ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូស្ត្រាលី​ការពារ​គោល​នយោបាយ​អន្តោប្រវេសន៍​តឹងតែង​របស់​ខ្លួន​ក្នុង​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ


រូបភាព​ឯកសារ៖ ជន​ស្វែង​រក​សិទ្ធ​ជ្រក​​កោន​សម្លឹង​មើល​តាម​រយៈរបង​មជ្ឈមណ្ឌល​ឃុំ​ឃាំង​លើ​កោះ Manus នៅ​ ប៉ាពូអាស៊ីនូវែលហ្គីណេ កាល​ពី​ខែ​មី​នា ថ្ងៃទី​២១ ឆ្នាំ​ ២០១៤។

លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​ការពារ​គោលនយោបាយ​ជន​ភៀស​ខ្លួន​ដ៏​តឹងតែង​របស់​រដ្ឋាភិបាល​លោក នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក។ ប៉ុន្តែ សកម្មជន​នានា​បាន​ទាមទារ​ឲ្យ​ប្រទេស​អូស្ត្រាលី​បិទ​មណ្ឌល​ឃុំឃាំង​ជន​ចំណាក​ស្រុក ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​របស់​ខ្លួន។

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កំពុង​ស្វែងរក​វិធី​ប្រសើរ​ជាង​មុន ក្នុង​ការ​ជួយ​ជន​ចំណាក​ស្រុក​ចំនួន ៦៥ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។

លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​ប្រាប់​គណៈប្រតិភូ​នានា​ថា វិធានការ​គ្រប់គ្រង​ព្រំដែន​ដ៏​តឹងតែង​របស់​អូស្ត្រាលី បាន​បង្កើត​នូវ​ដំណើរការ​តាម​ផ្លូវ​ច្បាប់​មួយ​ក្នុង​ការ​ទទួល​យក​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន។

អ្នក​ដែល​ព្យាយាម​ចូល​មក​ក្នុង​ប្រទេស​អូស្ត្រាលី​តាម​ផ្លូវ​សមុទ្រ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ដំណើរ​ការ​ផ្លូវ​ច្បាប់​ផ្សេងៗ​នៅ​ក្នុង​ប្រទេស Papua New Guinea និង​ប្រទេស​ដី​កោះ Nauru ។

រដ្ឋាភិបាល​អូស្ត្រាលី​ជឿ​ថា គោលនយោបាយ​អន្តោប្រវេសន៍​នេះ​បាន​រារាំង​មិន​ឲ្យ​ជន​ចំណាក​ស្រុក​ផ្សេងៗ​ទៀត​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​តាម​ផ្លូវ​សមុទ្រ​មក​ពី​ប្រទេស​ផ្សេងៗ​ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ដើម ចូល​មក​ក្នុង​ប្រទេស​អូស្ត្រាលី។

លោក Turnbull ថា គោល​នយោបាយ​នេះ​ដំណើរ​ការ​បាន​ល្អ។

ប៉ុន្តែ អ្នក​ទិតៀន​ថា មាន​ការ​រំលោភ​បំពាន​សិទ្ធិ​របស់​អ្នក​ដែល​ត្រូវ​គេ​ដាក់​ឃុំ​នៅ​មណ្ឌល​ទាំង​នោះ។

លោក Graham Thom អ្នក​សម្របសម្រួល​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​មកពី​អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​ធ្វើ​ការ​តស៊ូ​មតិ​នៅ​ក្នុង​កិច្ច​ប្រជុំ​អំពី​ជន​ភៀស​ខ្លួន​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ថា លោក​ចង់​ឲ្យ​អូស្ត្រាលី​បិទ​មណ្ឌល​ឃុំ​ឃាំង​នៅ​ក្នុង​ប្រទេស Papua New Guinea និង​ប្រទេស Nauru និង​ឲ្យ​អូស្ត្រាលី​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​ការ​ទទួល​យក​ជន​ទាំង​នោះ៕

XS
SM
MD
LG