ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ ADB៖ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១​អាច​កើន​៤% តែ​ត្រូវ​មើល​ស្ថានភាព​កូវីដ​១៩​សិន


រូបឯកសារ៖ សំណង់អគារ​ខ្ពស់ៗ​នៅ​ត្រើយ​ខាងលិច​នៃ​ទន្លេ​ចតុមុខ រាជធានី​ភ្នំពេញ ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ADB នៅ​ថ្ងៃ​ពុធ​នេះ បាន​ព្យាករ​សន្ទុះ​សេដ្ឋកិច្ច​កម្ពុជា​ថា​នឹង​កើន​ក្នុង​អត្រា​៤%​ក្នុង​ឆ្នាំ​២០២១ តែ​បាន​ក្រើន​រំឭក​ថា​កំណើនជាក់​ស្ដែង​ក៏​អាស្រ័យផងដែរ​លើ​ស្ថាន​ភាព​ផ្ទុះ​ឆ្លង​កូវីដ​១៩​ក្នុង​សហគមន៍ ដែល​កំពុង​គំរាម​ទាំង​ជីវិត​និង​សេដ្ឋកិច្ច។

នេះ​ជា​ការ​ព្យាករ​មួយ​នៅ​ក្នុង​របាយការណ៍​ទស្សន​វិស័យអភិវឌ្ឍន៍​អាស៊ី(ADO)​ឆ្នាំ​២០២១ ដែលរាល់​តួ​លេខ​និង​ការ​ប្រមូល​ធាតុ​ចូល គិត​ត្រឹម​ស្ថាន​ភាព​ដំណាច់​ត្រី​មាស​ទី​មួយ​ឬ​ថ្ងៃ​ទី​៣១ ខែ​មីនា កន្លង​ទៅ ពោល​គឺ​មុន​ពេល​មាន​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ

របាយការណ៍​បញ្ជាក់​ថា៖ «ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​បណ្ដា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​នឹង​ជួយ​ទ្រទ្រង់​នូវ​តម្រូវការ​ខ្លាំង​នៃ​ផលិត​ផល​សម្រេច​នាំ​ចេញ​របស់​កម្ពុជា និង​លំហូរ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មក​ក្នុង​ប្រទេស»។

កំណើន​សេដ្ឋកិច្ច​កម្ពុជា​៤%​សម្រាប់​ឆ្នាំ​២០២១​នេះ ជា​ការ​កើន​ផ្លាត​ត្រឡប់​ពី​ការ​ធ្លាក់​ចុះ​ក្នុង​អត្រា -៣,១​% កាល​ពី​ឆ្នាំ​២០២០ ដោយ​សារ​វិបត្តិ​កូវីដ​១៩។ នេះ​បើ​យោង​តាម​ADB។

ADB​បាន​ឱ្យ​ដឹង​បន្ថែម​ថា​វិស័យ​ឧស្សាហកម្ម​-កម្មន្ត​សាល​អាច​មាន​សន្ទុះ​ជាង​គេ ដោយ​រំពឹង​ថា​កើន​ក្នុង​អត្រា​៧,១% ដោយ​សារ​ការ​ងើបមក​វិញ​នៃ​ផលិត​កម្ម​វាយន​ភណ្ឌ​ ស្បែក​ជើង សម្ភារៈ​ធ្វើ​ដំណើរ​និង​ឧស្សាហកម្ម​ធុន​ស្រាល​ដទៃ​ទៀត។

វិស័យ​កសិកម្ម​ត្រូវ​បាន​ADB​ព្យាករ​ថា​នឹង​កើន​ក្នុង​អត្រា​១,៣% ដោយ​សារ​ការ​សម្រុក​ដាំ​ដុះ​ក្រោយ​ទឹក​ជំនន់ចុង​ឆ្នាំ​២០២០ កំណើន​សកម្មភាព​វារី​វប្បកម្ម​ចិញ្ចឹម​មច្ឆាជាតិ និង​កំណើនការ​នាំ​កសិផល​ចេញ​ទៅ​ប្រទេស​ចិន ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ចុះ​ហត្ថលេខា​កាល​ពី​ចុង​ឆ្នាំ​មុន។

ADB​បន្ត​ថា​វិស័យ​សេវាកម្ម មាន​កំណើន​៣,៣% ជាមួយ​ការ​ងើប​យឺត​នៃ​វិ​ស័យ​ទេសចរណ៍។

លោក ឌួង ពូលឡង់ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ការិយាល័យ​ADB​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​អន​ឡាញ​មួយ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ថា៖

«វិស័យ​កម្មន្តសាល​ស្ថិត​ក្នុង​ទីតាំង​នៃ​កំណើន​រឹង​មាំ តែ​ការ​បន្ត​បិទ​ព្រំដែន​និង​ភាព​ទន់​ខ្សោយ​ដែល​ចេះ​តែ​បន្ត​ក្នុង​វិស័យ​សំណង់​និង​អចលន​ទ្រព្យ​នឹង​ពន្យឺត​ល្បឿន​នៃ​ការ​ងើប​ឡើង​មក​វិញ​របស់​សេដ្ឋ​កិច្ច»។

លោក ពូលឡង់ បាន​បន្ថែម​ដែរ​ថា​ការ​ប្រមូល​ចំណូល​របស់​រដ្ឋ​នៅ​ឆ្នាំ​២០២១ នេះ​អាច​នឹង​មាន​អត្រា​ទាប​ជាង​ការ​រំពឹង​ទុក ទល់​នឹង​ការ​ចំណាយ​របស់​រដ្ឋ​កើន​ឡើង ក្នុង​ការ​ប្រយុទ្ធ​នឹង​កូវីដ​១៩ ​ជាពិសេស​ចំណាយ​អំឡុង​ពេល​បិទ​ខ្ទប់​រាជ​ធានី​ និង​ផ្នែក​ផ្សេង​ទៀត​របស់​ប្រទេស​នេះ​តែម្ដង។

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ថ្ងៃពុធ​នេះ​ដែរ​ថា​រោងចក្រ​កាត់ដេរ​យ៉ាង​តិច​២០៦​ នៅ​៧​រាជធានី​ខេត្ត ​រង​ផល​ប៉ះពាល់​ផ្ទាល់​ពី​ការ​ផ្ទុះ​ឆ្លង​នៃ​កូវីដ​១៩ ក្នុង​នោះ​មាន​កម្មករ​ប្រមាណ​១.៧០០​នាក់ ​មាន​តេស្ដ​វិជ្ជមាន​ជំងឺ។ លើស​ពី​នេះ ជាង​១​ម៉ឺន​៧ពាន់នាក់​ផ្សេង​ទៀត ត្រូវ​ជាប់​ធ្វើ​ចត្តា​ឡីស័ក​ចាប់​តាំង​ពី​ការ​ផ្ទះ​ជំងឺ​កូវីដ​១៩ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​រូប​នេះ​បន្ត​ថា​ស្ថាប័ន​ពាក់​ព័ន្ធ​កំពុង​ជំរុញ​វិ​ស័យ​នេះឱ្យ​ដំណើរ​ការ​ឡើង​វិញ តាម​រយៈ​ជម្រើស​ការ​ចាក់​វ៉ាក់​សាំង ការ​ឆ្លាស់​វេន​គ្នា​ធ្វើ​ការ​និង​ការ​ទទូច​ឲ្យអ្នក​បញ្ជា​ទិញ​នៅ​ក្រៅ​ស្រុក កុំឱ្យ​ផ្លាស់​ប្ដូរ​ប្រភព​នៃ​ការ​ផ្គត់ផ្គង់​ពី​កម្ពុជា​ទៅ​ប្រទេស​ដទៃ។

រោងចក្រ​កាត់​ដេរ​នៅ​តាម​បណ្ដា​ខេត្ត​មិន​ទាន់ប្រឈម​នឹង​ការ​ដាក់​ក្នុង​កម្រិតការ​ឆ្លង​រាល​ដាល។ «​តំបន់​លឿង» ដែល​មាន​ហានិភ័យ​ទាប នៅ​រាជ​ធានី​ភ្នំពេញ គ្រោង​នឹង​ដំណើរ​ការ​បណ្ដើរៗ​ឡើង​វិញ ចាប់​ពី​ចុង​ខែមេសា​នេះ​ទៅ។ នេះ​បើ​យោង​តាម​លោក ហេង សួរ។

លោក David Freedman សេដ្ឋវិទូ​ADB​ប្រចាំ​ប្រទេស​កម្ពុជា និយាយ​ថា​បញ្ហា​គន្លឹះ​នៃ​ផល​ប៉ះ​ពាល់​នៃ​ការ​បិទ​ខ្ទប់​និ​ង​ការ​ឆ្លង​គំហុក​នៃ​កូវីដ​១៩​ក្នុង​ខែ​មេសា​នេះ ទៅ​លើ​តួលេខ​ដែល​ព្យាករ​ខាង​លើ អាស្រ័យ​លើ​ការ​គ្រប់គ្រង​ស្ថានការណ៍​ឆ្លង​និង​ល្បឿន​ងើប​ឡើង​វិញ​ក្រោយ​ការ​បិទ​ខ្ទប់។

លោក​បន្ថែម​ថា៖ «ទស្សនៈរបស់យើងនោះ​គឺថា​វា​ពិត​ណាស់​នឹង​អាច​ទៅ​រួច ជាមួយការ​ងើប​មកវិញយ៉ាង​ឆាប់​រហ័ស ​ក្រោយ​បិទ​ខ្ទប់ ជាមួយ​ការ​ពង្រាយ​ចាក់​វ៉ាក់​សាំង ការ​ព្យាករ​កំណើន​ខាង​លើ​នេះ​នឹង​មិន​រង​ផល​ប្រែប្រួល​អ្វី​ជា​ដុំ​កំភួន​ឡើយ​ពី​សំណាក់​ការ​ផ្ទុះ​ឆ្លង​នា​ពេល​បច្ចុប្បន្ន​នេះ។ តែ​ឥឡូវ​នេះ ពិត​ជា​ពិបាក​ស្មាន ដោយ​វា​ត្រូវ​អាស្រ័យ​លើ​ស្ថា​ន​ការណ៍​ពី​មួយ​ខែ​ទៅ​ពីរ​ខែ​ខាង​មុខ»។

លោក Freedman ក៏​សម្ដែង​ក្ដី​បារម្ភ​ផង​ដែរ​អំពី​បន្ទុក​ជំពាក់​បំណុល​របស់​គ្រួសារ​នានា អំឡុង​ពេល​បិទ​ខ្ទប់​និង​ឆ្លង​កូវីដ​នេះ ដែល​ពួកគេ​មាន​ចំណូល​ធ្លាក់​ចុះ​ ឬ​បាត់បង់​តែ​ម្ដង ខណៈ​ត្រូវ​ការ​ប្រាក់​ ដើម្បី​សង​បំណុល​ផង និង​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ផង។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​ លោក មាស សុខ​សេន​សាន អគ្គ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋ​កិច្ច ដើម្បី​សុំ​ការ​សម្ភាស​បាន​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ។

របាយ​ការណ៍​របស់​ADB​ ក៏​បាន​គូស​បញ្ជាក់​ថា​បំណុល​មិន​ដំណើរ​ការ​និង​បំណុល​ដែល​សង​មិន​បាន ដែល​វា​នឹង​«គំរាម​កំហែង​ដល់​ស្ថិរភាព​នៃ​វិស័យ»​ធនាគារ​និង​មីក្រូ​ហិរញ្ញវត្ថុ។

អ្នកជំនាញ​ADB ក៏​បាន​អង្កេត​ពី​ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ម្ហូប​អាហារ ​អំឡុង​ពេល​ផ្ទុះ​ឆ្លង​និងបិទ​ខ្ទប់​នេះ តែរបាយ​ការណ៍​លើក​ឡើង​ថា​អតិផរ​ណា​សម្រាប់​ឆ្នាំ​២០២១​នេះ ​នឹង​មាន​អត្រា​៣,១% ។

ការ​ព្យាករ​របស់​ADB​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំ​ណើន​៤​%​នេះ ត្រូវ​នឹង​តួលេខព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដែល​បាន​ប៉ាន់​ប្រមាណ​ក្នុង​អត្រា​ដូចគ្នា តែ​ស្ថាប័ន​ទាំងពីរ​សុទ្ធ​តែ​បាន​វាយ​តម្លៃ នៅ​មុន​ការ​ផ្ទុះ​ឆ្លង​កូវីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG