ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកនឹងមិនធ្វើការពិភាក្សាទ្វេភាគីជាមួយនឹងសហរដ្ឋអាមេរិកនោះទេ។
ដោយថ្លែងទៅកាន់រដ្ឋសភា លោក Rouhani បាននិយាយថា វិធីតែមួយគត់ដែលការចរចាអាចធ្វើទៅបានគឺក្នុងលក្ខខណ្ឌដែលសហរដ្ឋអាមេរិកដកទណ្ឌកម្មទាំងអស់របស់ខ្លួនដែលដាក់លើអ៊ីរ៉ង់ចេញតែប៉ុណ្ណោះ ហើយការចរចានោះត្រូវតែមានការចូលរួមពីប្រទេសហត្ថលេខីផ្សេងទៀតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិឆ្នាំ ២០១៥។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំមុន បន្ទាប់ពីបានរិះគន់ខ្លាំងៗលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះរវាងប្រទេសអ៊ីរ៉ង់ និងចក្រភពអង់គ្លេស ប្រទេសចិន បារាំង រុស្ស៊ី អាល្លឺម៉ង់ និងសហភាពអឺរ៉ុប។
កាលពីសប្ដាហ៍មុន លោក Trump បានបង្ហាញអារម្មណ៍បើកចំហសម្រាប់ការជួបពិភាក្សាជាមួយនឹងលោក Rouhani ដោយលោកបាននិយាយថា «មានឱកាសល្អបំផុត» ដែលអ៊ីរ៉ង់អាចចូលតុចរចាបាន។
លោក Trump ចង់បានកិច្ចព្រមព្រៀងថ្មីណាមួយដែលលើសពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ទៅទៀត ដោយមានបញ្ចូលមិនត្រឹមតែការដាក់កំហិតលើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរារាំងអ៊ីរ៉ង់មិនឲ្យសាកល្បងគ្រាប់ផ្លោងមីស៊ីលទៅទៀត។
លោក Rouhani បានបញ្ជាក់ជាថ្មីម្ដងទៀតនៅថ្ងៃអង្គារនេះថា អ៊ីរ៉ង់ចង់ឲ្យបណ្ដាប្រទេសនៅអឺរ៉ុបប្ដេជ្ញាទិញប្រេងរបស់ខ្លួន ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ឬក៏បើមិនដូច្នេះទេ អ៊ីរ៉ង់មានគម្រោងដកខ្លួនថយបន្ថែមទៀតពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ៕