ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក វន់ ពៅ ខកចិត្ត​នឹង​សាល​ដីកា​តុលាការ​កំពូល​កាត់​ទោស​រូប​លោក​ដាក់​ពន្ធនាគារ​៤ឆ្នាំ​កន្លះ


រូបឯកសារ៖ លោក វន់ ពៅ ប្រធាន IDEA បង្ហាញខ្លួននៅតុលាការកំពូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។(ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ លោក វន់ ពៅ ប្រធាន IDEA បង្ហាញខ្លួននៅតុលាការកំពូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។(ស៊ុន ណារិន/វីអូអេ)

លោក ​វន់ ពៅ ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា​ IDEA ​បាន​បង្ហាញ​ការ​ខក​ចិត្ត​ដែល​តុលាការ​កំពូល​បាន​តម្កល់​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែល​កាត់​ទោស​រូប​លោក​ដាក់​ពន្ធនាគារ​ចំនួន​៤​ឆ្នាំ​កន្លះ​តាម​សាលា​ឧទ្ធរណ៍​នៅ​ក្នុង​សំណុំ​រឿង​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ​កាល​ពី​ ១០ ​ឆ្នាំ​មុន។​

ចៅក្រម​តុលាការ​កំពូល ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​ប្រកាស​សេចក្តី​សម្រេច​ដោយ​រក្សា​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍។ កាល​ពី​កន្លង​ទៅ​ លោក​ វន់ ពៅ​ បាន​ទាមទារ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។​

លោក ​វន់ ពៅ ​ថ្លែង​ថា​ ការ​រំពឹង​ទុក​របស់​លោក​បាន​«រលាយ​បាត់​អស់» ​ខណៈ​លោក​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ជាង ​១០ ​ឆ្នាំ​មក​ហើយ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖​ «វា​ជា​រឿង​ខក​ចិត្ត​ហើយ​ជា​ការ​សោក​ស្តាយ​របស់​ខ្ញុំ»។​

ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​ដែល​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ ១៦០​ដុល្លារ ​កាល​ពី​ឆ្នាំ​ ២០១៤ ​ លោក​ វន់ ពៅ ​ត្រូវ​បាន​គេ​វាយ​ប្រហារ​បែក​ក្បាល​ និង​ទ្រោម​ខ្លួន ​កាល​នោះ។ លោក ​វន់ ពៅ ​និង​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​មួយ​រយៈ​ មុន​នឹង​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ។ ​ប៉ុន្តែ​សំណុំ​រឿង​របស់​លោក​នៅ​តែ​បន្ត​ ហើយ​លោក​បាន​ប្តឹង​ទាស់​ជា​បន្ត​បន្ទាប់ ​រហូត​ដល់​តុលាការ​កំពូល។​

កាល​ពី​កន្លង​ទៅ ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ការ​តវ៉ា​របស់​កម្មករ​កាល​ពី​ដើម​ឆ្នាំ​ ២០១៤ ​នៅ​លើ​កំណត់​ផ្លូវ​វ៉េង​ស្រេង ​និង​តាម​រោងចក្រ​ផ្សេង​ទៀត​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ ​និង​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល។​ ប៉ុន្តែ​លោក​ វន់ ពៅ ​អះអាង​ថា​ ការ​ប្រមូល​ផ្តុំ​របស់​កម្មករ ​កាល​ពី​ថ្ងៃ​ទី​២ ​និង​ទី​៣​ ខែ​មករា​ ឆ្នាំ​ ២០១៤ ​គឺ​ជា​ការ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដែល​មិន​មែន​ជា​ការ​ផ្តួល​រលំ​រដ្ឋាភិបាល​នោះ​ទេ។​

កាល​ពី​ជាង​ ១ ០​ឆ្នាំ​មុន​ ក្រុម​កង​កម្លាំង​ចម្រុះ ​និង​ក្រុម​ទាហាន​ឆ័ត្រ​យោង ៩១១​ បាន​ប្រើ​ហិង្សា ​ហើយ​បាន​បាញ់​រះ​គ្រាប់​កាំភ្លើង​ពិត​ដែល​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​ ៤ ​នាក់​ស្លាប់ ​និង​រង​របួស​ចំនួន​ ៤៤ ​នាក់។​ កម្មករ​ម្នាក់​ឈ្មោះ ​ខឹម សុផាត ​បាន​បាត់​ខ្លួន​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG