ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិលសង្ឃឹមពីការពង្រឹងលទ្ធិប្រជាធិបតេយ្យកម្ពុជា ខណៈលោកបៃឌិនត្រូវបានព្យាករណ៍ថាឈ្នះឆ្នោត


លោក Joe Biden ដែលត្រូវបានព្យាករណ៍ថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតីថ្លែងសុន្ទរកថាកាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងទីក្រុង Wilmington រដ្ឋDelware។ (រូបថត AP)
លោក Joe Biden ដែលត្រូវបានព្យាករណ៍ថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតីថ្លែងសុន្ទរកថាកាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងទីក្រុង Wilmington រដ្ឋDelware។ (រូបថត AP)

ខណៈលោក ចូ បៃឌិន (Joe Biden) ត្រូវបាន​ព្យាករ ព្យាករណ៍​ថាឈ្នះ​ការ​បោះ​ឆ្នោតជាប្រធានាធិបតី​អាមេរិក​ទី​៤៦​ សង្គមស៊ីវិល​នៅ​កម្ពុជា​ សង្ឃឹម​ថា​លោក ចូ បៃឌិន​ នឹង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យកម្ពុជា។ ប៉ុន្តែមន្ត្រី​កម្ពុជា​លើក​ឡើង​ថា​ សង្ឃឹម​ថា​អាមេរិក​នឹង​មើល​ការ​ពិត​ជាក់ស្តែង​នៅ​កម្ពុជា មិន​មាន​តាម​សារព័ត៌មាន​នោះទេ។

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា រដ្ឋបាល​របស់លោក ដូណាល់ ត្រាំ (Donald Trump) រយៈពេល​៤ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៦ មិន​បាន​យកចិត្តទុក​ដាក់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​មិនមែនតែនៅ​កម្ពុជា​នោះ​ទេ គឺ​ទូទាំងពិភពលោក។ លោក​បន្តថា​អតីត​ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានយកចិត្ត​ទុក​ដាក់​ច្រើន​លើ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​កាលនោះ ​លោក ចូ បៃឌិន ជា​អនុប្រធានាធិបតី​របស់​លោក​ផង​ដែរ។

លោកថ្លែង​ប្រាប់​VOAថា៖ «អញ្ចឹង​នៅ​ពេល​នេះ នៅ​ពេល​ដែល​លោក​ ចូ បៃឌិន ក្លាយ​ជា​ប្រធានាធិបតី យើង​សង្ឃឹម​ថា​នឹង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា ឲ្យ​មានភាព​ល្អ​ប្រសើរ​ឡើង​វិញ»។

លោក អំ សំអាត ​បន្ថែម​ថាអាមេរិក ជា​ទីផ្សារ​ធំ​របស់​កម្ពុជា​ ដូច្នេះ​កម្ពុជា​ត្រូវ​តែ​មាន​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និងប្រជាធិបតេយ្យ​ ដើម្បី​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហៅ​ថា​GSP ដែល​តោង​ភ្ជាប់​ជាមួយ​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក​មាន​ប្រសាសន៍​ថា៖ «លោក [ចូ បៃឌិន] ​នឹង​អាច​និយាយ​អំពី​បញ្ហា​GSP និង​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ»។

​អាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជ​កម្ម​ នៅ​ក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ទូទៅ ឬ Generalized System of Preferences ​(GSP) ​ដែល​ជា​ការ​ធ្វើ​ឲ្យ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​អាមេរិក ​ដោយ​មិន​បង់​ពន្ធ​គយ​នូវ​ទំនិញ​ជាង៥ ​ពាន់​មុខ។​ នៅ​ក្រោម ​GSP​ នេះ ​កម្ពុជា​បាន​នាំ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ជិត​១ ​ពាន់​លាន​ដុល្លារ​ទៅ​កាន់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​ ២០១៩។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​ថា​ លោក ដូណាល់​ ត្រាំ​ មិន​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្នុង​ពិភព​លោក​នោះ​ទេ គឺ​លោក​គិតតែ​អំពីសហរដ្ឋអាមេរិក។ លោក​បញ្ជាក់​ថា​ ការ​មិន​អើពើ​នេះ​នាំ​ឲ្យ​មាន​ការ​ងើប​ឡើង​នៃ​របប​ផ្តាច់ការ​ក្នុង​ពិភព​លោក។

លោក​មាន​ប្រសាសន៍​ថា៖«ចំណុច​មួយ​គឺ​សហរដ្ឋអាមេរិក​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ​ត្រាំ​ ហ្នឹង គាត់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​រឿង​ការ​លើក​កម្ពស់ ដំណើរ​ការ​ប្រជាធិបតេយ្យ និង​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ពិភពលោក ដូច​អតីត​ប្រធានាធិបតីអាមេរិក​មុនៗ​ទេ​បាទ»។ លោក​សង្ឃឹម​ថា​លោក ចូ បៃឌិន នឹង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក សុខ ឥសាន អ្នក​នាំពាក្យ​របស់​គណបក្សប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូបមាន​ប្រសាសន៍ថា​ នេះ​ជា​ការ​សម្តែងឆន្ទៈរបស់​ប្រជាជន​របស់​អាមេរិកក្នុង​ការ​ជ្រើស​រើសលោក ចូ បៃឌិន ជា​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក។ លោក​ថា​ការ​បោះឆ្នោតនៅ​អាមេរិក​លើក​នេះ «​មាន​ភាព​រញ៉េ​រញ៉ៃ​ មិន​សម​ជា​បិតា​ប្រជាធិបតេយ្យ»។

លោក​បញ្ជាក់​ថា៖ «បិតា​ប្រជាធិបតេយ្យ​ ឥឡូវ​វា​ទៅ​រញ៉េរញ៉ៃ វា​លែង​ប្រជាធិបតេយ្យ។ អាហ្នឹង​យើង​ឃើញហើយ អញ្ចឹង​វា​មាន​មតិ​មួយ​ចំនួន​ ហាក់​ដូចជា​ប្រជាធិបតេយ្យ​នៅ​អាមេរិក​ វា​លែង​ជា​គំរូ​គេ​ហើយ។ វា​ថយ​ចុះ»។

លោក សុខ ឥសាន មិន​បាន​បញ្ជាក់​ថា អំណះ​អំណាង​នោះទេ ក្នុង​ពេល​មេដឹកនាំ​កម្ពុជា​មិនទាន់​ឃើញ​មាន​ការ​បញ្ជូន​លិខិត​ឬ​បញ្ចេញ​សារ​ដើម្បី​អបអរ​សាទរ​បេក្ខជន​ប្រធានាធិបតី ចូ បៃឌិន ដែល​គេ​ព្យាករណ៍​ថា​ឈ្នះ​ការបោះឆ្នោត ក្នុង​ពេលដែល​កម្ពុជា​ទទួល​បាន​លិខិត​អបអរសាទរ​ខួប​ឯករាជ្យ​ឆ្នាំនេះ​ ពី​រដ្ឋបាល​លោក ដូណាល់ ត្រាំ។ តែ​មេដឹកនាំ​ពិភពជាច្រើន​បាន​ចាប់ផ្តើម​អបអរសាទរ​លោកបៃឌិន​ក្នុង​ពេលដំណើរការ​បោះឆ្នោត​មិនទាន់​ចាប់​ជា​ស្ថាពរ​នោះ។

លោក​សុខ ឥសាន​ថាលោកមិន​ទាន់​អាច​វាយ​តម្លៃ​បាន​ទេ​នៅ​ពេល​នេះ ចំពោះ​ការ​អនុវត្ត​គោល​នយោបាយរបស់​លោក បៃឌិន ប៉ុន្តែ​លោក​ថា​នយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​រូប​នោះ «ធូរស្រាល»​ជាងលោក ​ដូណាល់ ​ត្រាំ ដោយ​លោក ត្រាំ ប្រកាន់​យកនយោបាយ«​ជាតិនិយម​ជ្រុល»​ គឺ​«American First» ដែល​លោក​ សុខ ឥសាន លើកឡើង​ថា​ គិត​ផល​ប្រយោជន៍​អាមេរិក​ធំ​ជាងផល​ប្រយោជន៍ពិភព​លោក និង​សម្ព័ន្ធ​មិត្ត។

លោក សុខ ឥសាន ក៏បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់កម្ពុជា​ថា​មាន​ការរំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ ដោយមិន​មើល​អំពី​ការពិត​ជាក់​ស្តែង​នៅ​កម្ពុជា ​និងស្តាប់​តាម​«បណ្តាញ​ឃោសនា​ប្រតិកិរិយា»​។

លោក​បញ្ជាក់បន្ថែម​ថា៖«អញ្ចឹង​ខ្ញុំ​យល់​ថា​អ្វីៗ​ត្រូវ​ផ្សាភ្ជាប់​នឹង​ការពិត​ជាក់​ស្តែង មិន​ត្រូវ​ផ្អែក​ទៅ​លើ​ព័ត៌មាន​លម្អៀងខាង​នយោបាយ​ យក​មក​គាប​សង្កត់លើ​ប្រទេស​ណាមួយ​ទេ។ ខ្ញុំ​មិន​និយាយ​ចំពោះ​តែ​កម្ពុជា​ទេ។ ក៏​ប៉ុន្តែ​យើង​ដឹង​ថា​កម្ពុជា បើ​សិន​ជា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស រំលោភ​លទ្ធិ​ប្រជាធិបតេយ្យ ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ ខ្ញុំ​យល់​ថា​សង្គម​កម្ពុជា​ហ្នឹង មិន​អាច​មាន​សន្តិភាព​រឹង​មាំ​ មាន​ស្ថិរភាព​នយោបាយ​ល្អ ហើយ​ប្រជាពលរដ្ឋ​រស់​នៅ​ប្រកប​ដោយ​សុខដុមរមនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ»។

អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា លោក​ កុយ គួង បដិសេធ​មិន​ទាន់ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​លើ​លទ្ធផលបោះឆ្នោតអាមេរិក​ ដែល​ត្រូវបាន​ព្យាករណ៍​នេះ ដោយ​រង់​ចាំ​ថ្នាក់​លើ​របស់​កម្ពុជា​ជាមុន​សិន។

ចំណែក​នៅ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​វិច្ឆិកា លោក កឹម​ សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ក្តីក្តាំ​នៅតុលាការ បាន​បង្ហោះ​សារ​នៅ​លើហ្វេសប៊ុក​របស់​លោក​ថា ​លោក​តែង​តែ​គាំទ្រ និង​អបអរសាទរ​នូវ​លទ្ធផលនៃ​ការបោះឆ្នោត ​«ដោយឆន្ទៈ​ប្រជាពលរដ្ឋ ​និងស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ ​សេរី​ពហុបក្ស ​ក្នុង​ពិភពលោក​ មិនថា​ឡើយ​នៅ​សហរដ្ឋអាមេរិក​ ឬនៅ​ប្រទេស​ណាឡើយ​ ជាពិសេស​នៅកម្ពុជា​យើង»។

លោក​បន្ត​ថា៖​ «អ្នក​ណា​ឈ្នះ​ក៏​ដោយ ឲ្យតែជា​មិត្តល្អ​នឹងខ្មែរ ​ហើយ​ជួយខ្មែរ»។

នៅ​ក្នុង​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ កម្ពុជា​រង​ការ​ចោទ​ប្រកាន់​ថ្មី​មួយ​គឺ​ «ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សម្ងាត់​មួយ​ឲ្យ​មាន​វត្តមាន​កង​ទ័ព​ចិន» ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​ខាង​មុខ ដែល​ការណ៍​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​អាមេរិក​ផង​ដែរ។

នៅ​ក្នុង​ការ​ដឹកនាំ​ក្រោម​រដ្ឋបាល​របស់​លោក​ ដូណាល់ ត្រាំ កម្ពុជា​បាន​ចោទ​សហរដ្ឋ​អាមេរិក​ថា​ ស្ថិត​នៅ​ពី​ក្រោយ​គណ​បក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​ ២០១៧ ក្នុងការ​ចោទ​ប្រកាន់ ​«ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល»។ សហ​រដ្ឋអាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​ឆ្លង​តាម​លិខិត​ទៅ​វិញ​ទៅ​មក ដោយ​បញ្ជាក់​អំពី​បំណង​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ភាព​រកាំ​រកូស​ជាច្រើន​ឆ្នាំ។

នៅ​ក្នុង​លិខិត​ឆ្លើយ​ឆ្លង​នោះ លោក ​ត្រាំ បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ និង​មិន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​នោះ​ទេ ប៉ុន្តែ​លោក ​ត្រាំ​ បាន​ប្រាប់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដាក់​ប្រទេស​កម្ពុជា​លើ​មាគ៌ា​អភិបាលកិច្ច​ប្រជាធិបតេយ្យ​ឡើង​វិញ។

ជា​ការ​ឆ្លើយ​តប លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើក​ឡើង​ថា​ លោក​នឹង​ឲ្យ​ក្រុម​ការងារ​កិច្ចការ​បរទេស​របស់កម្ពុជា ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​កិច្ចការ​បរទេស​របស់​សហរដ្ឋ​អាមេរិក ​ដើម្បី​ស្តារ​ទំនុក​ចិត្ត និង​ភាព​ជឿជាក់​ឡើង​វិញ និង​កសាង​ឡើង​វិញ​នូវ​ចំណង​មិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

នៅក្នុងការបោះ​ឆ្នោត​កាលពីខែ​វិច្ឆិកា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បាន​បង្ហាញ​ការ​យល់​ឃើញ​ថា បើ​លោកស្រី ​ហ៊ីលឡារី គ្លីនតុន​ ដែល​កាល​នោះ​ជា​ដៃ​គូ​ប្រជែង​ជាមួយ​លោក​ ដូណាល់ ត្រាំ ​ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធានា​ធិបតី​អាមេរិក នោះ​ពិភពលោក​ «​អាច​នឹង​មាន​សង្គ្រាម»។

លោក​បង្ហាញ​ថា​ លោក​ចង់​ឲ្យ​លោក​ ដូណាល់ ត្រាំ ជាប់​ឆ្នោត។​ ក្រោយ​មក​ លោក ហ៊ុន សែន លើក​ឡើង​ថា​ នេះ​ជា​ការ​វិភាគ​របស់​លោក​ផ្ទាល់​ក្នុង​នាម​ជា​មេដឹកនាំ​ម្នាក់ និង​ជា​អ្នក​នយោបាយ​មួយ​រូប មិន​មែន​ជា​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​បោះ​ឆ្នោត​របស់​អាមេរិក​នោះ​ទេ៕

XS
SM
MD
LG