ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden សន្យា​បង្រួបបង្រួម​ជាតិ​នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជា​ជាតិ


លោក Joe Biden ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០ ថ្លែង​ទៅ​កាន់​ប្រជាជាតិ​កាល​ពី​ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា នៅ​ក្រុង Wilmington រដ្ឋ Delaware។

អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ដែល​ជា​អ្នក​ដែល​ត្រូវ​ព្យាករណ៍​ថា​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​សន្យា​នៅ​ក្នុង​អំឡុងពេល​ដែល​លោក​ថ្លែង​ទៅ​កាន់​ប្រជា​ជាតិ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ពី​ទីក្រុង Wilmington រដ្ឋ Delaware ថា​នឹង​ធ្វើ​ជា «ប្រធានាធិបតី​ដែល​នឹង​មិន​ព្យាយាម​បំបែកបំបាក់ ប៉ុន្តែ​បង្រួបបង្រួម» ប្រទេស។

លោក Biden បាន​និយាយ​ថា​ដល់ «ពេល​ដែល​ត្រូវ​ទុក​ចោល​នូវ​វោហារសាស្ត្រ​មិន​ពិរោះ​ស្ដាប់ បន្ថយ​កម្ដៅ មើល​គ្នា​ទៅ​វិញ​ទៅ​មក​ឡើងវិញ ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើងវិញ»។

លោក Biden បាន​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ឲ្យ​ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដែល​មិន​បោះឆ្នោត​ឲ្យ​លោក ហើយ​លោក​បាន​ទទួល​ស្គាល់​នូវ​ការ​ខក​ចិត្ត​របស់​អ្នក​ដែល​បាន​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump។

លោក Biden និយាយ​ដូច្នេះ​ថា៖ «ខ្លួន​ខ្ញុំ​ផ្ទាល់ បាន​បរាជ័យ​ប៉ុន្មាន​ដង​រួច​មក​ហើយ។ ឥឡូវ​នេះ ចូរ​ផ្ដល់​ឱកាស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក»។

ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​រូប​នេះ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា នៅ​ថ្ងៃ​ច័ន្ទ​ស្អែក លោក​នឹង​ចាប់ផ្ដើម​ក្រុម​ការងារ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ «ដែល​បង្កើត​ឡើង​ផ្អែក​លើ​វិទ្យាសាស្ត្រ​ដែល​ជា​មូលដ្ឋាន​រឹងមាំ» ដើម្បី​ចាប់ផ្ដើម​កិច្ចការ​បង្ក្រាប​ជំងឺ​កូវីដ១៩។ ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins បាន​បង្ហាញ​ថា នៅ​សហរដ្ឋ​អាមេរិក មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង ៩ លាន ៨ សែន​ករណី និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង ២៣៧.០០០ នាក់។

លោក Biden ដែលជា​អ្នក​នយោបាយ​ជិត​កន្លះ​សតវត្ស​កន្លង​មក ​នឹង​ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០២១ រួម​ជាមួយ​នឹង​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ្នកស្រី Kamala Harris ដែល​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ California។

លោក​ប្រធានាធិបតី Donald Trump បាន​ទៅ​ដល់​ទីលាន​វាយ​កូនហ្គោល​របស់​លោក​នៅ​ក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ពេល​ដែល​ស្ថាប័ន​ព័ត៌មាន​ធំៗ​ទាំង​អស់​បាន​ព្យាករណ៍​ថា​លោក Biden ជា​អ្នក​ឈ្នះ។

យុទ្ធនាការ​របស់​លោក Trump បាន​ចេញ​សេចក្ដី​ប្រកាស​ភ្លាមៗ​ជំទាស់​ទៅ​នឹង​ការ​ព្យាករណ៍​នេះ និង​បាន​ទទូច​ថា ពួកគេ​នឹង​បន្ត​ការតតាំង​តាម​ផ្លូវ​តុលាការ​ចំពោះ​លទ្ធផល​បោះឆ្នោត។

សេចក្ដី​ប្រកាស​នោះ​បាន​សរសេរ​ថា៖ «យើង​ទាំង​អស់​គ្នា​ដឹង​ថា ហេតុ​អ្វី​បាន​ជា​លោក Joe Biden ប្រញាប់​តាំង​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ធ្វើ​ជា​អ្នក​ឈ្នះ និង​ហេតុអ្វី​បានជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​លោក​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ជួយ​លោក គឺ​ពួកគេ​មិន​ចង់​ឲ្យ​ការពិត​ត្រូវ​បាន​លាត​ត្រដាង​នោះ​ទេ។ ការ​ពិត​គឺ​ថា ការ​បោះឆ្នោត​នេះ​មិន​ទាន់​បញ្ចប់​ទេ»។

សេចក្ដី​ប្រកាស​នោះ​បាន​បន្ថែម​ថា៖ «លោក Joe Biden មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ជា​អ្នក​ឈ្នះ​នៅ​រដ្ឋ​ណា​មួយ​នៅឡើយ​ទេ កុំថាឡើយ​ដល់​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ដែល​នឹង​តម្រូវឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ ឬ​ក៏​រដ្ឋ​ដែល​យុទ្ធនាការ​របស់​យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​ស្រប​ច្បាប់ ដែល​អាច​កំណត់​អំពី​អ្នក​ឈ្នះ​ចុងក្រោយ​ផង»។

សេចក្ដី​ប្រកាស​នេះ​បាន​បន្ត​ថា នៅ​ថ្ងៃ​ច័ន្ទ​ស្អែក យុទ្ធនាការ​របស់​លោក Trump «នឹង​ចាប់ផ្ដើម​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ធានា​ថា ច្បាប់​បោះឆ្នោត​ត្រូវ​បាន​គោរព​ពេញលេញ ហើយ​អ្នក​ឈ្នះ​ស្រប​ច្បាប់​ត្រូវ​បាន​ប្រកាស»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG