ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុង​កាប៊ុល​រង​ការ​បាញ់​រ៉ុក្កែត​ក្នុង​ពិធី​បុណ្យ​ Eid


លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។

នៅ​ព្រឹក​ថ្ងៃ​អង្គារនេះ​ ក្រុង​កាប៊ុល​រង​ការ​បាញ់​រ៉ុក្កែត​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ Ashraf Ghani កំពុង​ថ្លែង​សុន្ទរកថា​ផ្សាយ​ដោយ​ផ្ទាល់​តាម​វិទ្យុ និង​ទូរទស្សន៍​នៅ​ក្នុង​ពិធី​ពិសេស​មួយ​ដើម្បី​ប្រារព្ធ​បុណ្យ​ Eid-al-Adha នៃ​សាសនា​ឥស្លាម នៅ​ក្នុង​វិមាន​ប្រធានាធិបតី។ ​យ៉ាង​ហោច​ណាស់​មាន​រ៉ុក្កែត​មួយ​គ្រាប់​បាន​ធ្លាក់​នៅ​ជិត​វិមាន​ប្រធានាធិបតី​ក្នុង​តំបន់​បៃតង​នៃ​ក្រុង​កាប៊ុល។​

ពួក​ប៉ូលិស​ក្រុង​កាប៊ុល​បាននិយាយ​ថា​ពួក​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ប្រាំ​នាក់​បាន​លាក់​ខ្លួន​នៅ​ខាង​ក្រោយ​ព្រះវិហារ Eidgah នៃ​ក្រុង​កាប៊ុល​ហើយ​បាន​បាញ់​រ៉ុក្កែតច្រើន​គ្រាប់ពី​ទី​នោះ​ទៅ​កាន់​ផ្នែក​នានា​នៃ​ក្រុង​នេះ។​ ប្រភព​សន្តិសុខ​មួយ​បាន​បញ្ជាក់​ថា​មាន​រ៉ុក្កែត​យ៉ាង​តិច​ណាស់​១០គ្រាប់​បាន​ត្រូវ​បាញ់ ​ក៏​ប៉ុន្តែ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​មូលដ្ឋានរាយការណ៍​ថា​មានការ​បាញ់​រ៉ុក្កែត​ច្រើន​ជាង​នេះ។ ​

ជន​បួន​នាក់​ក្នុង​បណ្តា​ពួក​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ទាំង​នេះ​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​ក្នុង​មូលដ្ឋាន។ ​មាន​ប៉ូលិស​យ៉ាងតិច​ណាស់​ម្នាក់​បាន​ត្រូវ​របួស។​ ទូរទស្សន៍ ToloNews នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​រាយការណ៍​ថា​ឧទ្ធម្ភាគចក្រយោធា​មួយ​គ្រឿង​បាន​ធ្វើការ​វាយ​ប្រហារ​ទៅ​លើ​កន្លែង​លាក់​ខ្លួន​របស់​ពួក​អ្នកវាយ​ប្រហារ​ដោយ​រ៉ុក្កែត​នៅ​ជិត​ព្រះវិហារ Eidgah។​

លោក​ប្រធានាធិបតី​ Ghani ដែល​បាន​ថ្លែង​សុន្ទរកថា​លោក​តទៅ​ទៀត​បាន​និយាយ​ថា​ ជនជាតិ​អាហ្វហ្គានីស្ថាន​មិន​តក់ស្លុត​នឹង​ការ​វាយ​ប្រហារ​បែប​នេះ​ទេ។ ​លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​រដ្ឋាភិបាល​បាន​ប្រុង​ប្រៀប​សម្រាប់​ឧប្បត្តិហេតុ​មួយ​បែប​នេះ​នៅ​ក្នុង​ពិធី​បុណ្យ Eid។​

លោក Hashmatullah Stanikzai អ្នកនាំ​ពាក្យ​ពួក​ប៉ូលិស​ក្រុង​កាប៊ុល​បាន​និយាយ​ថា ​ពួក​ប៉ូលិស​រឹបអូស​យក​បាន​ឡាន​មួយ​គ្រឿង​របស់​ពួក​អ្នក​វាយ​ប្រហារ ក៏​ប៉ុន្តែ​កិច្ចប្រតិបត្តិការ​បោស​សម្អាត​នៅ​មាន​ធ្វើ​តទៅ​ទៀត​នៅ​ក្នុង​តំបន់​នោះ៕

XS
SM
MD
LG