ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ជួយ​ បាន​គូស​បញ្ញាក់​បន្ថែមថា ​សព្វ​ថ្ងៃ​នេះ​ព័ត៌មាន​អំពី​ការ​វិនិយោគ ​ពន្ធដារ​ ចំណូល​ចំណាយ​របស់​រដ្ឋ ​ធនធាន​រ៉ែ ​និង​ការ​ផ្តល់​អាជ្ញា​បណ្ណ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ជា​ដើម​ មិន​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សារធារៈ​សម្រាប់​អ្នក​សារ​ព័ត៌មាន​និង​ប្រជា​ពលរដ្ឋនោះ​ទេ​ ដូច្នេះ​ច្បាប់​នេះ​ជា​ការ​ចាំ​បាច់​ និង​បន្ទាន់​សម្រាប់​កម្ពុជា។​
«អ្នក​សារ​ព័ត៌មាន​មិន​មាន​លទ្ធភាព​នៃ​ការ​ស្វះស្វែង​រក​ព័ត៌មាន​ពី​ស្ថាប័ន​សារធារណៈ​ហ្នឹង។​ ឧទាហរណ៍​យើង​ចង់​ដឹង ​ថា​តើ​រដ្ឋាភិបាល​បាន​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​ក្រុមហ៊ុន​រ៉ែ​ប៉ុន្មាន​ហើយ​ មក​ពី​ណា​ខ្លះ ​ហើយ​ដាក់​ដើម​ទុន​វិនិយោគ​ហ្នឹង​ប៉ុន្មាន។ល។​ យើង​អត់​មាន​លទ្ធភាព​រក​ទេ​ ព័ត៌មាន​អស់​ទាំង​ហ្នឹង»។​

លោកជាម យៀប ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ថ្លែង​ក្នុង​សិក្ខា​សិលា​នេះ ដោយ​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​នៃ​ច្បាប់​នេះ​ផង​ដែរ។​ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ រដ្ឋាភិបាល​នឹង​គាំទ្រ​ ​ប្រសិន​បើ​ច្បាប់​នេះ​អនុលោម​តាម​រដ្ឋ​ធម្មនុញ្ញ​ប៉ុណ្ណោះ ​ហើយ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ចាត់​ទុក​ថា​ ជា​ការ​សម្ងាត់ និង​ទាក់ទង​នឹង​សន្តិសុខ​សាធារៈ ​សុខភាព​បុគ្គល ​និង​ការ​សម្ងាត់ពាណិជ្ជ​កម្ម​ជា​ដើម ​នឹងមិន​អាច​ដាក់​ជា​សាធារណៈ​បាន​ទេ។​

ដោយ​សារ​តែ​មានការ​អូស​បណ្លាយ​ដ៏​យូរ​នេះ​ គណបក្ស​សម រង្ស៊ី​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​បង្អស់ បានធ្វើ​សេចក្តី​ស្នើ​ច្បាប់​នេះ​ចំនួន​ពីរ​ដង​គឺ​នៅ​ឆ្នាំ​២០១០​និង​២០១២ ​ប៉ុន្តែត្រូវ​បាន​គណបក្ស​កាន់​អំណាច​ច្រាន​ចោល​ដោយ​ពុំ​មាន​ការ​ពិភាក្សា។​
សេចក្តី​ស្នើ​ច្បាប់​របស់​គណបក្ស​សម ​រង្ស៊ី​នោះ​បាន​ស្នើ​ឱ្យ​ស្ថាប័ន​រដ្ឋ​ដាក់​របាយ​ការណ៍​ថវិកា ​ការ​ដេញ​ថ្លៃ ​ការ​វិនិយោគ ​និង​គម្រោង​នានា​ជា​សាធារណៈ ​ហើយ​បាន​គូស​បញ្ជាក់​ពី​សិទ្ធិ​របស់​សារធារណ​ជននិង​អ្នក​សារ​ព័ត៌មាន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ជា​សាធារណៈ​ពី​ស្ថាប័ន​រដ្ឋ​តាម​ការ​ស្នើ ​និង​ករណី​កិច្ច​របស់​ស្ថាប័ន​ទាំង​នោះ​ក្នុង​ការ​ឆ្លើយតប​មិន​ឱ្យ​លើស​ពី​៣០​ថ្ងៃ ​និង​ការ​ពារ​សិទ្ធិ​អ្នក​ដែល​បាន​ចែក​រំលែក​ព័ត៌មាន​ទាំង​នោះ​ជា​ដើម។​

លោក​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​ថ្លែង​ប្រាប់​វីអូអេ​ ខេមរ​ភាសា​ថា​ សេចក្តី​ស្នើច្បាប់​នេះ​បាន​ទទួល​ការ​ពិភាក្សា​ពី​អង្គការ​ជាតិ ​ អន្តរ​ជាតិ ​និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ មុន​នឹង​ដាក់​ជូន​រដ្ឋ​សភា​ពិភាក្សា​និង​អនុម័ត។ ប៉ុន្តែ​លោក​ចោទ​ថា ​មាន​កង្វះ​ឆន្ទៈ​នយោបាយ​សម្រាប់​ការ​ជំទាស់​នេះ។
​«ចង់​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន ​គេ​មិន​ចង់​ឱ្យ​ច្បាប់​ហ្នឹង​ចេញ​ទេ។​ អញ្ចឹង​គេ​យក​លេស​មិន​ចេះ​អស់​មិន​ចេញ​ហើយ។​ ឮ​សូរ​តែ​ព្រាង​ តែ​១០​ឆ្នាំ​ហើយ​នៅ​តែ​មិន​ចេញ​ទៀត។​ បើ​ខ្វះ​យើង​បន្ថែម។​ បើ​ខុ​ស​យើង​កែ​លម្អ។​ ប៉ុន្តែ​បន្ថែម​ក៏​អត់​ទទួល​ កែ​លម្អ​ក៏​អត់​ទទួល​យក ​មាន​ន័យ​ថា​ អត់​ចង់​ធ្វើ ​ពីព្រោះ​ច្បាប់​ហ្នឹង​ជា​ឧបករណ៍​សំខាន់​ណាស់​សម្រាប់​ប្រឆាំង​អំពើ​ពុក​រលួយ»។​

នាយក​វិទ្យាស្ថាន​តស៊ូ​មតិ ​និង​គោល​នយោបាយ ​លោក​ណេប ស៊ីនថៃ​ថ្លែង​ទទួល​ស្គាល់​ពី​ភាព​ចាំ​បាច់​នៃ​សេចក្តី​ព្រាង​ក្រប​ខ័ណ្ឌ​គោល​នយោបាយ​ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​តែ​រំកិល​ទៅ​ពិភាក្សា​ច្បាប់​ម្តង​ហើយ។​
«អ្វី​ដែល​យើង​និយាយ​ថ្ងៃ​នេះ​ត្រូវ​តែ​មាន​ក្រប​ខ័ណ្ឌ​គោល​នយោបាយ​និង​ក្រប​ខ័ណ្ឌ​ច្បាប់។ ប៉ុន្តែអ្វី​ដែល​យើង​បាន​ជជែក​តាំង​ពី​ឆ្នាំ​២០០៤​មក​ដល់​ឥឡូវ​គឺ​ល្មម​ដល់​ពេល​យើង​ឈាន​ទៅ​និយាយ​រឿង​ច្បាប់។​ ប៉ុន្តែ​រដ្ឋាភិបាល​ ជា​ពិសេស​ក្រសួង​ទំនាក់ទំនង​សភា​ និង​អធិការ កិច្ច ​លោក​នៅ​តែ​ផ្តោត​លើ​ក្រប​ខណ្ឌ​គោល​នយោបាយ»។​

លោក​ប៉ា ងួនទៀង​ថ្លែង​ថា ច្បាប់​នេះ​ត្រូវ​តែ​ជំរុញ​ឱ្យ​អនុម័ត​ឲ្យ​បានឆាប់​ ទាមទារ​ឱ្យមាន​ការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​ពី​សារៈ​សំខាន់​នៃច្បាប់​នេះ ​និង​គៀងគរ​ការ​គាំទ្រ​ពី​សហគមន៍​ម្ចាស់​ជំនួយ៕
XS
SM
MD
LG