ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារ​នៅ​ជំរំ​ជន​ភៀស​ខ្លួន Rohingya ក្នុង​ប្រទេស​បង់ក្លាដែសគូរ​រូប​ទិដ្ឋភាព​នៃ​ភាព​រន្ធត់​តក់ស្លុត


រូបគំនូរ​ដោយ​ក្មេង​ប្រុស​រ៉ូហ៊ីងយ៉ាង​ម្នាក់​បង្ហាញ​ពី​បទពិសោធន៍​​ដ៏​សាហាវ​ដែល​ខ្លួន​បាន​ឆ្លងកាត់អំឡុង​ពេល​រត់ភៀសខ្លួន​ពី​មីយ៉ាន់ម៉ា​ទៅ​បង់ក្លាដែស​នៅជំរំ​ក្នុង​ស្រុក Cox’s Bazar ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី​០២ តុលា​ ២០១៧។
រូបគំនូរ​ដោយ​ក្មេង​ប្រុស​រ៉ូហ៊ីងយ៉ាង​ម្នាក់​បង្ហាញ​ពី​បទពិសោធន៍​​ដ៏​សាហាវ​ដែល​ខ្លួន​បាន​ឆ្លងកាត់អំឡុង​ពេល​រត់ភៀសខ្លួន​ពី​មីយ៉ាន់ម៉ា​ទៅ​បង់ក្លាដែស​នៅជំរំ​ក្នុង​ស្រុក Cox’s Bazar ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី​០២ តុលា​ ២០១៧។

ជន​ភៀស​ខ្លួន Rohingya នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​បាន​ចោទ​ប្រកាន់​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ថា​បាន​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ផ្សេងៗ​របស់​ពួកគេ បន្ទាប់ពី​ក្រុម​ឧទ្ទាម Arakan Rohingya Salvation Army បាន​វាយ​ប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស និង​មូលដ្ឋាន​យោធា​នៅ​ភាគ​ខាង​ជើង​រដ្ឋ Rakhine នៃ​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី ២៥ ខែ​សីហា កន្លង​ទៅ​នេះ។

ទិដ្ឋភាព​រន្ធត់​នានា ដូចជា​ផ្ទះ​ត្រូវ​គេ​ដុត ឧទ្ធម្ភាគចក្រ​ហោះ​កាត់​ពី​លើ និង​ជន​អំបូរ Rohingya រត់​គេច​ពី​គ្រាប់​កាំភ្លើង និង​ក្រុម​ឧក្រិដ្ឋជន​ប្រដាប់​ដោយ​ដាវ​ជា​ដើម មិន​ត្រូវ​បាន​បង្ហាញ​ឲ្យ​អ្នក​សារព័ត៌មាន ឬ​អ្នក​តាមដាន​សិទ្ធិ​មនុស្ស​នានា​ដែល​ប្រមូល​ភស្តុតាង​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នេះ​បាន​ដឹង​នោះ​ទេ។ ប៉ុន្តែ ទិដ្ឋភាព​ទាំង​នេះ គឺ​បង្ហាញ​ឡើង​តាម​រយៈ​គំនូរ​ដែល​គូរ​ដោយ​កុមារ។

លោក Anthony Lake នាយក​ប្រតិបត្តិ​នៃ​អង្គការ UNICEF បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​នៅ​ក្នុង​ទីក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស កាល​ពី​ថ្ងៃ​ទី ៣ ខែ​តុលា កន្លង​ទៅ​នេះ​ថា៖ «នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ជាមួយ​នឹង​កុមារ ដោយ​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​រួច​ផុត​ពី​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​នោះ វិធី​មួយ​ដែល​យើង​ប្រើ​គឺ​ឲ្យ​កុមារ​ទាំង​នោះ​គូរ​រូប។ កន្លង​មក ខ្ញុំ​បាន​ឃើញ​រូប​ជា​ច្រើន​មាន​ទាំង​រូប​សប្បាយ​រីករាយ និង​រូប​ឈឺចាប់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កុមារ​ទាំង​នោះ​អាច​គូរ​រូប​ដ៏​សប្បាយ​រីករាយ​អំពី​ផ្ទះ​សម្បែង​របស់​ពួកគេ ឬ​ក៏​អំពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ​នៅ​ជុំវិញ​ខ្លួន‍»។

ប៉ុន្តែ ចំពោះ​រូប​គំនូរ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ឈឺចាប់​របស់​ជន​ភៀស​ខ្លួន Rohingya វិញ គឺ​ខុស​ពី​នេះ ដោយ​លោក​បាន​និយាយ​ថា៖ «រូប​គំនូរ​ដែល​កុមារ Rohingya គូរ​គឺ​គូរ​ឲ្យ​តក់ស្លុត។ រូប​គំនូរ​ទាំង​នោះ​បង្ហាញ​ពី​ទិដ្ឋភាព​ដែល​កុមារ Rohingya ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​រឿង​រ៉ាវ​នានា​ដែល​គ្មាន​កុមារ​ណា​គួរ​ឃើញ ឬ​ឆ្លងកាត់​នោះ​ទេ»។

រូប​គំនូរ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន និង​រូប​គំនូរ​ផ្សេង​ទៀត​ដែល​បាន​ចែក​រំលែក​ជាមួយ​នឹង VOA បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​នៃ​ការ​សម្លាប់​រង្គាល​ដែល​នឹក​ស្មាន​មិន​ដល់។

ក្នុង​ចំណោម​នោះ រូប​គំនូរ​មួយ​បង្ហាញ​ពី​បុរស​មួយ​ចំនួន​ដែល​ទំនង​ជា​ទាហាន បាញ់​សម្លាប់​ជន​ស៊ីវិល ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​អាច​សន្មត​ថា​ជា​ក្រុម​ឧក្រិដ្ឋជន ប្រើ​ដាវ​វែង​កាប់​ទៅ​លើ​ជន​រងគ្រោះ​ដែល​គ្មាន​អ្វី​ការពារ​ខ្លួន។

រូប​គំនូរ​មួយ​ទៀត​បង្ហាញ​ពី​សាកសព​លង់​ទឹក​នៅ​ក្នុង​ទន្លេ Naf ដែល​ជា​ទន្លេ​នៅ​ព្រំដែន​រវាង​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​បង់ក្លា។ កាល​ពី​ពេល​ថ្មីៗ​នេះ ជន​ភៀស​ខ្លួន Rohingya រាប់​សិប​នាក់​បាន​ស្លាប់ បន្ទាប់ពី​ទូក​របស់​ពួកគេ​បាន​លិច​នៅ​ក្នុង​ទន្លេ​នោះ។

រូប​គំនូរ​ជា​ច្រើន​ទៀត​បង្ហាញ​ពី​ឧទ្ធម្ភាគចក្រ និង​រថយន្ត​យោធា​បាញ់​រះ​លើ​ភូមិ​នានា ដែល​ធ្វើ​ឲ្យ​ភូមិ​ជា​ច្រើន​ឆេះ​យ៉ាង​សន្ធោសន្ធៅ។

លោក Anthony Lake បាន​និយាយ​ថា លោក​បាន​និយាយ​ជាមួយ​នឹង​ក្មេង​ប្រុស​ម្នាក់​ដែល​បាន​និយាយ​ថា ខ្លួន​បាន​ឃើញ​ក្មេង​ដទៃ​ទៀត​ដែល​កំពុង​លេង​បាល់​ទាត់​ត្រូវ​គេ​សម្លាប់។

លោក Anthony Lake និយាយ​យ៉ាង​ដូច្នេះ​ថា៖ «អ្នក​អាច​ស្រមៃ​មើល​ថា ប្រសិន​បើ​អ្នក​ជា​កូន​ក្មេង ហើយ​អ្នក​ឃើញ​ហេតុការណ៍​ដូច​នោះ តើ​អ្នក​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ដើម្បី​ឈប់​គិត​ពី​បញ្ហា​នោះ​ប្រសិនបើ​អ្នក​អាច​ធ្វើ​បាន​នោះ‍»។

ទាហាន​មីយ៉ាន់ម៉ា និង​រដ្ឋាភិបាល​ស៊ីវិល​ដែល​ដឹកនាំ​ដោយ​លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា កង​កម្លាំង​យោធា​មីយ៉ាន់ម៉ា​កំពុង​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ​ប្រឆាំង​នឹង​ជន​ស៊ីវិល ដោយ​បាន​រក្សា​គោល​ជំហរ​ថា ពួកគេ​នឹង​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំងក្លា​បំផុត​ក្នុង​ការ​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ស្លាប់ និង​របួស​ណា​មួយ​កើត​ឡើង​ចំពោះ​អ្នក​ដែល​មិន​មែន​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ។ ទាហាន និង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក៏​បាន​ទទូច​ផង​ដែរ​ថា ការ​រំលោភ​បំពាន​ណា​មួយ​នឹង​ត្រូវ​ស៊ើប​អង្កេត​ដើម្បី​ស្វែង​រក​ភស្តុតាង​ត្រឹមត្រូវ។ អ្នក​តំណាង​ការទូត​មីយ៉ាន់ម៉ា​នានា​នៅ​បរទេស​ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​អំពី​ការ​បោស​សម្អាត​ជាតិ​សាសន៍​នេះ​ផង​ដែរ។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​កាល​ពី​ចុង​ខែ​មុន លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) បាន​និយាយ​ថា ពួក​យោធា​បាន​បញ្ចប់​ប្រតិបត្តិការ​របស់​ខ្លួន​ក្រោយ​ថ្ងៃ​ទី ៥ ខែ​កញ្ញា ប៉ុន្តែ​ជន​អំបូរ Rohingya នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ប្រទេស​បង់ក្លាដែស ដែល​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ទំនងជា​ស្វែងរក​ម្ហូប​អាហារ​បរិភោគ។

មន្ត្រី​ជាន់​ខ្ពស់​មកពី​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ​នេះ​នៅ​ក្នុង​ប្រទេស​បង់ក្លា។ បន្ទាប់​ពី​ជំនួប​នោះ​បាន​បញ្ចប់​មក រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​និយាយ​ថា ខ្លួន​នឹង​ទទួល​យក​ជន​ភៀស​ខ្លួន Rohingya ត្រឡប់​មក​វិញ។ ជន​ភៀស​ខ្លួន Rohingya ទាំង​នេះ​បាន​គេច​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​កាន់​ប្រទេស​បង់ក្លាដែស ដោយសារតែ​ដំណើរការ​ត្រួតពិនិត្យ​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ដើម​ទសវត្សរ៍ ១៩៩០។ ប៉ុន្តែ គេ​នៅតែ​មិន​ទាន់​ទុក​ចិត្ត​ចំពោះ​ការ​លើក​ឡើង​ដូច​នេះ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​នោះ​ទេ។

ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ទៅ​លើ​ពួក​បះបោរ Arakan Rohingya Salvation Army បាន​ធ្វើ​ឲ្យ​ជន​អំបូរ Rohingya ជាង ៥ សែន​នាក់​គេច​ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​បង់ក្លា ដែល​នៅ​ទី​នោះ ពួកគេ​រស់នៅ​តាម​ជំរំ​ជន​ភៀស​ខ្លួន​ដ៏​ណែនណាន់​តាន់តាប់​នានា ដែល​ស្ថានការណ៍​នេះ​ត្រូវ​បាន​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ហៅ​ថា​ជា «សុបិន​អាក្រក់​ផ្នែក​មនុស្សធម៌ និង​សិទ្ធិ​មនុស្ស»។

ជន​ភៀស​ខ្លួន Rohingya ប្រហែល ៦០ ភាគរយ ជា​កុមារ ហើយ​កុមារ​ចំនួន​ពាក់​កណ្ដាល​មាន​អាយុ​ក្រោម ៥ ឆ្នាំ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ UNICEF។ អង្គការ​ផ្ដល់​ជំនួយ​នានា​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បំពេញ​តម្រូវការ​ផ្នែក​សុខភាព អាហារូបត្ថម្ភ និង​ការ​សិក្សា​អប់រំ​របស់​ពួកគេ។

មាន​កុមារ​ជា​ច្រើន​រស់នៅ​តាម​ជំរំ​ជន​ភៀស​ខ្លួន ដែល​កុមារ​ទាំង​នោះ​បាន​រត់​ចុះ​ឡើង​នៅ​តាម​កន្លែង​ស្នាក់នៅ​តាម​ទី​ទួល​ជម្រាល​នានា និង​ហែល​ទឹក​លេង​នៅ​ក្នុង​ទន្លេ​ដ៏​ល្អក់។ កុមារ​មួយ​ចំនួន​ត្រូវ​គេ​ឃើញ​ថា​បាន​ជួយ​សាងសង់​តង់​ស្នាក់នៅ​បណ្ដោះអាសន្ន​នានា។ ជន​ភៀស​ខ្លួន Rohingya រាប់​សែន​នាក់​កំពុង​រស់នៅ​ក្នុង​តំបន់​ជំរំ​ទាំង​នោះ។

អ្នក​នាំ​ពាក្យ​អង្គការ UNICEF ម្នាក់​បាន​ប្រាប់ VOA ថា រូប​គំនូរ​ដែល​ពួកគេ​ចែកចាយ​ទាំង​នេះ គឺ​គូរ​ដោយ​កុមារ​ជា​ច្រើន​នាក់​នៅ​ក្នុង​ជំរំ Balukhali ដែល​មក​ចូលរួម​នៅ​ក្នុង «មជ្ឈមណ្ឌល​សម្រាប់​កុមារ‍» បណ្ដោះអាសន្ន​នានា​របស់​អង្គការ UNICEF។

អង្គការ UNICEF បាន​ឲ្យ​ដឹង​ថា បុគ្គលិក​របស់​ខ្លួន​មាន​វត្តមាន​នៅ​ពេល​ដែល​កុមារ​គូរ​រូប​គំនូរ​ទាំង​នោះ​មួយ​ចំនួន។

កុមារ​ដែល​គូរ​រូប​គំនូរ​ទាំង​នេះ​មាន​អាយុ​ចាប់​ពី ៦ ឆ្នាំ ដល់ ១៤ ឆ្នាំ ហើយ​រូប​គំនូរ​ទាំង​នេះ​ត្រូវ​បាន​គូរ​ឡើង​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ។

ការ​ចោទ​ប្រកាន់​ដែល​បាន​លេច​ឡើង​ពី​រដ្ឋ Rakhine ដែល​ស្រដៀង​ទៅ​នឹង​ការ​អះអាង​ដែល​កើត​ឡើង​បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​ដំបូងៗ​បាន​ធ្វើ​ឡើង​ដោយ​ពួក​បះបោរ Arakan Rohingya Salvation Army ជិត​មួយ​ឆ្នាំ​កន្លង​មក​នេះ​មក ដូច​ទៅ​នឹង​ការ​សង្ស័យ​របស់​សាធារណជន​ទូទៅ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ជឿ​ថា រឿង​រ៉ាវ​ទាំង​នេះ​គឺ​គ្មាន​អ្វី​ក្រៅ​ពី «ព័ត៌មាន​ប្រឌិត» នោះ​ទេ។

ការ​ជួបជុំ​តវ៉ា​ជា​ច្រើន​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា។ ចំណែក​ឯ​អង្គការ​ព័ត៌មាន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នានា​បាន​ចាត់ទុក​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​អំពី​វិបត្តិ Rohingya នេះ ថា​មាន​លក្ខណៈ​លម្អៀង។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ដឹកនាំ​ក្រុម​អ្នក​ការទូត និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​នានា​ទៅ​កាន់​កន្លែង​ដែល​ជា​ចំណុច​ស្នូល​នៃ​ជម្លោះ​នៅ​ក្នុង​រដ្ឋ Rakhine ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី ២ ខែ​តុលា កន្លង​ទៅ​នេះ។ អង្គការ​ផ្ដល់​ជំនួយ និង​អ្នក​អង្កេត​ស្ថានការណ៍​ពី​ខាង​ក្រៅ​នានា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​តំបន់​នោះ​ទេ ចាប់តាំង​ពី​ថ្ងៃ​ទី ២៥ ខែ​សីហា​មក។

មាន​ករណី​លើកលែង​មួយ​ចំពោះ​ការ​ហាម​ប្រាម​នេះ គឺ​កាល​ពី​ខែ​មុន រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​នាំ​អ្នក​សារព័ត៌មាន​នានា​ទៅ​កាន់​តំបន់​នោះ ដើម្បី​មើល​រណ្ដៅ​សាកសព​របស់​អ្នក​កាន់​សាសនា​ហិណ្ឌូ​នានា​ដែល​ត្រូវ​បាន​ពួក​បះបោរ Arakan Rohingya Salvation Army សម្លាប់។ ក្រុម​ពួក​បះបោរ​នេះ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

មន្ត្រី​ការទូត​ម្នាក់​បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ Twitter ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​នោះ​ថា ឃុំ Maugdaw ដែល​ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​នឹង​ប្រទេស​បង់ក្លាដែស មាន​លក្ខណៈ​ដូចជា «ទីក្រុង​ខ្មោច» ដូច្នេះ​ដែរ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG