ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ីរ៉ង់​ថា​ សហរដ្ឋ​អាមេរិក ​ត្រូវ​តែ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​មុន​​​ការ​ចរចា


ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ថ្លែង​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​ក្នុង​ក្រុង Tehran ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។
ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ថ្លែង​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​ក្នុង​ក្រុង Tehran ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​និយាយថា ​ប្រសិន​បើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​ចង់​ធ្វើ​ការ​ចរចា លោក​ត្រាំ ​ត្រូវតែ​ចាត់​វិធានការ​មុន​ដំបូង​គឺ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​ទាំង​អស់​ប្រឆាំង​នឹង​អ៊ីរ៉ង់។

ប្រធានាធិបតី​រូហានី ​បាន​និយាយ​ថា ​អ៊ីរ៉ង់ ​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ខ្លួន​មិន​មាន​បំណងធ្វើ​អាវុធ​នុយក្លេអ៊ែរ ​ហើយ​បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ជាការ​ខុស​ច្បាប់ មិន​ត្រឹម​ត្រូវ​ និង​អយុត្តិធម៌។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា «មាន​ឱកាសដ៏​ល្អពិត​ប្រាកដ»​ ដែល​លោក​ប្រធានាធិបតី​ត្រាំ ​នឹង​ជួប​ជាមួយ​ប្រធានា​ធិបតី​អ៊ីរ៉ង់​លោក​រូហានី​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ដើម្បី​ព្យាយាម​ចរចា​កិច្ច​ព្រម​ព្រៀង​ថ្មី​ដើម្បី​កម្រិត​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដើម្បី​ជំនួសកិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥​ដែល​ប្រធានាធិបតី​ត្រាំ ​បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​កាល​ពីឆ្នាំ​ទៅ។

​ប្រធានាធិបតី​ត្រាំ ​ដែល​ថ្លែង​នៅ​ឯ​ការ​បញ្ចប់​សន្និសីទ​កំពូល G7 របស់​មេដឹកនាំ​កំពូលៗ​ក្នុង​ពិភពលោក​នៅ​ប្រទេស​បារាំង ​បាន​និយាយថា «ខ្ញុំ​គិតថា ​អ៊ីរ៉ង់ ​នឹង​ចង់​ជួប»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បាន​និយាយថា ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ដែល​លោក​បាន​ដាក់​ឡើង​វិញ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ​ទៅ ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ពួកគេ​យ៉ាង​ខ្លាំង​នៅពេល​ដែលប្រធានាធិបតី​ត្រាំ ​បាន​ស្វះស្វែង​កម្រិត​យ៉ាង​ខ្លាំង​លើ​ការ​នាំប្រេង​ចេញ​របស់​អ៊ីរ៉ង់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ៕

XS
SM
MD
LG