ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​បន្ត​អំពាវនាវ​ដល់​ប្រទេស​ឡាវ​ឲ្យ​ផ្តល់​ព័ត៌មាន​អំពី​ជន​ភៀស​ខ្លួន​របស់​ទីភ្នាក់ងារ​ទទួល​​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អសប


ក្មេងៗ​របស់​ជនជាតិ​ភាគ​តិច​មង​លក់​វត្ថុ​អនុស្សាវរីយ៍​ និង​ភេសជ្ជៈ នៅ​ក្នុង​ក្រុង Sapa ខេត្ត Lao Cai ប្រទេស​វៀតណាម។
ក្មេងៗ​របស់​ជនជាតិ​ភាគ​តិច​មង​លក់​វត្ថុ​អនុស្សាវរីយ៍​ និង​ភេសជ្ជៈ នៅ​ក្នុង​ក្រុង Sapa ខេត្ត Lao Cai ប្រទេស​វៀតណាម។

អង្គការ​សិទ្ធិ​មនុស្ស​ហើយ​ និង​ក្រុម​សកម្ម​ជន​កំពុង​បន្ត​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឡាវ​ឲ្យ​បញ្ចេញ​ព័ត៌មាន​ស្តី​ពី​ទី​កន្លែង​របស់​លោក ខា យ៉ាង ជនជាតិ​មង​ឡាវ​ម្នាក់​ដែល​អង្គការ​សហប្រជាជាតិ​បាន​ទទួល​ស្គាល់​ថា​ជា​ជន​ភៀស​ខ្លួន​ដែល​កំពុង​បាត់​ខ្លួន​ចាប់​តាំង​ពី​ការ​និរទេស​ខ្លួន​លោក​ពី​ប្រទេស​ថៃ​នៅ​ខែ​ធ្នូ ​ឆ្នាំ​២០១១​មក។

​លោក ខា យ៉ាង ជា​បុគ្គល​ចុង​ក្រោយ​បង្អស់​នៃ​ក្រុមជន​ជាតិ​មង​១៥៨​នាក់​ដែល​ត្រូវ​បាន​ផ្តល់​ការ​តាំង​ទី​លំនៅ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក ក្រោយ​ពី​ត្រូវ​បាន​បញ្ជូន​ពី​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០០៩​ទៅ​កាន់​ប្រទេស​ឡាវ​វិញ។ ថ្វី​បើ​មាន​ការ​អំពាវនាវ​កាន់​តែ​ខ្លាំង​ឡើង​ពី​ឥស្សរជន​ល្បីៗ​ រួម​មាន​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​ជោគ​វាសនា​របស់​លោក យ៉ាង នៅ​តែ​មាន​ភាព​មិន​ប្រាកដ​ប្រជា។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក បាន​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ពី​ករណី​របស់​លោក​យ៉ាង ហើយ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឡាវ​ឲ្យ​ផ្តល់​សេចក្តី​លម្អិត​ស្តី​ពី​សុខមាលភាព​ និង​ទី​កន្លែង​របស់​លោក​យ៉ាង។ លោក Phil Robertson អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា លោក​មាន​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​របស់​លោក​យ៉ាង។

លោក Robertson បាន​មាន​ប្រសាសន៍​ថា «យើង​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ឥឡូវ​នេះ ពី​ព្រោះ​តែ​យើង​មិន​អាច​រក​លោក​ឃើញ‍។ មាន​សេចក្តីរាយការណ៍​ថា លោក​បាន​ត្រូវ​គេ​ដាក់​ពន្ធនាគារ​ភ្លាមៗ​បន្ទាប់​លោក​បាន​វិលត្រឡប់​ទៅ​កាន់​ប្រទេស​ឡាវ​វិញ។យើង​ដឹង​ការ​ពិត​ថា ការ​ឃុំ​ឃាំង​មុន​ពេល​កាត់​ទោស​នៅ​ក្នុង​ប្រទេស​ឡាវ​ជារឿយៗ​មនុស្ស​នោះ​ត្រូវ​បាន​គេ​រំលោភ​បំពាន ​ដូច្នេះ​យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ថា​តើ​លោក​ត្រូវ​បាន​គេ​ប្រព្រឹត្ត​ទៅ​លើ​យ៉ាង​ដូចម្តេច​ទាំង​ការ​ឃុំ​ឃាំង​មុន​ពេល​កាត់​ទោស​ហើយ​និង​ថា​តើ​លោក​បាន​ទទួល​ការ​កាត់​ទោស​ដែរ​ឬ​ទេ‍»។

ក្រុម​គ្រួសារ​របស់​លោក ខា យ៉ាង បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​ឡាវ​នៅ​ឆ្នាំ​២០០៤​បន្ទាប់​ពី​សមាជិក​ម្នាក់​របស់​ក្រុម​គ្រួសារ​របស់​លោក​បាន​ត្រូវ​សម្លាប់​ដោយ​ពួក​មន្រ្តី​ឡាវ។ ​ពួក​គេ​បាន​ត្រូវ​ឃុំ​ខ្លួន​នៅ​ឯ​មជ្ឈមណ្ឌល​ឃុំ​ឃាំង Nong Khai ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ថៃ​ជាមួយ​ឡាវ ហើយ​ក្រោយ​មក​បាន​ត្រូវ​ទទួល​ស្គាល់​ជា​ជន​ភៀស​ខ្លួន​ដោយ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ (UNHCR)។

​នៅ​ឆ្នាំ​២០០៩ ​ប្រទេស​ថៃ​ និង​ឡាវ​បាន​ធ្វើឲ្យ​សម្រេច​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​មាតុភូមិ​និវត្តន៍​ ពួក​អ្នក​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន​ជនជាតិ​មង​ជាង​៤​ពាន់​នាក់​នៅ​ក្នុង​ជំរំ​នានា​ដោយ​រួម​បញ្ចូល​ទាំង​ជន​ជាតិ​មង​១៥៨​នាក់​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ទី​ភ្នាក់​ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ (UNHCR)។ នៅ​ថ្ងៃ​ទី​២៨ ​ខែ​ធ្នូ ​ឆ្នាំ​២០០៩ កង​ទ័ព​ថៃ​បាន​រុញ​ជនភៀស​ខ្លួន​ចូល​ក្នុង​រថយន្ត​ក្រុង ហើយ​បាន​រារាំង​ពួក​មន្រ្តី​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​មិន​ឲ្យ​ជួប​ជន​ភៀស​ខ្លួន​ទាំង​នោះ​ទៀត​ផង។

នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នោះ អង្គការសហប្រជាជាតិ​បាន​ទទួល​ស្គាល់​ថា ​ជនភៀស​ខ្លួន​ទាំង​នោះ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ប្រទេស​ឡាវ។ ​ក៏ប៉ុន្តែ ​ការណ៍​នេះ​មិន​បាន​កើត​មាន​ឡើង​ទេ។

មាតុភូមិ​និវត្តិន៍​ជនជាតិ​ភាគ​តិច​មង​ទាំង​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​អន្តរជាតិ ​ជា​ពិសេស​ពេល​ដែល​ពួក​អាជ្ញាធរ​ថៃ​បាន​ជួយ​ឲ្យ​មាន​ការ​តាំង​ទី​លំនៅ​ថ្មី​របស់​ជន​ជាតិមង​១៤.០០០​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាល​ពី​៦​ឆ្នាំ​មុន។

លោក Joe Davy អ្នក​គាំទ្រ​ជន​ជាតិ​ភាគ​តិច​មង​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ឈីកាហ្គោ​បាន​ធ្វើ​ការ​ជាមួយ​សហគមន៍​ជន​ជាតិ​ភាគ​តិច​មង​និង​ជនភៀសខ្លួន​ចាប់​តាំង​ពី​លោក​បាន​ធានា​ជន​ជាតិ​មង​មួយ​គ្រួសារ​នៅ​ក្នុង​ទសវត្សរ៍​១៩៨០។​ លោក Davy ​បាន​និយាយ​ថា ​លោក​បាន​ស្គាល់​លោក ខា យ៉ាង ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា មេដឹកនាំ​ម្នាក់ក្នុង​សហគមន៍​ជន​ភៀស​ខ្លួន​មង។

លោក Davy ​បាន​និយាយ​ថា «ខ្ញុំ​បាន​ស្គាល់​លោក​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ Nong Khai ​ហើយ​ជនជាតិ​ភាគ​តិច​មង​ជា​ច្រើន​បាន​ត្រូវ​គេ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ឡាវ​វិញ​នៅ​ឆ្នាំ​២០០៩។​ ក៏​ប៉ុន្តែ​ពួកគេ​ភាគ​ច្រើន អាច​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ​ម្តង​ទៀត ហើយ​បន្ទាប់​មក​បាន​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​ទី​៣ ​លើក​លែង​តែ​លោក ខា យ៉ាង ​ដែល​លោក​មិន​អាច​រត់​គេច​ខ្លួន​បាន‍»។

នៅ​ឆ្នាំ​២០០៩ គ្រួសារ​របស់​លោក ខា យ៉ាង បាន​ត្រូវ​គេ​ឃុំ​ខ្លួន​រយៈ​ពេល​ខ្លីមុន​ពេល​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ភូមិ​មួយ​ដែល​មាន​ការ​យាម​សន្តិសុខរបស់​ប៉ូលិស។

​លោក Davy បាន​និយាយ​ទៀត​ថា ​លោក ខា យ៉ាង ​បាន​ក្លាយ​ជា​ទិសដៅ​នៃ​ការ​គំរាម​កំហែង​របស់​ពួក​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​បណ្តាល​ឲ្យ​ក្រុម​គ្រួសារ​លោក​រត់​គេច​ខ្លួន​ម្តង​ទៀត​នៅ​ខែ​មេសា​ឆ្នាំ​២០១១។

​លោក Davy បាន​និយាយ​បន្ត​ទៀត​ថា «ប៉ូលិស​មូលដ្ឋាន​និង​យោធា​នៅ​ក្នុង​ភូមិ​របស់​ពួកគេ​បាន​គំរាម​កំហែង​លោក​ដោយ​បាន​និយាយ​ថា យើង​ដឹង​ថាលោក​មាន​អាវុធ​នៅ​ក្នុង​ផ្ទះ​របស់​លោក ​ដូច្នេះ​យក​ល្អ​លោក​ត្រូវ​ទៅ​ផ្ទះ ហើយ​យក​អាវុធ​ទាំង​នោះ​មកការិយាល័យ​របស់​យើង។ តាម​ការ​ពិត ​លោក យ៉ាង និង​បងប្អូន​ប្រុស​របស់​លោក ​ពួកគេ​មិន​ដឹង​ពី​អ្វី​ដែល​ពួក​គេ​និយាយ​ទេ ក៏​ប៉ុន្តែ​ពួកគេ​ដឹង​ពី​អ្វី​ដែល​កើត​មាន​ឡើង ​លោក​បាន​គេចខ្លួន​ទៅកាន់​ប្រទេស​ថៃ។

​លោក Davy ​បាន​រិះគន់​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ (UNHCR) ចំពោះ​ការ​មិន​បាន​ផ្តល់​ការ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​របស់​លោក ខា យ៉ាង ​នៅ​ដើម​ឆ្នាំ​២០១១ទេ ​ថ្វីបើ​ពួកគេ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ទី​ភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ក៏​ដោយ។ ការ​ស្នើ​សុំ​អត្ថាធិប្បាយ​របស់ VOA ពី​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គ​ការ​សហប្រជាជាតិ (UNHCR) ​បាន​ត្រូវ​បដិសេធ​ដោយ​ហេតុផល​ការ​សម្ងាត់។ របាយការណ៍​សិទិ្ធ​មនុស្ស​សហរដ្ឋ​អាមេរិក​ឆ្នាំ២០១២ ​បាន​ឲ្យ​ដឹង​ថា លោក ខា យ៉ាង ​បាន​ត្រូវ​ចាប់​ខ្លួន​ដោយ​ពួក​អាជ្ញាធរ​ថៃ​នៅ​ឆ្នាំ​២០១១ បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ពី​ការដ្ឋាន​សំណង់​មួយ។ នៅ​ថ្ងៃ​ទី​១៧ ​ខែ​ធ្នូ ​ឆ្នាំ​២០១១ រដ្ឋាភិបាល​ថៃ​បាន​និរទេស​លោក ខា យ៉ាង តាម​រយៈ​យន្តការ​ក្រៅ​ផ្លូវការ​មួយ​ទៅ​កាន់​ប្រទេស​ឡាវ ដែល​នៅ​ទី​នេះ​លោក​បាន​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​នៅ​ចុងឆ្នាំ។

​លោក Robertson ​និយាយ​ថា ​លោក ខា យ៉ាង ជា​សមាជិក​ចុង​ក្រោយ​បង្អស់​របស់​ជំរំ​ឃុំ​ឃាំង Nong Khai ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គ​ការ​សហប្រជាជាតិ (UNHCR) ដែល​មិន​តាំង​ទី​លំនៅ​ជាថ្មី។

លោក Robertson បាន​និយាយ​ទៀត​ថា «លោក​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ប្រទេស​វិញ​២​ដង។ ​ហើយ​ការ​ពិត​រឿង​ក្តី​របស់​លោក​តំណាង​ឲ្យ​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ទទួល​ស្គាល់​សិទ្ធិ​ជន​ភៀស​ខ្លួន​របស់​ជន​នេះ‍»។

របាយការណ៍​សិទ្ធិ​មនុស្ស​របស់​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០១៥​ស្តី​ពី​ប្រទេស​ឡាវ​បាន​ឲ្យ​ដឹង​ថា ​ថ្វីបើ​លោក ខា យ៉ាង ​បាន​ត្រូវ​ទទួល​ស្គាល់​ដោយ​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គ​ការ​សហប្រជាជាតិ (UNHCR) ក៏ដោយ ​ក៏​ពួក​អាជ្ញាធរ​ឡាវ​មិន​បានទទួល​ស្គាល់​សំណើ​របស់​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គ​ការ​សហប្រជាជាតិ (UNHCR) ដែល​បាន​សុំ​ចូល​ជួប​លោក​ទេ។របាយការណ៍​នោះ​បាន​រាយការណ៍​ទៀត​ថា «ទីកន្លែង​របស់​លោក ខា យ៉ាង នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ‍»។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន​សហរដ្ឋ​អាមេរិក ភរិយា​របស់​លោក​បាន​និយាយ​នៅ​ក្នុង​បទ​សន្ទនា​ចុង​ក្រោយ​បង្អស់​ដែល​លោក​ស្រី​មាន​ជាមួយ​ស្វាមី​របស់​លោក​ស្រី​ថា លោក​និយាយ​ថា​លោក​ប្រាកដ​ថា​ប៉ូលិស​នឹង​សម្លាប់​លោក។ លោក​បាន​ប្រាប់​លោកស្រី​ឲ្យ​យក​ក្រុម​គ្រួសារ​ទៅ​កាន់​ប្រទេស​ទី៣‍»។

​អស់​រយៈ​ពេល​៤​ឆ្នាំ​ដែល​លោកស្រី​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​ជាមួយ​កូន​របស់​លោកស្រី ​ដោយ​ការ​ភ័យខ្លាច​ពួក​អាជ្ញា​ធរ​ថៃ​នឹង​ចាប់​ខ្លួន​ហើយ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​ឡាវ​វិញ។

​នៅ​ខែ​មករា ​ឆ្នាំ​២០១៦​ លោកស្រី​និង​កូន​របស់​លោកស្រី​បាន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ហើយ​បាន​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​មួយ​នៅ​ក្នុង​ទីក្រុង Madison រដ្ឋ Wisconsin។

​ជន​ជាតិ​ភាគ​តិច​មង​ជាង​២សែន​៥ម៉ឺននាក់​បាន​តាំង​ទី​លំនៅក្នុង​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​ក្រោយ​ពី​សង្គ្រាម​វៀតណាម។​ ក្នុង​អំឡុង​ពេល​សង្គ្រាម ​សហរដ្ឋ​អាមេរិក​បាន​ជ្រើសរើស​ពួក​អ្នក​ប្រយុទ្ធ​ជន​ជាតិ​ភាគ​តិច​មង​រាប់​ពាន់​នាក់​ឲ្យ​ធ្វើ​ការ​វាយប្រហារ​កងកម្លាំង​កុម្មុយនិស្ត​ឡាវ​ និង​វៀតណាម។

​បន្ទាប់​ពី​សង្គ្រាម​ចប់ ​ជារឿយៗ​ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​កុម្មុយនិស្ត​ឡាវ​ចាត់​ទុក​ជា​ជន​ក្បត់​ជាតិ ជន​ជាតិ​ភាគ​តិច​មង​បាន​ប្រឈម​ការ​រើស​អើង​និង​ការរំលោភ​ធ្វើ​បាប​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ៕

ប្រែសម្រួល​ដោយ លោក ជឹង ប៉ូជីន

XS
SM
MD
LG