អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Rod Rosenstein ដែលជាអ្នកត្រួតពិនិត្យលើការស៊ើបអង្កេតបទព្រហ្មទណ្ឌរយៈពេលយូរមួយនៅក្នុងការជ្រែតជ្រៀករបស់រុស្ស៊ី ទៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦នោះ មានផែនការលាលែងចេញពីក្រសួងយុត្តិធម៌នៅពេលដែលរដ្ឋមន្រ្តីយុត្តិធម៌ថ្មីចូលកាន់តំណែង។
លោកប្រធានាធិបតី Donald Trump តែងតែស្តីបន្ទោសលោក Rosenstein ដែលបានតែងតាំងលោក Robert Mueller អតីតនាយកការិយាល័យសហព័ន្ធខាងការស៊ើបអង្កេត FBI ជាស្មាក្តីពិសេសដើម្បីដឹកនាំការស៊ើបអង្កេតលើករណីរបស់រុស្ស៊ី ទៅលើអ្វីដែលជាការជាប់ពាក់ព័ន្ធរវាងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកTrump និងរដ្ឋាភិបាលក្រុងម៉ូស្គូ និងថាតើលោក Trump ធ្លាប់បានប្រើប្រាស់អំណាចជាប្រធានាធិបតីរបស់លោកដើម្បីរាំងស្ទះដល់ការស៊ើបអង្កេតដែរឬទេ?។
លោក Trump បានរិះគន់ការស៊ើបអង្កេតនេះថា ជាការធ្វើទុក្ខបុកម្មេញរដ្ឋបាលរបស់លោក និងបាន ច្រានចោលការចោទប្រកាន់ ដែលចោទថាយុទ្ធនាការរបស់លោកមានការឃុបឃិតជាមួយនឹងរុស្ស៊ី ឬថាលោកបានរាំងស្ទះដល់ក្រសួងយុត្តិធម៌។ បើទោះបីជាលោក Trump វាយប្រហារទៅលើលោក Rosenstein យ៉ាងណាក៏ដោយ ក៏លោក Trumpមិនបានបណ្តេញលោកRosensteinចេញពីតំណែងនោះដែរ។
យោងតាមបណ្តាញសារព័ត៌មានអាមេរិកជាច្រើនកាលពីថ្ងៃពុធបានចុះផ្សាយថា ឥឡូវនេះលោក Rosensteinបានប្រាប់សេតវិមានថា លោកគ្រោងនឹងចាកចេញពីតំណែងរបស់លោកនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ គឺស្របពេលដែលលោក William Barrបេក្ខជនដែលលោក Trump តែងតាំងធ្វើជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចូលកាន់តំណែងបន្ទាប់ពីព្រឹទ្ធសភាអនុម័តលើការតែងតាំងដូចតាមរំពឹងទុកនោះ។
សវនាការតែងតាំងលោក Barrដែលធ្លាប់ធ្វើជារដ្ឋមន្រ្តីយុត្តិធម៌កាលពីដើមទសវត្សរ៍១៩៩០នឹងគ្រោងចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ហើយការបោះឆ្នោតអនុម័តចុងក្រោយរបស់ព្រឹទ្ធសភានឹងធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈ៕