ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​មន្ទីរ​ពិសោធន៍​ក្នុង​ក្រុង​វូហាន​ច្រានចោល​ការ​អះអាង​ដែលថា ជំងឺ​កូវីដ ១៩ មាន​ប្រភព​ចេញ​ពី​មន្ទីរ​ពិសោធន៍​នេះ


​មន្ទីរ​ពិសោធន៍​ជាតិ​សុវត្ថិភាព​ជីវសាស្ត្រក្នុង​ក្រុង​វូហាន ដែល​សិក្សា​ពី​វីរុស​ដ៏​គ្រោះថ្នាក់​ជាច្រើន​ប្រភេទ។ វិទ្យាស្ថាន​នេះគឺ​ជា​មន្ទីរពិសោធន៍​ ​ដែល​មាន​ការ​ការពារ​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង​ជា​ទី​បំផុត។ ​
​មន្ទីរ​ពិសោធន៍​ជាតិ​សុវត្ថិភាព​ជីវសាស្ត្រក្នុង​ក្រុង​វូហាន ដែល​សិក្សា​ពី​វីរុស​ដ៏​គ្រោះថ្នាក់​ជាច្រើន​ប្រភេទ។ វិទ្យាស្ថាន​នេះគឺ​ជា​មន្ទីរពិសោធន៍​ ​ដែល​មាន​ការ​ការពារ​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង​ជា​ទី​បំផុត។ ​

នាយក​មន្ទីរ​ពិសោធន៍​ជាតិ​សុវត្ថិភាព​ជីវសាស្ត្រក្នុង​ក្រុង​វូហាន​បាន​ច្រាន​ចោល​ការ​អះអាង​ដែល​ថា មន្ទីរពិសោធន៍​នេះ​អាច​ជា​ប្រភព​នៃ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី ដោយ​លើក​ឡើង​ថា «មិន​អាច​ទៅ​រួច​នោះ​ទេ​» ហើយ​បាន​ហៅ​ការ​អះអាង​នោះ​ថា​ជា «ជំនឿ​ផ្ទុយ​ពី​ការ​គិត​ទូទៅ»។ ការ​លើកឡើង​របស់​នាយក​មន្ទីរពិសោធន៍​នេះ​គឺ​ស្របគ្នា​ទៅ​នឹង​ការ​អះអាង​របស់​រដ្ឋាភិបាល​ចិន​និង​ក្រុម​មន្ត្រី​គណបក្ស​កុម្មុយនីស្ត​ដែរ​។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ​នឹង​បណ្ដាញ​ព័ត៌មាន CGTN ជា​ភាសា​អង់គ្លេស​របស់​រដ្ឋ​ចិន លោក Yuan Zhiming បាន​ថ្លែង​ថា៖ «គ្មាន​ផ្លូវ​នោះ​ទេ» ដែល​វីរុស​នេះ​មាន​ប្រភព​ចេញ​ពី​វិទ្យាស្ថាន​សិក្សា​ពី​វីរុស​ក្នុង​ក្រុង​វូហាន ជាពិសេស​ពី​ក្នុង​មន្ទីរពិសោធន៍ P4 របស់​ខ្លួន ដែល​ធ្វើការ​លើ​វីរុស​ដ៏​គ្រោះថ្នាក់​ជាច្រើន​ប្រភេទ។ ​

លោក Yuan ថ្លែង​ថា មិន​មាន​បុគ្គលិក​ណា​ម្នាក់​នៃ​វិទ្យាស្ថាន​នេះ​បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ឡើយ។ លោក​បាន​បន្ថែម​ទៀត​ថា៖ «វិទ្យាស្ថាន​នេះ​ទាំង​មូល​កំពុង​តែធ្វើការ​ស្រាវជ្រាវ​លើ​ផ្នែក​ជា​ច្រើន ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​នេះ»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រង​ការ​រិះគន់​ថា​ខ្វះ​តម្លាភាព​ក្នុង​ការ​ចាត់វិធានការ​ចំពោះ​ជំងឺ​រាតត្បាត​សាកល​នេះ ហើយ​សហរដ្ឋអាមេរិក​កំពុង​តែ​ធ្វើ​ការ​ស៊ើបអង្កេត​ថា​តើ​វីរុស​នេះ​មាន​ប្រភព​ចេញ​ពី​វិទ្យាស្ថាន​សិក្សា​ពី​វីរុស​ក្នុង​ក្រុង​វូហាន​នេះ ឬ​ក៏​យ៉ាង​ណា​នោះ។ វិទ្យាស្ថាន​នេះគឺ​ជា​មន្ទីរពិសោធន៍​សុវត្ថិភាព​ជីវសាស្ត្រ​ដែល​មាន​ការ​ការពារ​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង​ជា​ទី​បំផុត។

មាន​មន្ទិល​សង្ស័យ​អំពី​តួលេខ​ផ្លូវការ​នៃ​ចំនួន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ក្នុង​ក្រុង​វូហាន​តាំង​ពី​ដំបូង​មក​ម៉្លេះ ដោយសារ​តែ​រដ្ឋាភិបាល​ចិន​ជារឿយៗ​កែប្រែ​លក្ខខណ្ឌ​ក្នុង​ការ​រាប់​ចំនួន​ករណី​ឆ្លង នៅ​ពេល​ដែល​វីរុស​នេះ​ឆ្លង​រាលដាល​ខ្លាំង​បំផុត។ រហូត​ដល់​សប្ដាហ៍​មុន ទើប​អាជ្ញាធរ​ក្នុង​ក្រុង​វូហាន​បាន​សារភាព​ថា មាន​កំហុស​ឆ្គង​ក្នុង​ការ​រាប់​ចំនួន​ករណី​ស្លាប់​និង​បាន​ដំឡើង​តួលេខ​ករណី​ស្លាប់​រហូត​ដល់​៥០%។

ថ្វីត្បិត​តែ​ប្រភព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ មិន​ទាន់​ត្រូវ​បាន​កំណត់​ក៏​ដោយ ក៏​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​សង្ស័យ​ថា វីរុស​នេះ​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​នៅ​ក្នុង​ផ្សារ​លក់​សាច់​មួយ​កន្លែង​ក្នុង​ក្រុង​វូហាន ប្រទេស​ចិន។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​ម៉ោង​ក្នុង​សហរដ្ឋអាមេរិក ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​ទូទាំង​ពិភពលោក​មាន​ចំនួន​ជាង ២ លាន ៣ សែន នាក់ ករណី​ស្លាប់​មាន​ចំនួន​ជាង ១ សែន ៦ ម៉ឺន នាក់ និង​ករណី​ជា​សះស្បើយ​មាន​ចំនួន​ជិត ៦ សែន នាក់។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins ក្នុង​សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​នាំ​មុខ​គេ​ដែល​មាន​ករណី​ឆ្លង​និង​ស្លាប់​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក គឺ​មាន​ករណី​ឆ្លង​ជាង ៧ សែន ៣ ម៉ឺន នាក់ និង​ករណី​ស្លាប់​ជាង ៣ ម៉ឺន ៩ ពាន់ នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG