ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ពីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថានថា មន្ត្រីម្នាក់បាននិយាយថា ការផ្ទុះគ្រាប់បែកនៅតាមដងផ្លូវមួយបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ដោយរួមមានទាំងអភិបាលស្រុកម្នាក់ផងដែរ។
លោក Dost Mohammad Nayab អ្នកនាំពាក្យនៃអភិបាលខេត្ត Uruzgan បាននិយាយថាលោក Mohammad Ismail Haqyar អភិបាលស្រុក Charcheno បានត្រូវសម្លាប់ជាមួយអង្គរក្សរបស់លោក នៅពេលអ្នកទាំងនេះធ្វើដំណើរទៅកាន់ការិយាល័យរបស់ពួកគេ។
លោក Nayab បាននិយាយថា មិត្តម្នាក់របស់លោក Haqyar បានត្រូវរបួសនៅក្នុងការវាយប្រហារនោះ។
គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវដល់ការវាយប្រហារនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមបះបោរតាលីបង់ជាញឹកញយបានប្រើគ្រាប់បែកនៅតាមដងផ្លូវនិងការវាយប្រហារអត្តឃាតប្រឆាំងនឹងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងក្រុមមន្ត្រីរដ្ឋាភិបាលនៅទូទាំងប្រទេស។
នៅកន្លែងឯទៀតៗវិញក្នុងខេត្ត Uruzgan ប៉ូលិសជាន់ខ្ពស់ម្នាក់និងសហសេវិកថ្នាក់ទាបម្នាក់បានសុំចុះចាញ់ក្រុមយុទ្ធជនតាលីបង់នៅក្នុងស្រុក Dahrawud នៅក្រោយមានការប្រយុទ្ធគ្នាយ៉ាងយូរដើម្បីការពារកន្លែងឆែកឆេររបស់ពួកគេ នេះបើតាមការប្រាប់ឱ្យដឹងដោយលោក Noozai Popal ប្រធានប៉ូលិសនៅទីនោះ៕