ការស្លាប់របស់អ្នកកាសែតក្នុងស្រុកម្នាក់គឺលោក តាំង ទ្រី បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយក្នុងឆាកជាតិនិងអន្តរជាតិថ្វីបើកាសែត«វាលឥន្ទ្រីយ៍»ដែលលោកធ្វើការផ្តល់ព័ត៌មានជូនមានគេស្គាល់នៅមានកម្រិតក៏ដោយ។ កាសែតនេះចេញផ្សាយប្រចាំសប្តាហ៍។
លោក តាំង ទ្រី អាយុ៤៨ឆ្នាំត្រូវបានឃាតករមានគ្នាចំនួនបីនាក់សុទ្ធសឹងជាមន្ត្រីកងម្លាំងមានសមត្ថកិច្ចក្នុងនោះមានមន្ត្រីកងរាជអាវុធហត្ថ អតីតមន្ត្រីយោធា និងម្ចាស់រថយន្តបាញ់សម្លាប់នៅតាមបណ្តោយផ្លូវលំជនបទមួយកាលពីថ្ងៃអាទិត្យនៅស្រុកស្នួលខេត្តក្រចេះ។
ជាមន្ត្រីយោធាក្នុងខេត្តកំពង់ចាម លោក តាំង ទ្រី បានព្យួរការងារនិងបានចាប់យកអាជីពជាអ្នកយកព័ត៌មានឲ្យកាសែតវាលឥន្ទី្រយ៍និងជាសមាជិកសមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យនៅដើមឆ្នាំ២០០០។ លោកប្រចាំការសម្រាប់ខេត្តកំពង់ចាម និងខេត្តក្រចេះ។
អ្នកស្រី មុំ សុភី ជាភរិយារបស់លោកតាំង ទ្រី រំលឹកថាការប្តូរការងាររបស់ប្តីអ្នកស្រីគឺដើម្បីបញ្ហាជីវភាព។
«ពីសង្គមគាត់ធ្វើទាហាន យោធារួចពីហ្នឹងទៅគាត់ធ្វើកាសែតតែម្តងទៅ។ គាត់ទៅធ្វើការគាត់បានលុយ១ ទៅ២ម៉ឺន គាត់យកមកឱ្យខ្ញុំទៅ។ដល់ពេលគាត់មកដល់ផ្ទះបានមួយយប់ពីរយប់ទៅគាត់ត្រឡប់ទៅវិញទៅ»។
ក៏ប៉ុន្តែក្តីស្រម៉ៃនេះហាក់ដូចជាមិនបានធ្វើឲ្យជីវភាពរបស់លោកបានប្រសើរនោះទេ។
អ្នកស្រី មុំ សុភី បញ្ជាក់ថាស្វាមីលោកស្រីមិនសូវមកផ្ទះទេដោយសារតែលោកជាប់រវល់ការងារនៅខាងក្រៅ។ក៏ប៉ុន្តែលោកបានផ្គត់ផ្គង់ប្រាក់ក្នុងមួយខែប្រមាណ២០ម៉ឺនរៀលគឺប្រមាណ៥០ដុល្លារ។
ដោយសារតែមិនមានប្រាក់គ្រប់គ្រាន់អ្នកស្រីបានធ្វើការជាអ្នកបោកខោអាវឱ្យគេនៅផ្សារមួយនៃស្រុកពញាក្រែក ខេត្តកំពង់ចាម។
អ្នកស្រីរកប្រាក់ចំណូលប្រមាណពី១០ទៅ១៥ម៉ឺនរៀលតែប៉ុណ្ណោះក្នុងមួយខែបន្ថែមលើប្រាក់ស្វាមីដែលបានផ្តល់ឱ្យ។
«ខ្ញុំកំពុងតែអត់ អត់លុយព្យាបាលខ្លួនផង ប្តីស្លាប់ទៀត។ បើបានអី បើប្តីនៅទៅគ្រាន់បាន១ទៅ២ម៉ឺនគ្រាន់តែទិញថ្នាំទិញអីលេប។ ដល់ពេលគាត់បាត់បង់ជីវិតទៅខ្ញុំមិនដឹងជាទៅរកទីណា»។
លោក តាំង ទ្រី បានរៀបអាពាហ៍ពិពាហ៍ក្នុងអំឡុងទសវត្សរ៍ទី៩០និងមានកូនស្រីចំនួនពីរនាក់គឺកញ្ញា មុំ លីដា អាយុ២២ឆ្នាំ និង កញ្ញា មុំ នេត្រា អាយុ២០ឆ្នាំ។
ដោយសារតែជីវភាពក្នុងក្រុមគ្រួសារជួបការលំបាក មុំ លីដា បានសម្រេចឈប់រៀននិងចូលធ្វើការក្នុងកាស៊ីណូមួយនៅជាប់ព្រំដែនខេត្តកំពង់ចាមនិងប្រទេសវៀតណាមដើម្បីរកប្រាក់ជួយចិញ្ចឹមគ្រួសារ។
កញ្ញា មុំ លីដា និយាយថាមួយខែកញ្ញាបានផ្តល់ប្រាក់ប្រមាណពី២០ទៅ៣០ដុល្លារតែប៉ុណ្ណោះដែលសល់ពីប្រាក់សន្សំជួយដល់ក្រុមគ្រួសារ។
លោក សុខ សុវណ្ណ ប្រធានសមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យនិងជានិពន្ធនាយកកាសែតវាលឥន្ទ្រីយ៍មានប្រសាសន៍ថាភាគច្រើនលោក តាំង ទ្រី រាយការណ៍មកស្ថាប័នកាសែតរបស់លោកពីរឿងពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងខេត្តក្រចេះនិងខេត្តកំពង់ចាមដែលត្រូវបានឈ្មួញដ៏មានឥទ្ធិពលដឹកជញ្ជូនចេញរាល់ថ្ងៃទៅព្រំដែនវៀតណាម។
លោក សុខ សុវណ្ណបានប្រាប់វីអូអេថា៖
«មួយរយៈក្រោយហ្នឹងយើងទទួលព័ត៌មានពីគាត់ពីរឿងការកាប់បំផ្លាញព្រៃឈើនិងការដឹកជញ្ជូនឈើ។ លោកដឹងស្រាប់ហើយថានៅក្នុងមួយជួរខេត្តហ្នឹងគឺមានការសំរុកការដឹកជញ្ជូនឈើទៅប្រទេសវៀតណាម»។
មុនពេលលោក តាំង ទ្រី ត្រូវបានឃាតកបាញ់សម្លាប់លោកមានទំនាស់ឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំងជាមួយជនដៃដល់ដែលលោកបានស្គាល់ថាជាអ្នករកស៊ីឈើខុសច្បាប់ដ៏សកម្មមួយរួបក្នុងខេត្តក្រចេះ។
ការបាញ់សម្លាប់លោកតាំង ទ្រី ក្នុងពេលចុងក្រោយនេះធ្វើឱ្យចំនួនអ្នកកាសែតក្នុងប្រទេសកម្ពុជាចំនួន១៣នាក់ហើយដែលត្រូវបានបាញ់សម្លាប់ចាប់តាំងពីទសវត្សរ៍១៩៩០មក។
ពិធីបុណ្យសពលោកតាំង ទ្រី គម្រប់៧ថ្ងៃគ្រោងនឹងប្រព្រឹត្តធ្វើនៅថ្ងៃសុក្រ៕