សមាជិកម្នាក់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវិមានក្រឹមឡាំង និយាយថា មានហេតុផលជឿថា ជនសង្ស័យដ៏សំខាន់នៅក្នុងការសម្លាប់លោក Boris Nemtsov មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី បានសារភាពនៅក្រោមការធ្វើទារុណកម្ម។
លោក Andrei Babushkin បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា លោក បានឃើញស្នាមរបួសជាច្រើននៅលើខ្លួនប្រាណរបស់ Zaur Dadayev ក្នុងអំឡុងពេលចុះទៅមើលបន្ទប់ក្នុងគុករបស់ជនសង្ស័យកាលពីថ្ងៃអង្គារ។
ក្នុងខណៈនោះដែរ កាសែតមួយនៅក្នុងទីក្រុងមូស្គូ ប្រាប់ឲ្យដឹងថាDadayev បានបដិសេធពីការសារភាពរបស់ខ្លួនដល់ការសម្លាប់នេះ ដោយប្រាប់កាសែត Moskovsky Komsomoletsថា លោក បានប្រាប់ក្រុមរដ្ឋអំណាចថា គាត់មិនបានសម្លាប់លោក Nemtsov ហើយមានគម្រោងឆ្លើយថា ជាជនគ្មានកំហុសនៅពេលដែលលោកត្រូវគេនាំទៅមុខចៅក្រម។ ក៏ប៉ុន្តែលោកបាននិយាយថា នៅពេលដែលលោក ត្រូវបានគេនាំទៅកាន់តុលាការគេមិនបានផ្តល់ឱកាសឲ្យលោកដើម្បីនិយាយទេ។
កាសែតនោះ ក៏បានដកស្រង់សម្តីលោក Dadayevមកចុះផ្សាយដែរថា លោក បានផ្តល់ចម្លើយសារភាពមិនពិត ការធ្វើដូច្នេះប៉ូលិសនឹងដោះលែងមិត្តភក្តិម្នាក់ដែលបាននៅជាមួយលោកនៅពេលដែលលោកត្រូវចាប់ខ្លួន។
កាលពីថ្ងៃអាទិត្យ ចៅក្រមរុស្ស៊ីម្នាក់បានប្រកាសពីការសារភាពរបស់លោក Dadayev ខណៈដែលចៅក្រមនោះនិយាយថា ក្រុមអាជ្ញាធរបន្តការស៊ើបអង្កេតរបស់ខ្លួនលើជនសង្ស័យ៤នាក់ផ្សេងទៀត។
ជនសង្ស័យទាំង៥នាក់ បានបង្ហាញខ្លួនក្នុងតុលាការទីក្រុងមូស្គូ ហើយបានត្រូវចាប់ខ្លួននៅពេលដែលក្រុមមន្រ្តី បានសាកសួរពួកគេអំពីការបាញ់សម្លាប់លោក Nemtsovកាលពីថ្ងៃទី២៧ ខែកុម្ភៈ។លោក Nemtsovជាសត្រូវស៊ីសាច់ហុតឈាមរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។ លោក Nemtsov បានត្រូវគេបាញ់ពីខាងក្រោយចំនួនបួនលើកនៅពេលដែលលោក ដើរឆ្លងស្ពានមួយជាមួយមិត្តស្រីរបស់លោកនៅជិតវិមានក្រឹមឡាំង។
ចៅក្រម Nataliya Mushnikova បាននិយាយថា លោក DAdayevបានចុះហត្ថលេខាលើចម្លើយសារភាព ទោះជាយ៉ាងណាក៏ដោយគ្មានសេចក្តីលម្អិត បានបញ្ចេញអំពីតួនាទីរបស់លោកទេ៕