ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​កម្ពុជា​ថា«បាតុ​កម្ម​​ស៊ី​​ឈ្នួ​ល»មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​​​នោះ​ទេ


រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។
រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជាជាតិ អគ្គ​រាជ​ទូត​តំណាង​កម្ពុជា​បាន​លើក​ឡើង​ថា​នៅ​ប្រទេស​កម្ពុជា​មាន«បាតុ​កម្ម​ខុស​ច្បាប់ ឬ​បាតុ​កម្ម​ស៊ី​ឈ្នួល» ដែលមន្រ្តី​ថា​មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​នោះ​ទេ។

លោក អាន សុ​ខខឿន ឯក​អគ្គរាជ​ទូត​និង​ជា​តំណាង​អចិ​ន្ត្រៃយ៍​នៃ​កម្ពុជា ប្រចាំ​ការិយា​ល័យ​អង្គ​ការ​សហ​ប្រជា​ជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ បាន​បង្ហាញ​របាយ​ការណ៍​ស្តី​ពី«វឌ្ឍនភាព​របស់​កម្ពុជា​ក្នុ​ង​វិស័យ​សិទ្ធិ​មនុស្ស» ដែល​ត្រូវ​បាន​បង្ហាញ​ក្នុងកិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី​៤៧​កាលពី​សប្តាហ៍​មុន។ លោក​បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដែល​កន្លង​ទៅ​ត្រូវ​បាន​រិះគន់​ថា​រឹត​ត្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ និង​ប្រមូល​ផ្តុំ​តវ៉ា។

លោក​បញ្ជាក់​នៅ​ក្នុង​របាយ​ការណ៍​ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៃ​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា​ថា​៖ «គណៈ​ប្រតិភូ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា​ការ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ ឬ​បាតុកម្ម​ស៊ី​ឈ្នួល​ដែល​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​តុលាការ ឬ​រំខាន​ដល់​សណ្តាប់​ធ្នាប់​សាធារ​ណៈ​ ពុំ​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ»។

របាយ​ការណ៍​ក៏​បាន​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​ព័ត៌​មាន​ក្លែង​ក្លាយ​ និង​ការ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ទាក់​ទង​នឹង​ជំងឺ​កូវីដ១៩ ​ហើយ​រដ្ឋាភិបាល​បាន​ផ្ដល់​អាទិ​ភាព​ដល់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ដោយ​ឥត​គិត​ថ្លៃ​ និង​ដោយ​ស្ម័គ្រចិត្ត ចាប់​តាំង​ពី​ខែ​កុម្ភៈ​ ដើម្បី​ធានា​បាន​ថា​អ្នក​សារព័ត៌​មាន​អាច​បំពេញ​ការងារ​ជួរ​មុខ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន។

​រដ្ឋាភិបាល​កម្ពុជា​បាន​រង​ការ​រិះគន់​ថា​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន ក្នុង​នោះ​ក៏​មាន​ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន ដោយ​សារ​ការបង្ហោះ​សារ​របស់​ពួកគេ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​លើ​បញ្ហា​ជំងឺ​កូវីដ​១៩៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG