អង្គការសិទ្ធិមនុស្សមួយក្រុម ដែលមានរួមអង្គការសិទ្ធិមនុស្ស Human Rights Watch អង្គការ Amnesty International និងអង្គការសភាសង្គមស៊ីវិលនៃប្រទេសកេនយ៉ាផងនោះ បាននាំគ្នាតវ៉ានឹងរដ្ឋាភិបាលកេនយ៉ាអំពីការធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យលើអង្គការមិនមែនរដ្ឋាភិបាលចំនួនពីរ។
ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអង្គការសិទ្ធិមនុស្សទាំងនោះបានរិះគន់រដ្ឋាភិបាលក្រុង Nairobi ចំពោះការផ្អាកគណនីធនាគាររបស់អង្គការ Haki Africa និងរបស់អង្គការសិទ្ធិមនុស្ស Muslim for Human Rights ដែលហៅកាត់ថា MUHURI។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា ប្រទេសកេនយ៉ាបានដាក់អង្គការទាំងពីរនោះក្នុងបញ្ជីផ្លូវការមួយនៃក្រុមដែលគេចោទប្រកាន់ថា ជាអ្នកគាំទ្រអំពើភេរវកម្ម។
សេចក្តីថ្លែងការណ៍នោះនិយាយថា អាជ្ញាធរត្រួតពិនិត្យលើអង្គការសង្គមស៊ីវិលរបស់ប្រទេសកេនយ៉ា បានលុបចោលការចុះឈ្មោះរបស់អង្គការទាំង២នេះ កាលពីថ្ងៃទី២៨ ឧសភា ដោយអះអាងថា អង្គការទាំងពីរមិនបានរាយការណ៍អំពីប្រាក់ចំណូលរបស់ពួកគេឲ្យបានពេញលេញ។
ប៉ុន្តែអង្គការសិទ្ធិមនុស្សមួយក្រុមនេះ មិនយល់ស្របចំពោះការចោទប្រកាន់បែបនេះ ដោយនិយាយថា អង្គការ Haki Africa និងអង្គការ MUHURI ធ្វើការដោយបើកចំហដូចអង្គការឯទៀត ហើយថាខ្លួនបានបង់ពន្ធដូចអង្គការដទៃ ហើយថែមទាំងបានប្រកាសប្រាក់ចំណូលតាមអ៊ីនធឺណែតទៀតផង៕