ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌៖​ ការ​ដោះលែង​អ្នក​បកប្រែ​ឲ្យ​ព័ត៌មាន​​រដ្ឋ​រុស្ស៊ី RT គឺ​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ


រូបឯកសារ៖ លោករ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ពលករ និង​អ្នក​បក​ប្រែ​សម្រាប់​ការ​ផលិត​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំលក់ខ្ញុំ‍» បាន​មក​ដល់​តុលាការរាជធានីភ្នំពេញ ដើម្បី​ការ​ជំនុំ​ជម្រះ​ក្តី​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)
រូបឯកសារ៖ លោករ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ពលករ និង​អ្នក​បក​ប្រែ​សម្រាប់​ការ​ផលិត​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំលក់ខ្ញុំ‍» បាន​មក​ដល់​តុលាការរាជធានីភ្នំពេញ ដើម្បី​ការ​ជំនុំ​ជម្រះ​ក្តី​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)

ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជា​ច្រើន​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​និង​តុលាការ​កម្ពុជា​ ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​អ្នកបក​ប្រែ​រូបនេះ។ ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​​និយាយ​ថា​ ការ​ទាមទារ​ដោយ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ណាមួយ​នោះ​គ្មាន​ឥទ្ធិពល​អ្វី​នោះ​ទេ​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ ​បាន​ឆ្លើយ​ទៅ​នឹង​ការ​ចង់​បាន​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​អ្នក​កាសែត​អន្តរ​ជាតិ​ (Reporters Without Borders)​ ​ថា ​រាល់​ការ​ទាម​ទារ​ណា​មួយ​ឲ្យមាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក រ៉ាត់ រត្នមុនី​ នោះ​ ​គឺ​គ្មាន​ផល​ប្រយោជន៍​ខាង​ផ្លូវ​ច្បាប់​ ដើម្បី​ដោះ​បន្ទុក​អ្នក​បក​ប្រែ​ឲ្យ​បណ្តាញ​ទូរទស្សន៍រដ្ឋ​រុស្ស៊ី​រូប​នេះ​នោះ​ឡើយ។

​ថ្លែង​ក្នុងសារ​ឆ្លើយ​ឆ្លងតាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ​លោក​ ​ជិន ម៉ាលីន ស្នើឲ្យ​ភាគី​ពាក់​ព័ន្ធ​ដែល​អន្តរាគមន៍ក្នុងសំណុំ​រឿង​របស់​លោក​ រ៉ាត់ រត្នមុនី​ ចូល​រួម​ទៅ​តាម​នីតិវិធី​ក្នុងការ​ផ្តល់​ភស្តុតាង​ និង​សាក្សី​បន្ថែម​ដើម្បី​សម្រាល​បន្ទុក​របស់​លោក ​មុនី។

លោក ជិន ម៉ាលីន​ ថ្លែង​ថា​ ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍ទាមទារណាមួយ​ដោយ​សុំ​ឲ្យ​លោក​ មុនី ​បាន​រួច​ផុត​ពីបទ​ចោទ​នោះ​ គឺ​«មិនអាច​ធ្វើ​ទៅ​រួច​នោះ​ទេ»​ ​ហើយ​សេចក្តី​ថ្លែង​ការណ៍​ទាំង​នោះ​ ក៏គ្មាន​ឥទ្ធិពល​អ្វី​មក​លើ​ឯករាជ្យ​ភាព​របស់ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​នោះ​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖ «ភាគី​ខាង​ក្រៅ​យើង​មិន​បាន​ដឹង​ស៊ី​ជម្រៅ​ទៅ​នឹង​សំណុំ​រឿង​ហ្នឹង​ទេ​ ហើយ​ធ្វើ​ការ​សន្និដ្ឋាន​ការ​សម្រេច​របស់​តុលាការ​ វា​ជា​ការ​សន្និដ្ឋាន​មួយ​ដែល​មិនមាន​ភាព​យុត្តិធម៌​ ហើយ​វាគ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ដោយ​ផ្អែក​លើ​អារម្មណ៍​ ឬ​មួយ​ក៏​និន្នាការ​ ឬ​ក៏​មនោសញ្ចេតនា។​ ក៏ប៉ុន្តែ​បើ​សិន ​បើ​យើង​មាន​មូលដ្ឋាន​សក្ខីកម្ម​ ទល្ហីករណ៍​ផ្លូវច្បាប់​រឹងមាំ​ច្បាស់​លាស់​ដែល​អាច​ជួយ​ដោះ​បន្ទុក​គាត់បាន​ គួរតែ​ចូល​រួម​ក្នុង​ដំណើរ​ការ​នីតិវិធី​តុលាការ​ ​ហើយ​ធ្វើការ​ការ​ពារ​គាត់​ ដើម្បី​រួច​ផុត​ពី​ពិរុទ្ធភាព​នឹង​ការ​ចោទ​ប្រកាន់​នេះ​ ជា​ការ​ល្អ​ជាង​បាទ»។

កាល​ពីថ្ងៃ​ទី១៩​ ខែមិថុនា​នេះ​ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​បាន​អំពាវនាវ​ឲ្យ​តុលាការ​កម្ពុជា​លើកលែង​រាល់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក ​រ៉ាត់ រត្នមុនី​ ដែល​ជា​អ្នក​ជួយ​បកប្រែ​ព័ត៌មាន​ឲ្យ​បណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​ Russia Today ឬ (RT)។

អង្គការ​ដដែល​អះអាង​ថា​ បទ​ឧក្រិដ្ឋ​របស់​លោក​ មុនី​ គឺ​គ្មាន​អ្វីក្រៅតែ​ជា​ការ​ជួយ​ដល់​ក្រុម​ការងាររបស់​បណ្តាញ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ RT ​ដើម្បី​ផលិត​កុន​ឯកសារ​អំពី​ពេស្យា​កុមារ​នៅ​ប្រទេស​កម្ពុជា។

​លោក រ៉ាត់ រត្នមុនី​ ដែល​ជួយ​បក​ប្រែ​ឱ្យ​បណ្តាញ​ព័ត៌មានរដ្ឋរុស្ស៊ី​ RT ​អំឡុង​ពេល​ថត​ភាពយន្ត​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ ត្រូវ​បាន​បាន​ចាប់​ខ្លួន​ និង​រង​ការ​ចោទ​ថា​បាន​ធ្វើ​សកម្មភាព​ប៉ះពាល់​សីលធម៌​សង្គម​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ​ក្នុង​សវនាការចុង​ក្រោយ​របស់លោក​ធ្វើ​ឡើង​ នៅ​ថ្ងៃទី​១២ ​ខែ​មិថុនា​នោះ​ ​លោក​ មុនី​ បាន​ប្រាប់​តុលាការ​ថា លោក​គ្រាន់​តែ​ជា​អ្នក​បក​ប្រែ​សំណួរ​សួរ​យក​ព័ត៌មាន​របស់​ក្រុម​ការងារ​ទូរទស្សន៍​ RT​តែ​ប៉ុណ្ណោះ។ ហើយ​លោក​ក៏​គ្មានសិទ្ធិ​បង្គាប់​បញ្ជា​ឲ្យ​ដើម​បណ្តឹង​ចំនួន​បួន​នាក់ដែល​ជា​តួ​សម្តែង​ក្នុង​រឿង​ម្តាយ​ខ្ញុំលក់​ខ្ញុំនោះ​ និយាយ​ទៅ​តាម​អ្វី​ដែល​លោកប្រាប់​នោះ​ឡើយ។

ក្រោយ​ត្រូវ​បាន​ឃុំឃាំង​ជាង​ប្រាំមួយ​ខែ​មក​ ​តុលាការ​នឹង​ប្រកាស​សាលក្រម​លើ​ករណី​ប្រឆំាង​នឹង​លោក​ មុនី នៅ​ថ្ងៃទី​២៦ ​ខែ​មិថុនា​ខាងមុខ​នេះ៕

XS
SM
MD
LG