ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​នៅ​ក្រុង​ហុងកុង​ព្រួយ​បារម្ភ​អំពី​ប្រតិកម្ម​ប្រឆាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង


បាតុករ​ស្ថិត​នៅ​ខាង​ក្រៅ​ស្នាក់​ការ​ប៉ូលិស​ក្នុង​ទីក្រុង​ហុងកុង ទាម​ទារ​ឲ្យ​ដក​សេចក្តី​ព្រាង​ច្បាប់​​ធ្វើ​បត្យាប័ន កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ២០១៩។
បាតុករ​ស្ថិត​នៅ​ខាង​ក្រៅ​ស្នាក់​ការ​ប៉ូលិស​ក្នុង​ទីក្រុង​ហុងកុង ទាម​ទារ​ឲ្យ​ដក​សេចក្តី​ព្រាង​ច្បាប់​​ធ្វើ​បត្យាប័ន កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ២០១៩។

សេចក្តី​សម្រេច​របស់​អាជ្ញាធរ​​ក្រុង​ហុង​កុង​ក្នុង​ការ​ផ្អាក​សេចក្តី​ស្នើ​ច្បាប់​ចម្រូង​ចម្រាស់​​មួយ​ស្តី​ពី​បត្យាប័ន​ដែល​មាន​​ការ​ប្រឈម​នឹង​ការ​ប្រឆាំងពី​មហាជន ​​ជា​ការ​នាំ​ឱ្យ​មាន​ការ​អាម៉ាស់​មុខ​ខាង​នយោបាយ​មួយ​សម្រាប់​គណបក្ស​កុម្មុយនិស្ត​ចិន។

​បាតុករ​មួយ​ចំនួន​តូច​បាន​បោះ​ជំរំ​នៅ​ខាង​ក្រៅ​អាគារ​នីតិ​បញ្ញត្តិ​នៃ​ក្រុង​ហុងកុង​ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ប្រជារាស្ត្រ​ក្រុង​ហុងកុង​រាប់​លាន​នាក់​បាន​ធ្វើការ​តវ៉ា​តាម​ផ្លូវ។​ ដោយ​ពិចារណា​អំពី​វិធាន​ការ​បន្ទាប់​របស់​ពួក​គេ ​បាតុករ​ច្រើន​នាក់​សង្ស័យ​ថា​ ក្នុង​ពេល​ឆាប់ៗ​នេះ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ធ្វើ​ការ​បង្ក្រាប។

លោក​ Cam ​ដែល​ជា​អ្នកស្រុក​ក្រុង​ហុងកុង​ម្នាក់ បាននិយាយ​ថា៖ «ជាការ​ច្បាស់​លាស់ ខ្ញុំ​ព្រួយ​បារម្ភ។ ក៏​ប៉ុន្តែ​ យើង​ត្រូវ​តែ​ធ្វើ​បាតុកម្ម​នេះ​តទៅ​ទៀត​ ពីព្រោះ​ប្រសិន​បើ​យើង​មិន​ប្រយុទ្ធ​នៅ​ពេល​នេះ​ទេ​ ប្រសិន​បើ​យើង​មិន​ប្រយុទ្ធ​ដើម្បី​សេរីភាព​យើង​ទេ​ នោះ​នឹង​គ្មានឱកាស​ទៀត​ទេ‍»។

សេចក្តី​សម្រេចរបស់អាជ្ញាធរ​ក្រុង​ហុង​កុង ក្នុង​ការ​ផ្អាក​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​បត្យាប័ន ជា​ការ​លែង​ទទួល​ស្គាល់​ឥទ្ធិពលរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ក្នុង​ក្រុង​ហុងកុង។

ហើយ​ជ័យជម្នះធំមួយ​សម្រាប់​ក្រុមសកម្មជន ​ដូចជា​លោក​ Joshua Wong​ ជា​ដើម គឺ​លោក​បានត្រូវ​ដោះលែង​ពី​ពន្ធនាគារ​ កាលពី​សប្តាហ៍មុន។ លោក​ Joshua Wong បាន​និយាយថា៖ «កាល​ពី​ប្រាំ​ឆ្នាំមុន​នេះ ​យើង​បាន​និយាយ​អះ​អាង​ថា​ យើង​នឹង​វិល​ត្រឡប់​មកវិញ។ ហើយ​នៅ​ពេល​នេះ​យើង​វិល​មក​វិញ​មែន‍»។

​ពលរដ្ឋ​ក្រុង​ហុង​កុង​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ព្រាងច្បាប់​នេះ​ ដោយ​មាន​អ្នក​ចូល​រួម​ច្រើន​នាក់​មិន​ធ្លាប់​មាន​ពី​ពេល​មុនៗ​ទេ។​ ក៏​ប៉ុន្ តែ​មាន​រយៈពេល​តឹងតែង​បំផុត​នៅ​ខាង​មុខ។

លោក​ Wilson Leung ​ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​មេធាវី​គាំទ្រ​សេចក្តី​ថ្លៃ​ថ្នូរ​នៅ​ក្នុង​ក្រុងហុងកុង​ បាន​និយាយ​ថា៖ «ខ្ញុំ​យល់​ថា ការ​ព្រួយ​បារម្ភ ​គឺ​ថា នៅ​ពេល​ណា​ដែល​ការ​យក​ចិត្ត​ទុក​ដាក់​អន្តរជាតិ​រសាយ​ នៅ​ពេល​នោះ​រដ្ឋាភិបាល​ក្រុងប៉េកាំង​នឹង​ខិតខំព្យាយាមដាក់កំហិត​ការ​ត្រួតត្រា​កណ្តាប់​ដៃ​ដែក​ក្នុង​ក្រុង​ហុងកុង​‍»។

គេយល់​ឃើញ​ដោយ​ភាគ​ច្រើន​ថា​ សំណើ​អំពី​បត្យាប័ន​ជា​កំហុស​ឆ្គង​ដែល​មិន​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ទេ។​ ក៏​ប៉ុន្តែ នៅ​ថ្ងៃ​មុ​ខ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រហែល​នឹង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ តាម​កលល្បិច​យ៉ាង​ប៉ិនប្រសប់​ជាងមុន។

លោក​ Wilson Leung បាន​ថ្លែង​ថា៖ «ជា​ឧទាហរណ៍​ ដូចជា​ការ​មាន​ឥទ្ធិពល​លើ​ការ​បោះ​ឆ្នោត។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជួយ​ពួក​បេក្ខជន​ដែល​គាំទ្រ​គោល​នយោបាយ​ពួក​គេ​ ឱ្យ​ជាប់​ឆ្នោត ​ហើយ​ធ្វើ​ឱ្យ​ពួក​សមាជិក​សភាខាង​ក្រុម​ប្រឆាំង​គ្មាន​គុណវុឌ្ឍិ។​រដ្ឋាភិបាល​នេះ​ក៏​ផ្តល់​ប្រាក់​ និង​លើកទឹកចិត្ត​ដល់​កាសែត​ដែល​គាំទ្រ​គោល​ជំហរ​របស់​ពួក​គេ​ផងដែរ‍»។

បាតុករ​ច្រើននាក់​និយាយ​ថា​ វិធី​តែ​មួយ​គត់ គឺ​អ្នកស្រី​ Carrie Lam ​មេដឹកនាំ​ក្រុង​ហុងកុង ​ដែល​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ គួរ​ចុះ​ចេញពី​តំណែង។

អ្នកស្រី​ Emily Lau​ ដែល​ជា​អតីត​សមាជិកា​សភា​ហុងកុង​ បាន​និយាយ​ថា៖ «មាន​មនុស្ស​ខ្លះ​នឹង​និយាយ​ថា​ តើ​បានការ​អី?​ ប្រសិន​បើ​អ្នកស្រី​ Lam ​ចុះ​ចេញពី​តំណែង ​លោក​អ្នក​នឹង​មាន​អាយ៉ង​មួយ​ទៀត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ដោយសារប្រព័ន្ធ​បោះឆ្នោត​របស់យើង​ មិន​ប្រជាធិបតេយ្យ។​ ក៏​ប៉ុន្តែ​ ការ​ពិត​ជាក់ស្តែង​អំពី​បញ្ហា​នេះ​គឺ​ត្រូវផ្តល់​សញ្ញា​ដល់ពួក​អាយ៉ង​ទាំង​អស់​ថា​ ប្រសិនបើ​អ្នកធ្វើអ្វី​ខុស​ អ្នកត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង»។

នៅ​ពេល​នេះ​ ការ​ធ្វើបាតុកម្ម​ប្រហែល​ជា​ជម្រើសតែ​មួយគត់។ លោក Joshua Wong ដែល​ជា​មេដឹកនាំ​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ហុង​កុង​ បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវតែ​បង់ខាត​អំពី​ការ​ធ្វើដូច្នេះ។​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ធ្វើ​ឱ្យ​ក្រុម​ពលរដ្ឋ​ធម្មតា​មួយ​ជំនាន់ប្រែ​ក្លាយ​ជា​ក្រុម​អ្នក​ប្រឆាំង​‍»។

ទោះ​ណា​ជាបាតុកម្ម​ចុះ​ថម​ថយ​នៅពេល​នេះក៏​ដោយ ​ក៏​នៅ​តែ​មាន​កំហឹង​ត​ទៅ​ទៀត៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG