ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកយក​ព័ត៌មាន​​ប្រឈម​​​ខ្ពស់​​ក្នុង​ការ​ផ្សាយ​អំឡុង​គ្រោះ​មហន្តរាយ


លោក Tony Morain នៃ​អង្គការ​មនុស្សធម៌ Direct Relief ថ្លែង​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​អំពី​«ការ​ផ្សាយ​ព័តមាន​នៅ​ក្នុង​អំឡុង​គ្រោះ​មហន្តរាយ» នៅ​ទី​ស្នាក់​ការ​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (វីអូអេ)
លោក Tony Morain នៃ​អង្គការ​មនុស្សធម៌ Direct Relief ថ្លែង​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​អំពី​«ការ​ផ្សាយ​ព័តមាន​នៅ​ក្នុង​អំឡុង​គ្រោះ​មហន្តរាយ» នៅ​ទី​ស្នាក់​ការ​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (វីអូអេ)

កាល​ពី​ថ្ងៃ​អង្គារ​ទី១៨​នេះ ​គណៈ​អភិបាល​ការ​ផ្សាយ​របស់​អាមេរិក​និង​សំឡេងសហ​រដ្ឋ​អាមេរិក​ សហការ​ជាមួយ​នឹង​អង្គការ​ជំនួយ ​និង​វេទិកា​អភិវឌ្ឍន៍​បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តី​អំពី​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​អំឡុង​គ្រោះ​មហន្តរាយ។ ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ផ្តោត​លើ​ទំនាក់ទំនង​រវាង​អ្នក​សារ​ព័ត៌មាន​ជាមួយ​នឹង​ភ្នាក់ងារ​មនុស្សធម៌ ​កត្តា​ប្រឈម​របស់​ក្រុម​មនុស្ស​ធម៌ ​និង​អ្នក​សារ​ព័ត៌មាន​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម ​និង​បច្ចេកវិទ្យា​ដើម្បី​ការ​ផ្សាយ​ព័ត៌មាន។​

ការ​ផ្សាយ​ព័ត៌មាន​ក្នុង​អំឡុង​គ្រោះ​មហន្តរាយ​គឺ​ជា​កិច្ច​ការ​ដ៏​សំខាន់​របស់​អ្នក​ផ្សាយ​ព័ត៌មាន ​ដើម្បី​ផ្តល់​ព័ត៌មានជាក់​លាក់ ​និង​សុក្រិត្យ​អំពី​ផល​ប៉ះ​ពាល់​នៃ​គ្រោះ​មហន្តរាយ​មក​លើ​អាយុ​ជីវិត​របស់​អ្នក​រស់​នៅ​ក្នុងតំបន់ ដែល​រង​គ្រោះ ​និង​ដើម្បី​ជំរុញ​ឲ្យ​មាន​ជំនួយ​មនុស្ស​ធម៌ ​និង​ការ​សង្រ្គោះ​ឲ្យ​ទាន់​ពេល​វេលា។​ ប៉ុន្តែ​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​អំឡុង​គ្រោះ​មហន្តរាយ​ ដូច​ជា​គ្រោះ​រញ្ជូយ​ដី​នៅ​ហៃ​ទី ​ព្យុះ​ទីហ្វុង​នៅ​ប្រទេសភីលីពីន​ ហើយ​ថ្មីៗ​នេះ​ ការ​រាត​ត្បាត​នៃ​ជំងឺ​អ៊ីប៊ូឡា​នៅ​អាហ្រ្វិក​ខាង​លិច ​ជា​ឧទាហរណ៍ ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ការ​ផ្សាយ​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​សង្គម ​នយោបាយ​ ឬ​វប្បធម៌។​

អ្នក​ជំនាញ​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ​ឲ្យ​ដឹង​ថា ​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ​ មាន​លក្ខណៈ​ពិសេស​ និងមាន​កត្តា​ប្រឈម​មួយ​ចំនួន ​ដូច​ជា ​ការ​ប្រឈម​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ បញ្ហា​សន្តិសុខ ​ការ​បង្កើតទំនាក់​ទំនង​ជាមួយ​នឹងភ្នាក់​ងារ​ជួយ​សង្គ្រោះ​ និង​ភ្នាក់​ងារ​មនុស្ស​ធម៌​ក្នុង​តំបន់​ ការ​ពិបាក​ក្នុង​ការបង្កើត​ការ​ជឿ​ទុក​ចិត្ត​ពី​សហគមន៍​ក្នុង​តំបន់​ តម្រូវ​ការ​សម្ភារៈ​បចេ្ចក​វិទ្យា​ជំនួយ ​និងមធ្យោបាយ​ធ្វើ​ដំណើរ​ពិសេស។​

លោក​ Gianluca Bruni ​ប្រធាន​សាខា​កិច្ច​សហ​ប្រតិបត្តិ​ការគ្រោះ​អាសន្ន​តាម​ប្រព័ន្ធ​បចេ្ចក​វិទ្យា​សារ​ព័ត៌មាន​របស់គម្រោង​អាហារូបត្ថម្ភ​ពិភពលោក​នៃអង្គការ​សហ​ប្រជា​ជាតិ​ និយាយ​អំពី​កត្តា​ប្រឈម​សម្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​អំឡុង​គ្រោះ​អាសន្ន។ ​លោក​ថ្លែង​ថា៖​

«ដំបូង ​កត្តា​សុវត្ថិភាព ​និង​សន្តិសុខ​គឺ​ជា​កត្តា​ប្រឈម​រួម​របស់​អ្នក​សារ​ព័ត៌មាន។​ យើង​មាន​តួនាទី​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ និង​នាំ​យក​ជំនួយ​ដល់​ជន​រង​គ្រោះ។​ ដូច្នេះ​ យើង​ត្រូវ​តែ​រក្សា​សុវត្ថិភាព​ខ្លួន​យើង។ ​ទី​ពីរ​ គឺ​ការ​ព្យាយាម​ប្រមូល​ព័ត៌មាន​ និង​ស្វែង​យល់​ឲ្យ​ច្បាស់​អំពី​ព័ត៌មាន​ទាំង​នោះ។​ ដូច្នេះ ​ការ​យល់​ដឹង​ពី​ស្ថាន​ភាព​ក្នុងតំបន់​ឲ្យ​ច្បាស់​គឺ​ពិបាក»។​

ការ​ផ្សាយ​ព័ត៌មាន​ក្នុង​ពេល​មានគ្រោះ​មហន្តរាយ​ត្រូវ​ការ​ព័ត៌មាន​ និង​តួលេខ​ជាក់​លាក់​ និង​ត្រឹម​ត្រូវ។ ​ដូច្នេះ​ ទំនាក់​ទំនង​រវាង​ភ្នាក់​ងារ​ជួយ​សង្រ្គោះ​ និង​ភ្នាក់​ងារ​មនុស្ស​ធម៌​ក្នុង​តំបន់​រង​គ្រោះ​ជាមួយ​នឹង​អ្នក​សារ​ព័ត៌មាន​គឺ​ជា​គន្លឹះ​ក្នុង​ការ​ទាញ​យក​ព័ត៌មាន​ទាំង​នេះ។​

លោក ​Frank Smyth ​ប្រធានអង្គការ​សន្តិសុខ​អ្នក​សារ​ព័ត៌មាន​ពិភព​លោក​ ជំរុញ​ឲ្យ​ភ្នាក់​ងារ​ជួយ​សង្គ្រោះ ​និង​ភ្នាក់​ងារ​មនុស្ស​ធម៌​សហការ​ជាមួយ​នឹង​អ្នក​សារ​ព័ត៌មាន​ក្នុង​ការ​កំណត់​ខ្លឹម​សារ​ព័ត៌មាន ​និង​ស្វែង​រក​អ្នក​ផ្តល់​ព័ត៌មាន​គន្លឹះ។​

លោក​ថា៖​ «ការ​កំណត់​ខ្លឹម​សារព័ត៌មាន​គឺ​យក​ខ្លឹម​សារ​ណា ​ដែល​មាន​ភាព​តាន​តឹង ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​ឬ​ក្តី​សង្ឃឹម​ជាដើម ​ដើម្បី​ផ្តល់​សាច់​រឿងចាប់​អារម្មណ៍​របស់​អ្នក​ស្តាប់។​ ហើយ​យើង​ត្រូវ​ជួយ​អ្នកសារ​ព័ត៌មាន​ស្វែង​រក​បុគ្គល​ ដែល​ផ្តល់​សាច់​រឿង​ផ្ទាល់ខ្លួន»។

អ្នក​ជំនាញ​បាន​ផ្តល់​ការ​ណែនាំ​ និង​វិធីសាស្ត្រ​គន្លឹះ​មួយ​ចំនួន​ដល់​អ្នក​ផ្សាយ​ព័ត៌មាន​ក្នុង​អំឡុង​ពេល​មាន​គ្រោះ​មហន្តរាយ ដូច​ជា ​ការ​បង្កើត​ការ​ជឿ​ទុក​ចិត្ត​ជាមួយ​នឹង​សហគមន៍​ក្នុង​តំបន់រង​គ្រោះ​ និង​ការ​ប្រើ​ប្រាស់​បចេ្ចក​វិទ្យា​ទំនើបជាដើម។​ ក្នុង​នោះ​ បច្ចេក​វិទ្យា​ និង​ប្រព័ន្ធ​សង្គម​ដើរ​តួនាទី​សំខាន់។​

លោក ​John Huddle ​ប្រធានក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ ​និង​សារ​ព័ត៌មានឈ្មោះ​ Thuraya ​ធ្វើ​ការ​ណែ​នាំ​អំពី​ឧបករណ៍​ផ្កាយ​រណប​សម្រាប់​ទូរស័ព្ទ​ដៃ​ទំនើប​ ឈ្មោះ ​Satesleeve ​សម្រាប់​អ្នក​សារ​ព័ត៌មាន​នៅតំបន់​មាន​ជម្លោះ​ និង​គ្រោះ​មហន្តរាយ។ ​ឧបករណ៍​នេះ​អាច​ជួយ​ឲ្យ​អ្នក​សារ​ព័ត៌មាន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​ស្ថាប័ន​របស់​ខ្លួន​ ទោះ​បី​ជា​តំបន់​នោះ​គ្មាន​ប្រព័ន្ធ​អ៊ីនធឺណែត ​ឬប្រព័ន្ធ​ផ្កាយ​រណបក៏​ដោយ។

លោក​ថ្លែង​ថា៖​ «ឧបករណ៍​នេះ​ជួយ​អ្នក​សារ​ព័ត៌មាន​រាយ​ការណ៍​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​ពី​ទី​កន្លែង​កើត​ហេតុ​ផ្ទាល់ ​ហើយ​ថែម​ទាំង​ជួយ​សម្រួល​កិច្ចការ​របស់​អង្គការ​ជួយ​សង្រ្គោះ ​និង​មនុស្ស​ធម៌ផង​ដែរ។ ​ហើយ​ឧបករណ៍​នេះ​មាន​ ​app ​មួយ។ ​ហើយ បើ​អ្នក​ចុច​ប៊ូតុង​នៅ​លើ​ app ​នោះ ​វា​នឹង​កំណត់​ទី​កន្លែង​របស់​អ្នក ​ហើយ​មជ្ឈមណ្ឌល​ឆ្លើយ​តប​អាសន្ន​របស់​យើង​នឹង​ទទួល​បាន​ព័ត៌មាន​នោះ​ ហើយ​ស្ថាប័ន​ព័ត៌មាន​របស់​អ្នក​ក៏​ទទួល​បាន​ព័ត៌មាន​នោះ​ដែរ»។​

ឧបករណ៍​នេះ​ជួយ​ការពារ​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​ ដែល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​មាន​ជម្លោះ​ ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​តាម​ដាន​ និង​បាត់​ដាន​ទីកន្លែង ដែល​អ្ន​ក​សារ​ព័ត៌មាន​បាន​ទៅ​ដល់ ​និង​រាយ​ការណ៍​ភ្លាម​ទៅ​កាន់​ស្ថាប័ន​ពាក់​ព័ន្ធ​ នៅ​ពេល​ដែល​មាន​ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ទាំង​បង្ខំ។​

លើស​ពី​នេះ ​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​អំឡុង​គ្រោះ​មហន្តរាយ​ទាមទារ​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធជា​មួយ​នឹង​សហគមន៍​ក្នុង​តំបន់ ​ដូច​ជា​អង្គការ​សង្គម​ស៊ីវិល ​មេដឹក​នាំ​សហគមន៍ ​មេ​ដឹកនាំ​សាសនា ​និង​អាជ្ញា​ធរ​ក្នុង​តំបន់​ ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​អំឡុង​ពេល​មាន​គ្រោះ​មហន្តរាយ។​

អ្នក​សារ​ព័ត៌មាន​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​សហការ ​កិច្ច​សហ​ប្រតិបត្តិការ​ ផ្តល់​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ និង​ចូលរួម​លើក​កម្ពស់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​ដល់​សហគមន៍​រង​គ្រោះ​មហន្តរាយ​ ហើយ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នោះ​ឲ្យ​បាន​ទូលំ​ទូលាយ​ ទាំង​តាម​រយៈ​វិទ្យុ ​ទូរទស្សន៍ ​ប្រព័ន្ធ​សង្គម ​កាសែត ​និង​តាម​គេហទំព័រ៕

XS
SM
MD
LG