ក្រុមសិទ្ធិមនុស្សនិងសកម្មជនសិទ្ធិមនុស្សកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យអំពីការស្លាប់របស់លោក Ji Sizun សកម្មជនផ្នែកច្បាប់នៅជនបទក្នុងប្រទេសចិន។
លោក Ji បានស្លាប់ដោយសារជំងឺមហារីកកាលពីថ្ងៃពុធក្នុងមន្ទីរពេទ្យដែលមានប៉ូលិសយាមនៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍ គឺរយៈពេលពីរខែបន្ទាប់ពីការដោះលែងគាត់ពីពន្ធនាគារ។
សាកសពរបស់លោកJiបានត្រូវបានអាជ្ញាធរមូលដ្ឋានបូជាតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគាត់ស្លាប់។
លោក Ji ដែលត្រូវបានគេស្គាល់ថា ជាមេធាវីគ្មានស្បែកជើងពាក់ហើយដែលមិនបានចុះបញ្ជីមេធាវី បានផ្តល់សេវានិងការបណ្តុះបណ្តាលផ្នែកច្បាប់ដល់ក្រុមពលរដ្ឋដែលជួបការលំបាកខាងសង្គម ដូចជាស្ត្រីដែលត្រូវបង្ខំឱ្យរំលូតទារក និងជនរងគ្រោះនៃការបណ្តេញចេញពីផ្ទះសម្បែងនិងការដកហូតដីធ្លីជាដើម។
អ្នកស្រី Yaqiu Wang អ្នកស្រាវជ្រាវជនជាតិចិននៅអង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានថា៖ «អាជ្ញាធរចិនត្រូវតែធ្វើការស៊ើបអង្កេតអំពីការស្នាក់នៅមន្ទីរពេទ្យនិងការស្លាប់របស់លោក Ji Sizun ហើយអ្នកដែលធ្វើខុស ត្រូវទទួលខុសត្រូវ»។
អ្នកស្រីបន្ថែមថា៖ «សម្រាប់អ្នកការពារសិទិ្ធមនុស្សនៅក្នុងប្រទេសចិន ការកាត់ទោសជាប់ពន្ធនាគារក្លាយជាការកាត់ទោសប្រហារជីវិតច្រើនទៅៗ»។
លោកJi ជាប់ពន្ធនាគារជាលើកដំបូងកាលពីឆ្នាំ២០០៩រយៈពេល៣ ឆ្នាំ តាមការចោទប្រកាន់ពីបទក្លែងបន្លំត្រានិងឯកសារផ្លូវការ បន្ទាប់ពីគាត់បានដាក់ពាក្យសុំការអនុញ្ញាតរៀបចំបាតុកម្ម កំឡុងពេលមានការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉េកាំងឆ្នាំ២០០៨។
នៅឆ្នាំ២០១៦ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំកន្លះពីបទ«ប្រមូលផ្តុំមនុស្សរំខានដល់សណ្តាប់ធ្នាប់សាធារណៈ» និង «បង្កការឈ្លោះប្រកែកនិងការបំផុសបំផុល»បន្ទាប់ពីគាត់បានជួយដាក់ពាក្យសុំរៀបចំការតវ៉ានិងការគាំទ្ររបស់គាត់ដល់ចលនាប្រជាធិបតេយ្យនៅហុងកុង។
ក្រុមសិទិ្ធមនុស្សកត់សម្គាល់ថា លោកJi មិនមែនជាអ្នកការពារសិទិ្ធមនុស្សទីមួយដែលស្លាប់នៅក្នុងការឃុំខ្លួនដោយប៉ូលិសនោះទេ។
ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកក្រុមប្រឆាំងជាច្រើននៅប្រទេសចិនបានទទួលរងវាសនាស្រដៀងគ្នានេះដែរគឺធ្លាក់ខ្លួនឈឺធ្ងន់ក្នុងការឃុំឃាំង មិនត្រូវបានអនុញ្ញាតឲ្យទទួលបានការថែទាំសុខភាពគ្រប់គ្រាន់ ហើយស្លាប់ ទាំងនៅក្នុងការឃុំឃាំង ឬស្លាប់មិនយូរប៉ុន្មានបន្ទាប់ពីត្រូវបានដោះលែង។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានឱ្យដឹងថា អ្នកដែលបានស្លាប់រួមមានលោក Yang Tongyan អ្នកនិពន្ធប្រឆាំងដែលស្លាប់នៅឆ្នាំ២០១៧ព្រះេតជព្រះគុណ lama Tenzin Delek Rinpochein ជាទីគោរពបូជាដែលសុគតនៅឆ្នាំ២០១៥ និងលោកCao Shunliin សកម្មជនដែលស្លាប់នៅឆ្នាំ២០១៤។
ថ្ងៃទី១៣ខែកក្កដាគឺជាខួបលើកទី២នៃមរណភាពរបស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព Liu Xiaobo ដែលបានស្លាប់ដោយសារជំងឺមហារីកថ្លើម ពេលគាត់កំពុងជាប់ឃុំឃាំងរយៈពេល១១ឆ្នាំ។
លោក Albert Ho ប្រធានអង្គការ China Human Rights Concern Group ជាក្រុមសិទ្ធិមនុស្សចិននៅហុងកុងបាននិយាយថា ជាការណ៍ពិត ការបូជាសាកសពរបស់លោកJi យ៉ាងប្រញាប់ប្រញាល់នោះ បង្ហាញពីការលាក់បាំង។
លោក Albert Ho បាននិយាយថា៖ «មិនមែនមានតែមួយករណីនោះទេ។ មានករណីជាច្រើនដែលមនុស្សស្លាប់នៅក្នុងការឃុំខ្លួនជាផ្លូវការ ហើយបន្ទាប់មកសាកសពទាំងនោះត្រូវបានបំបាត់ចោលភ្លាមៗដោយគ្មានការយល់ព្រមពីសមាជិកគ្រួសារ។ ហេតុដូច្នេះពួកគេត្រូវបានបដិសេធឱកាសក្នុងការអំពាវនាវឲ្យមានការពិនិត្យនិងការស៊ើបអង្កេតអំពីបុព្វហេតុពិតប្រាកដនៃការស្លាប់»។
សកម្មជនសិទ្ធិមនុស្សម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា បញ្ហារបស់លោកJi«ពោរពេញទៅដោយចម្ងល់ច្រើនជាងចម្លើយ»។
សកម្មជនរូបនេះបាននិយាយថា លោក Ji ត្រូវបានគេដោះលែងកាលពីចុងខែមេសា ប៉ុន្តែលោកត្រូវបានហាមមិនឲ្យមានទំនាក់ទំនងអស់រយៈពេល១០ថ្ងៃ មុនពេលគ្រួសាររបស់គាត់អាចទៅជួបគាត់នៅទីបំផុត នៅពេលដែលគាត់សឹងតែមិនដឹងខ្លួន ហើយត្រូវគេមើលថែទាំងស្រុង។
ដោយសារសុខភាពរបស់លោកJiធ្លាក់ដុនដាប អាជ្ញាធរមូលដ្ឋានបានដាក់អ្នកយាមនៅខាងក្រៅបន្ទប់ដើម្បីរារាំងមិនឲ្យក្រុមគ្រួសារនិងមិត្តភក្តិចូលសួរសុខទុក្ខគាត់ឬតាមដានការស្លាប់យ៉ាងត្រដឺតត្រដករបស់គាត់។
កាលពីខែមិថុនា អាជ្ញាធរបានបង្ខំឱ្យគ្រួសារគាត់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមេធាវីមួយដែលអនុញ្ញាតឱ្យអាជ្ញាធរបូជាសពដោយមិនចាំបាច់មានការយល់ព្រមពីគ្រួសារ។
សកម្មជនរូបនេះបាននិយាយថា៖ «និយាយរួម មិនអាចមិនមានការសង្ស័យនោះទេ ព្រោះមនុស្សស្លាប់ដោយបង្ខំមានសភាពអាក្រក់ជាងមនុស្សស្លាប់ដោយសារជំងឺធម្មជាតិ»។
មានសេចក្តីរាយការណ៍ថា គ្រួសាររបស់លោក Ji បានឲ្យដឹងថា គាត់មានស្ថានភាពកាយសម្បទារឹងមាំ នៅពេលគាត់ចូលពន្ធនាគារក្នុងឆ្នាំ២០១៤។ ប៉ុន្តែក្នុងអំឡុងពេលឃុំខ្លួន គាត់មានជំងឺលើសឈាម ជំងឺទឹកនោមផ្អែមនិងជំងឺសរសៃឈាមបេះដូង។ សំណើរបស់មេធាវីសុំយកគាត់ចេញពីការឃុំឃាំងដើម្បីមកព្យាបាលជំងឺ ត្រូវបានបដិសេធម្តងហើយម្តងទៀត។
ក្រុមសិទ្ធិមនុស្សនិយាយថា ត្រូវតែមានយុត្តិធម៌សម្រាប់ការស្លាប់របស់លោកJi និងមនុស្សជាច្រើនទៀត បើមិនអ៊ីចឹងទេជីវិតជាច្រើនទៀតនឹងត្រូវបានបាត់បង់។
លោក Wang នៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបានបន្ថែមថា៖ «ការខកខានរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជាសាធារណៈចំពោះការស្លាប់ទាំងនេះមានន័យថា ការបាត់បង់ជីវិតដោយមិនចាំបាច់នៅក្នុងពេលអនាគតនឹងមានថែមទៀត»។
លោក Ho បានអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.ពិនិត្យមើលបញ្ហានេះ ហើយបានជំរុញឱ្យប្រទេសចិនបង្កើតតុលាការពិសេសមួយដោយមានការស៊ើបអង្កេតដែលធ្វើឡើងក្រោមការឃ្លាំមើលជាសាធារណៈ។
នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយអង្គការការពារសិទិ្ធមនុស្សចិនបានបង្ហាញពីការព្រួយបារម្ភបន្ថែមទៀតអំពីស្ថានភាពនៃអ្នកជាប់ឃុំដែលមានជំងឺធ្ងន់ធ្ងរ។ អ្នកដែលឋិតនៅក្នុងបញ្ជីតាមដានវេជ្ជសាស្រ្តរបស់អង្គការនេះរួមមាន ឈ្មោះHuang Qi, Hu Shigen និង Li Yuhan ដែលអង្គការការពារសិទ្ធិមនុស្សចិនCHRD និយាយថា កំពុងបន្តមានជំងឺដោយសារពួកគេបាត់បង់សិទ្ធិទទួលបានការព្យាបាលត្រឹមត្រូវដែលជាទម្រង់ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាទារុណកម្មឬការធ្វើបាបបែបអមនុស្សធម៌៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ