ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo ថា យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី​ត្រាំ​ស្តីពី​ប្រទេស​អ៊ីរ៉ង់ ​កំពុង​មាន​ដំណើរការ


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ថ្លែង​នៅ​មុន​កិច្ចប្រជុំ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​នៅ​អាស៊ី​កណ្តាល នៅ​ក្នុង​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ថ្លែង​នៅ​មុន​កិច្ចប្រជុំ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​នៅ​អាស៊ី​កណ្តាល នៅ​ក្នុង​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក ​កំពុង​ធ្វើ​ការ​ដើម្បី​ស្វែងរក​លទ្ធផល​ខាង​ការទូត​ចំពោះ​ភាព​តាន​តឹង​ជាមួយ​អ៊ីរ៉ង់​ ដែល​ត្រូវ​បាន​គេ​ស្តីបន្ទោស​ចំពោះ​ការវាយ​ប្រហារ​លើ​រោងចក្រ​ប្រេងរបស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​ក៏ប៉ុន្តែ ​បាន​ព្រមាន​ថា ​ប្រសិនបើ ​វិស័យ​ការទូត​បរាជ័យ​នោះ ​លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ «នឹង​ធ្វើ​ការ​សម្រេច​ដ៏​សំខាន់​មួយ​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​របស់​យើង»។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក Pompeo ប្រាប់​បណ្តាញ​ទូរទស្សន៍ ABC News ថា ការ​សម្រេច​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋបាល​ប្រធានាធិបតី​ត្រាំដើម្បី​បញ្ជូន​កងទ័ព​ការពារ​ដែន​អាកាស​បន្ថែម​ទៅ​កាន់​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ការលំបាក​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​ប្រទេស​អ៊ីរ៉ង់។

ប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់​លោក Hassan Rouhani បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា វត្តមាន​របស់​កងកម្លាំង​បរទេស​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក ​នឹង​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​នៅ​ក្នុង​តំបន់។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Rouhani និយាយ​នៅ​ក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​របស់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ថា «កង​កម្លាំង​បរទេស អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​និង​អសន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​និង​តំបន់​របស់​យើង»។ មេដឹកនាំ​អ៊ីរ៉ង់​រូប​នោះ បាន​និ​យាយ​ទៀត​ថា ​លោក ​មាន​ផែនការ​ថ្លែង​នៅឯ​អង្គការ​សហប្រជាជាតិ​អំពី​ផែនការ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​សន្តិភាព​ក្នុង​តំបន់​។

លោក Mark Esper រដ្ឋមន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក និយាយ​ថា កង​កម្លាំង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់ ​នឹង​មាន​លក្ខណៈ​ការពារ​ខ្លួន។ លោក​បាន​មាន​ប្រសាន៍​ទៀត​ថា ​សហរដ្ឋអាមេរិក បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​ពីពួក​មន្រ្តី​ប្រទេសអារ៉ាប៊ី ​សាអូឌីត​ និង​អេមីរ៉ាត​អារ៉ាប់រួម ​ដើម្បី​ធ្វើឲ្យ​ប្រ​សើរ​ឡើង​នូវ​ការការពារ​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​របស់​ពួកគេ​បន្ទាប់​ពីការ​វាយ​ប្រហារកាល​ពី​សប្តាហ៍​មុន​លើ​អណ្តូង​ប្រេង​អារ៉ាប៊ី​សាអូឌីត។ ពួក​មន្រ្តី​សហរដ្ឋ​អាមេ​រិក បាន​និយាយថា ​អ៊ីរ៉ង់ ​ជាអ្នក​ទទួល​ខុសត្រូវ។ការ​ចោទ​ប្រកាន់​នេះ ​ត្រូវ​បាន​បដិសេធ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់៕

XS
SM
MD
LG