ស្ទើរតែគ្រប់ប្រទេសគឺ មានមោទនភាពចំពោះការមានទីតាំងសម្រាប់ដាក់តាំងបង្ហាញស្នាដៃនៅក្នុងកម្មវិធីពិព័រណ៍ Venice Biennale នេះ។ វាត្រូវបានមនុស្សជាច្រើនប្រៀបប្រដូចទៅនឹងកីឡាករលំដាប់ថ្នាក់អូឡាំពិកក្នុងពិភពសិល្បៈដែរ។ សម្រាប់កេនយ៉ាដែលមានសិល្បករទើបនឹងចាប់ផ្តើមមានស្នាដៃថ្នាក់អន្តរជាតិនោះ បានមកចូលរូមដាក់តាំងបង្ហាញជាលើកទី៣ក្នុងឆ្នាំនេះ។
ប៉ុន្តែនៅពេលដែលសិល្បករកេនយ៉ាឈ្មោះ Wamburi Kamiru បានឃើញក្រុមអ្នកសិល្បៈឈរតម្រង់ជួរនោះ នាងមានការខឹងសម្បារនៅពេលបានដឹងថានៅទីនោះ ស្ទើរតែគ្មានអ្នកដែលមកពីកេនយ៉ាសោះឡើយ។
«វាប្រៀបដូចជាមនុស្សដែលជ្រើសរើសដើរចូលមកកាន់តំបន់របស់ខ្ញុំ ហើយសម្រេចថាខ្ញុំគ្មានវត្តមាននៅទីនោះ ក្នុងនាមតំណាងជាសិល្បករជាតិកេនយ៉ាម្នាក់អីញ្ចឹង។ ពួកគេគិតថាវាគ្មានបញ្ហានោះទេ ដែលយកអ្នកផ្សេងមកពីប្រទេសផ្សេង មកតំណាងសំឡេងរបស់ពួកយើង។ ដូច្នេះខ្ញុំមានអារម្មណ៍ថាខឹងអំពីរឿងនេះ។ វាគឺជាទង់ជាតិរបស់ប្រទេសខ្ញុំ មិនមែនទង់ជាតិរបស់ប្រទេសអ្នកផ្សេងឡើយ។»
ក្នុងចំណោមសិល្បករ៨នាក់ដែលដាក់តាំងបង្ហាញស្នាដៃសិល្បៈនៅទីតាំងសម្រាប់ប្រទសកេនយ៉ានោះ មាន៦នាក់ជាជនជាតិចិន។ មានតែជនជាតិកេនយ៉ាម្នាក់ប៉ុណ្ណោះដែលជាប់ឈ្មោះនៅក្នុងបញ្ជី។
ពិព័រណ៍ Biennale ឆ្នាំនេះ បានចាប់ផ្តើមបើកនៅថ្ងៃទី៩ ខែឧសភា ប៉ុន្តែទីតាំងសម្រាប់ដាក់តាំងបង្ហាញស្នាដៃប្រទេសកេនយ៉ា បានបង្កឲ្យមានចលាចលក្នុងចំណោមសហគមន៍សិល្បករ ដោយសារកាលពីខែមុន រដ្ឋមន្រ្តីក្រសួងវប្បធម៌កេនយ៉ា លោក Hassan Wario បានប្រកាសជាផ្លូវការថា រដ្ឋាភិបាលមិនទទួលស្គាល់ឡើយ។
វាគ្មានភាពច្បាស់លាស់ឡើយថា តើទីតាំងដាក់តាំងបង្ហាញស្នាដៃសិល្បៈនោះត្រូវបានគ្របដណ្តប់ដោយសិល្បករចិនទាំងនោះយ៉ាងដូចម្តេច។ អ្នករៀបចំអ៊ីតាលីបាននិយាយថា លោកបានចំណាយលុយផ្ទាល់ខ្លួនជាច្រើនទៅក្នុងពិធីពិព័រណ៍ស្នាដៃនេះ បើមិនដូច្នេះទេនោះ ពិព័រណ៍នេះនឹងមិនបានកើតឡើងឡើយ។
នាង Sylvia Gichia ដែលជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលសិល្បៈកេនយ៉ា Kuona Trust និយាយថា នាងសុខចិត្តមិនមានទីតាំងសម្រាប់ដាក់តាំងស្នាដៃសិល្បៈនោះ ជាជាងការដែលមានតែមួយដូចនេះ។
«យើងសុខចិត្តមិនត្រូវបានតំណាងឲ្យ ជាជាងដែលត្រូវបានតំណាងឲ្យដោយបោកបញ្ឆោត និងនៅក្នុងផ្លូវខុសបែបនេះ។ សួរថាតើយើងចង់ឲ្យមានទីតាំងសម្រាប់ប្រទេសកេនយ៉ាទេ? ប្រាកដណាស់។ តើពួកយើងចង់ឲ្យមានសិល្បករជាតិកេនយ៉ាចូលរួមទេ? គឺប្រាកដណាស់។ ប៉ុន្តែយើងមិនទ្រាំឲ្យមានការបង្ហាញដោយខុសឆ្គងបែបនេះទេ»។
នាងបានបន្ថែមថា សិល្បករកេនយ៉ាប្រាកដជាអាចបង្ហាញស្នាដៃនៅលើឆាកអន្តរជាតិ។ ទស្សនីយភាពនៃសិល្បៈរបស់ប្រទេសនេះបានរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយបានទាក់ទាញឲ្យមានការទទួលស្គាល់ជាអន្តរជាតិជាច្រើន។
«វាកំពុងតែរីកលូតលាស់ខ្លាំង។ ពួកយើងបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់បរទេសជាច្រើន ពីព្រោះការងារជាក់ស្តែងដែលត្រូវបានបង្កើតឡើងដោយសិល្បករមកពីប្រទេសនេះ។ អ្នកទិញស្នាដៃសិល្បៈបរទេសកំពុងទិញស្នាដៃសិល្បៈពីតំបន់អាហ្រ្វិកខាងកើត។ យើងមានសិល្បករដូចជា Paul Onditi, Miriam Kyambi, James Muriuki និងបញ្ជីឈ្មោះដែលនឹងបន្តមានទៀត។
នេះមិនមែនជាលើកទីមួយទេ ដែលមានស្នាដៃបរទេសបានមកជំនួសកន្លែងរបស់កេនយ៉ានៅក្នុងការតាំងពិព័រណ៍នៅក្នុងទីក្រុង Venice នេះ។ កាលពីឆ្នាំ២០១៣ ទីតាំងសម្រាប់ដាក់តាំងបង្ហាញស្នាដៃសម្រាប់ប្រទេសនេះ ក៏ត្រូវបានគ្របដណ្តប់យ៉ាងក្រាស់ក្រាលដោយចិនដូចគ្នា។
នាង Gichia បានប្តេជ្ញាថានឹងមិនឲ្យវាកើតមានឡើងទៀតទេ។ នាងនិយាយថា នាងនិងសិល្បករកេនយ៉ាផ្សេងទៀត កំពុងធ្វើការជាមួយស្ថានទូតអ៊ីតាលី ដើម្បីដោះស្រាយរកវិធីណាអាចឲ្យមានកន្លែងតាំងបង្ហាញស្នាដៃឲ្យបានច្រើនសម្រាប់ពិព័រណ៍ Biennale ឆ្នាំ២០១៧។
វាជាកិច្ចការមួយដែលត្រូវចំណាយថ្លៃ។ សិល្បករសោទស្សន៍ម្នាក់មានឈ្មោះថា Thom Ogongaដែលមកពីអង្គការ Kuona Trust មានការជឿជាក់ថា រដ្ឋាភិបាលនឹងមិនបង់ថ្លៃចំណាយឡើយ ឬថាហេដ្ឋារចនាសម្ព័ន្ធសិល្បៈរបស់កេនយ៉ានឹងត្រូវបានបង្កើតឡើងគ្រប់គ្រាន់ដើម្បីដាក់តាំងបង្ហាញទាំងអស់គ្នា។
«យើងត្រូវធ្វើកិច្ចការរៀបចំជាច្រើន។ ឧទាហរណ៍ សម្រាប់ពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នកណាម្នាក់ស្ម័គ្រចិត្តដើម្បីផ្តល់មូលនិធិសម្រាប់កន្លែងដាក់តាំងបង្ហាញស្នាដៃដ៏សមស្របមួយនៅក្នុងទីក្រុង Venice ហើយតើអ្នកអ្នកណានឹងធ្វើវា? យើងមិនមានសូម្បីតែអ្នកចាត់ចែងត្រឹមត្រូវ។ យើងមិនមានក្រុមប្រឹក្សាសិល្បៈមួយផង។ ខ្ញុំគិតថាអ្វីដែលយើងត្រូវការនៅក្នុងប្រទេសកេនយ៉ា គឺធ្វើការរួមគ្នា»។
សម្រាប់ការដាក់តាំងបង្ហាញស្នាដៃសិល្បៈនៅក្នុងពិព័រណ៍ Biennale ក្នុងឆ្នាំនេះនៅតែបន្ត ប៉ុន្តែវានឹងមិនមានដាក់តាំងទង់ជាតិកេនយ៉ាទៀតទេ ដែលវាត្រូវបានចាត់ទុកថាជាកិច្ចការជោគជ័យមួយសម្រាប់ នាង Gichia៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា