អ្នកនយោបាយជើងចាស់មួយរូប និងជាអតីតមន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា អះអាងថា លោកកំពុងស្វះស្វែងរកមធ្យោបាយ ដើម្បីអាចតតាំងក្តីរបស់លោក ខណៈតុលាការខេត្តរតនគិរីបានចេញដីកាចាប់ខ្លួនរូបលោក នៅក្នុងករណីដែលកើតឡើងមួយឆ្នាំមកហើយ។
លោក មាជ សុវណ្ណារ៉ា បច្ចុប្បន្នជាប្រធានគណបក្សជំនាន់ថ្មី ដែលទើបត្រូវបានបង្កើតឡើងនៅឆ្នាំនេះ ប្រាប់វីអូអេថា លោកមានការងឿងឆ្ងល់នឹងដីកាចាប់ខ្លួនដែលចេញដោយតុលាការខេត្តរតនគិរី ដោយសារពេលលោកនៅក្នុងប្រទេសកម្ពុជា លោកមិនត្រូវបានចាប់ខ្លួនឡើយ។
ប៉ុន្តែក្រោយលោកបានចាកចេញទៅក្រៅប្រទេស លោកទទួលបានដីកាចាប់ខ្លួន ដែលចុះថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ ទៅវិញ ពោលគឺមានរយៈពេលមួយឆ្នាំមកហើយ។
លោក មាជ សុវណ្ណារ៉ា អះអាងថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញ ដើម្បីអាចធ្វើនយោបាយបែបអហិង្សានិងបែបសន្តិវិធី ប៉ុន្តែលោកត្រូវរង់ចាំមេធាវីការពារក្តីរបស់លោក គឺ លោក សឺន ជុំជួន ធ្វើការជាមួយតុលាការខេត្តរតនគិរី ដើម្បីដឹងពីអង្គហេតុ និងនីតិវិធីច្បាប់ជាមុនសិន។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំត្រូវតែចូលមាតុភូមិរបស់ខ្ញុំ ដើម្បីខ្ញុំធ្វើនយោបាយតាមបែបអហិង្សាដោយសន្តិវិធី ប៉ុន្តែខ្ញុំឱ្យមេធាវីគាត់ធ្វើកិច្ចការសិន។ លោកមេធាវី សឺន ជុំជួន គឺថា មេធាវីការពារដែលខ្ញុំពឹងឱ្យការពារក្តីខ្ញុំ។ គាត់នឹងធ្វើកិច្ចការនេះចាប់ពីថ្ងៃហ្នឹងរហូតបន្តបន្ទាប់ជាមួយនឹងតុលាការរតនគិរីក្នុងបំណងណាយ៉ាងម៉េចៗ គឺថាលោកអាចសួរបន្តទៅមេធាវី ដើម្បីឱ្យដឹងតាមអង្គហេតុនីតិវិធីអង្គច្បាប់អីជាដើមហ្នឹងបាទ»។
លោក សឺន ជុំជួន ជាមេធាវីម្នាក់ដែលលោក មាជ សុវណ្ណារ៉ា ស្នើសុំជួយការពារ ប្រាប់វីអូអេថា លោកមិនទាន់បានដាក់ពាក្យទៅខាងតុលាការខេត្តរតនគិរីនៅឡើយទេ។ លោកថា លោកនឹងចាប់ផ្តើមធ្វើកិច្ចការនេះនៅសប្តាហ៍ក្រោយ។
លោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា តុលាការបានចុះផ្សាយដីកាបង្គាប់ឱ្យចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា កាលពីឆ្នាំ ២០២៣ ពិតមែន ប៉ុន្តែលោកថា ដំណើរការនីតិវិធីចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា នឹងអាស្រ័យលើសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់។
លោកថ្លែងថា៖ «យើងអត់ដឹងថា សមត្ថកិច្ចគាត់អនុវត្តបាននីតិវិធីត្រឹមណាអាហ្នឹងគឺរឿងសមត្ថកិច្ចអ្នកអនុវត្តអ្នកប្រតិបត្តិផង។ យើងខាងយើងហ្នឹងមែននិយាយថាទើប ២០២៤ ចុះចាប់ អត់ទេ វាទាក់ទងអាហ្នឹងគឺដីកាហ្នឹង គឺចេញទៅតាមនីតិវិធីគឺត្រូវតែបញ្ជូនទៅសមត្ថកិច្ចហើយ។ តុលាការចេញតែដីកាទេបាទ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបាននៅឡើយទេ។
លោក មាជ សុវណ្ណារ៉ា អ្នកនយោបាយដែលធ្លាប់ជាប់ពន្ធនាគារពីរលើករូបនេះ ប្រាប់វីអូអេថា ចំណាត់ការរបស់តុលាការខេត្តរតនគិរីបានប៉ះពាល់ដល់សិទ្ធិនៃការជំនុំជម្រះដោយយុត្តិធម៌ ដោយហេតុថា តំណាងអយ្យការមិនដែលចេញដីកាកោះហៅរូបលោក។ ចំណែកចៅក្រមស៊ើបសួរក៏មិនដែលចេញដីកាបង្គាប់ឱ្យលោកចូលខ្លួនសូម្បីតែម្តង។
លោក មាជ សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកចង់ធ្វើនយោបាយក្នុងប្រទេសកម្ពុជាដោយសន្តិវិធី ហើយប្រកួតប្រជែងការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។
លោកថ្លែងថា៖ «ក្នុងនាមជាអ្នកនយោបាយខ្ញុំចង់ឃើញ! ចង់ឃើញសេរីភាពក្នុងការធ្វើនយោបាយឱ្យស្មើមុខស្មើមាត់គ្នាសេរី និងយុត្តិធម៌ត្រឹមត្រូវដែលអាចទទួលយកបានតាមរយៈការបោះឆ្នោតដែលយកគោលនយោបាយ និងកម្មវិធីនយោបាយប្រកួតប្រជែងគ្នា ៥ ឆ្នាំម្ដង»។
បើតាមលោក មាជ សុវណ្ណារ៉ា តុលាការខេត្តរតនគិរីបានចោទប្រកាន់លោកពីបទ «ញុះញង់ឱ្យមានការរើសអើង» ចំពោះការថ្លែងរបស់លោកកាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកដែលនិយាយអំពីកម្មករខ្មែរទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃ តិចជាងកម្មករវៀតណាម ដែលបានធ្វើការក្នុងចម្ការកៅស៊ូ និងចម្ការចេករបស់ក្រុមហ៊ុនវៀតណាមក្នុងខេត្តរតនគិរី៕
វេទិកាបញ្ចេញមតិ