សេតវិមានបានឲ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Rod Rosenstein នឹងជួបជាមួយលោកប្រធានាធិបតី Donald Trump នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសារព័ត៌មានបានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះត្រូវគេរំពឹងនឹងត្រូវបណ្តេញចេញពីតំណែង។
ការប្រកាសនេះបានធ្វើឡើងនៅប៉ុន្មានថ្ងៃក្រោយពីសារព័ត៌មាន The New York Times បានរាយការណ៍ថា កាលពីឆ្នាំមុនលោក Rosensteinបានស្នើឲ្យលួចថតសម្លេងលោកប្រធានាធិបតី Donald Trump និងថាលោកបានផ្តល់គំនិតឲ្យប្រើប្រាស់វិសោធនកម្មទី២៥ដើម្បីដកលោក Trump ចេញពីតំណែង។
លោក Rosenstein បានបដិសេធទៅនឹងសេចក្តីរាយការណ៍នេះដែលបានចុះផ្សាយកាលពីសប្តាហ៍មុន។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders កាលពីថ្ងៃចន្ទបានប្រកាសថា «យោងតាមការស្នើរបស់លោកអនុរដ្ឋមន្ត្រី Rod Rosenstein លោក និងលោកប្រធានាធិបតី Trump ត្រូវជួបពិភាក្សាគ្នាអំពីរបាយការណ៍ដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយសារតែលោកប្រធានាធិបតីត្រូវទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនិងត្រូវជាប់រវល់ជួបជាមួយមេដឹកនាំមកពីជុំវិញពិភពលោកនោះ ការប្រជុំរវាងអ្នកទាំងពីរនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ បន្ទាប់ពីលោកប្រធានាធិបតីត្រឡប់មកដល់រដ្ឋធានីវ៉ាស៊ីនតោនវិញ»។
កាលពីថ្ងៃចន្ទម្សិលមិញបណ្តាញផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថាលោក Rosenstein បានពិភាក្សាអំពីការលាលែងចេញពីតំណែង ខណៈបណ្តាញសារព័ត៌មានមួយចំនួនទៀតរាយការណ៍ថាលោកនឹងមិនលាលែងចេញពីតំណែងទេ លុះត្រាតែលោកត្រូវបានគេបណ្តេញចេញ៕