ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ថា ការ​ដាក់​ទណ្ឌកម្ម​ជា​អតិបរមា​របស់​សហរដ្ឋ​អាមេរិក​លើ​ខ្លួន​បាន​បរាជ័យ


លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​និយាយ​ថា យុទ្ធនាការ «ដាក់​សម្ពាធ​ជា​អតិបរមា» របស់​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បរាជ័យ ហើយ​ទណ្ឌកម្ម​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់ បន្ទាប់ពី​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ បាន​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​ទាល់​ច្រក។

ដោយ​ថ្លែង​មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង New York ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក Rouhani ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​បំប៉ោង​ការ​ខូចខាត​ដែល​បណ្ដាល​មក​ពី​ការ​វាយ​ប្រហារ​លើ​កន្លែង​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត​កាល​ពី​ដើម​ខែ​នេះ។

លោក Rouhani បាន​ចោទ​ប្រកាន់​រដ្ឋបាល​របស់​លោក Trump ថា​ចង់​គ្រប់គ្រង​លើ​តំបន់​មជ្ឈិមបូព៌ា។ លោក Rouhani បាន​និយាយ​កាល​ពី​លើក​មុន​ថា គម្រោង​របស់​លោក​សម្រាប់​កិច្ច​ប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​នេះ​រួម​មាន​ការ​បង្ហាញ​អំពី​ផែនការ​សហប្រតិបត្តិការ​សន្តិភាព​ថ្នាក់​តំបន់​ផង​ដែរ។

មន្ត្រី​សហរដ្ឋ​អាមេរិក និង​មន្ត្រី​អារ៉ាប៊ីសាអូឌីត​បាន​ចោទ​ប្រកាន់​ប្រទេស​អ៊ីរ៉ង់​ថា​ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នេះ។ ការ​វាយ​ប្រហារ​នេះ​បាន​ប៉ះពាល់​ដល់​ផលិតកម្ម​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត​អស់​ពាក់​កណ្ដាល។

មន្ត្រី​អ៊ីរ៉ង់ រួម​ទាំង​លោក Rouhani ផ្ទាល់​ផង​ដែរ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ។

ទោះបីជា​មេដឹកនាំ​នានា​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ក្រៅ​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ​នៅ​សប្ដាហ៍​នេះ​ក៏​ដោយ ក៏​ជំនួប​រវាង​លោក Trump និង​លោក Rouhani ទំនងជា​នឹង​មិន​កើត​ឡើង​នោះ​ទេ។ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក Trump ថា លោក​គ្មាន​បំណង​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Rouhani ទេ ហើយ​លោក Rouhani បាន​បញ្ជាក់​ថា លោក​នឹង​មិន​ជួប​ជាមួយ​នឹង​លោក Trump នោះ​ទេ ដរាបណា​សហរដ្ឋ​អាមេរិក​ដក​ទណ្ឌកម្ម​ចេញ​ជា​មុន​សិន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG