ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំនានាលើពិភពលោកផ្ញើសារអបអរសាទរលោក Biden


លោក Joe Biden ថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងទីក្រុង Wilmington រដ្ឋ Delware កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Joe Biden ថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងទីក្រុង Wilmington រដ្ឋ Delware កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​ដូចជា​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson និង​អធិការបតី​ប្រទេស​អាល្លឺម៉ង់​អ្នកស្រី Angela Merkel ជាដើម បាន​អបអរសាទរ​លោក Joe Biden កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បន្ទាប់ពី​លោក​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

លោក Johnson បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖«សហរដ្ឋ​អាមេរិក​គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​បំផុត​របស់​យើង ហើយ​ខ្ញុំ​ទន្ទឹង​រង់ចាំ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​គ្នា​លើ​កិច្ចការ​អាទិភាព​រួម​របស់​យើង​តាំងពី​រឿង​ប្រែប្រួល​អាកាសធាតុ​រហូត​ដល់​រឿង​ពាណិជ្ជកម្ម​និង​សន្តិសុខ»។

រី​ឯ​នាយក​រដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau វិញ បាន​និយាយ​ថា៖«ប្រទេស​កាណាដា និង​សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​ល្អ​វិសេសវិសាល​ជាមួយ​គ្នា​នៅ​លើ​ឆាក​អន្តរជាតិ។ ភូមិសាស្ត្រ​រួម​គ្នា​របស់​យើង ផល​ប្រយោជន៍​រួម​គ្នា ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ជ្រាលជ្រៅ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រឹងមាំ ធ្វើ​ឲ្យ​ប្រទេស​យើង​ទាំង​ពីរ​ក្លាយជា​មិត្តភ័ក្ដិ ដៃគូ និង​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Biden អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ្នកស្រី Harris រដ្ឋបាល​ដឹកនាំ​របស់​ពួកគេ និង​សភា​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​យើង​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ខ្លាំងក្លា​នានា​របស់​ពិភពលោក»។

អធិការបតី​អ្នកស្រី Merkel នៃ​ប្រទេស​អាល្លឺម៉ង់ បាន​និយាយ​ថា អ្នកស្រី​ទន្ទឹង​រង់ចាំ «កិច្ចសហប្រតិត្តិការ​នា​ពេល​អនាគត» រវាង​ប្រទេស​ទាំង​ពីរ ដោយ​បាន​បន្ថែម​ថា៖ «មិត្តភាព​រវាង​ប្រទេស​យើង​ទាំង​ពីរ​គឺ​គ្មាន​អ្វី​អាច​ជំនួស​បាន ប្រសិនបើ​យើង​ជម្នះ​បាន​នូវ​ការ​ប្រឈម​ដ៏​ខ្លាំងក្លា​នៅ​ពេល​បច្ចុប្បន្ន​នេះ»។

ក្រៅ​ពី​នេះ មេដឹកនាំ​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​ដែល​បាន​អបអរសាទរ​លោក Biden មាន​ដូចជា​មេដឹកនាំ​នៃ​ប្រទេស​អេស្ប៉ាញ បារាំង ប៉ូឡូញ អៀរឡង់ ហូឡង់ កាតា អេហ្ស៊ីប អ៊ុយក្រែន លីបង់ ន័រវេ និង​ក្រិក​ជាដើម។

ការ​អបអរសាទរ​របស់​មេដឹកនាំ​ទាំង​នេះ​ចំពោះ​លោក Biden បាន​បង្ហាញ​ថា សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​គឺ​ជា​លទ្ធផល​ពេញលេញ ទោះបីជា​លោក Trump បាន​សម្រេច​ថា​មិន​ចុះចាញ់ និង​ប្ដេជ្ញា​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​នៅ​តាម​រដ្ឋ​មួយ​ចំនួន​ក៏ដោយ៕

XS
SM
MD
LG