ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​អំពាវនាវ​ឱ្យ​វៀតណាម​ផ្អាក​ការប្រហារ​ជីវិត​លោក Nguyen Van Chuong


រូបឯកសារ៖ រូបដែលត្រូវបានថតនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៨ នេះ បង្ហាញ​ពី​លោក Nguyen Truong Chinh បង្ហាញ​រូបកូនប្រុសរបស់​លោក គឺ​លោក Nguyen Van Chuong និង​ជា​អ្នកទោស​ ក្នុង​ពេលធ្វើ​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន AFP នៅផ្ទះរបស់​លោក​ក្នុងក្រុង Hai Duong ប្រទេសវៀតណាម។
រូបឯកសារ៖ រូបដែលត្រូវបានថតនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៨ នេះ បង្ហាញ​ពី​លោក Nguyen Truong Chinh បង្ហាញ​រូបកូនប្រុសរបស់​លោក គឺ​លោក Nguyen Van Chuong និង​ជា​អ្នកទោស​ ក្នុង​ពេលធ្វើ​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន AFP នៅផ្ទះរបស់​លោក​ក្នុងក្រុង Hai Duong ប្រទេសវៀតណាម។

ការ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​វៀតណាម និង​ការ​ប្រើប្រាស់​ទារុណកម្ម​ដើម្បី​បង្ខំ​ឱ្យ​មាន​ការ​សារភាព​កំពុង​មាន​ការ​ចាប់​អារម្មណ៍ បន្ទាប់ពី​តុលាការ​ប្រជាជន​នៃ​ទីក្រុង Haiphong នៅ​ភាគ​ខាង​ជើង​កាល​ពី​ខែ​មុន​បាន​ជូន​ដំណឹង​ដល់​គ្រួសារ​អ្នក​ទោស​ជាប់​ឃុំ​ឃាំង​លោក Nguyen Van Chuong ថា ការ​ប្រហារ​ជីវិត​របស់​លោក​ជិត​មក​ដល់​ហើយ។

ករណី​របស់​លោក Chuong ជា​ឧទាហរណ៍​នៃ​ការ​ជំទាស់​របស់​ក្រុម​សិទ្ធិ​មនុស្ស​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​របស់​វៀតណាម ជា​ពិសេស​ការ​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​ទារុណកម្ម ការ​សារភាព​ដោយ​បង្ខំ និង​ឋានៈ​របស់​ប្រទេស​វៀតណាម​ដែល​កាត់​ទោស​ប្រហារ​ជីវិត​ច្រើន​បំផុត​នៅ​អាស៊ី​អាគ្នេយ៍។

ប្រទេស​វៀតណាម​ល្បី​ខាង​ការ​កាត់​ទោស​ប្រហារ​ជីវិត​ស្ងាត់ៗ ប៉ុន្តែ​យោង​តាម​របាយការណ៍ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ឆ្នាំ​២០១៧ មនុស្ស​ចំនួន​៤២៩ នាក់​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​ប្រទេស​វៀតណាម​ចន្លោះ​ឆ្នាំ​២០១៣ និង​២០១៦ ដែល​បាន​ធ្វើ​ឱ្យ​វៀតណាម​មាន​ចំនួន​អ្នក​ទោស​ប្រហារ​ជីវិត​ច្រើន​ជាង​គេ​ទី​បី​ក្នុង​ពិភពលោក។

ក្នុង​ឆ្នាំ​២០០៧ លោក Chuong ត្រូវ​បាន​ចោទ​ប្រកាន់ និង​កាត់​ទោស​ពី​បទ​ប្លន់ និង​សម្លាប់​មន្ត្រី​ប៉ូលិស​ម្នាក់ និង​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត។ លោក​នៅ​តែ​ថា​ លោក​គ្មាន​កំហុសអស់​រយៈពេល ១៦ ឆ្នាំ​មក​ហើយ ហើយ​បាន​ចោទ​ថា​ លោក​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ឱ្យ​សារភាព។ លោក Chuong បាន​និយាយ​នៅ​ក្នុង​សំបុត្រ​ទៅ​កាន់​គ្រួសារ​របស់​លោក​ថា លោក​ត្រូវ​បាន​គេ​សម្រាត​ឲ្យ​អាក្រាត​កាយ ព្យួរ​ក និង​វាយ​ដំ​អំឡុង​ពេល​សួរ​ចម្លើយ​របស់​ប៉ូលិស។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ។

អាជ្ញាធរ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក Chuong អំពី​ការ​ធ្វើ​ទារុណកម្ម។

នៅ​ថ្ងៃ​ទី​៤ ខែ​សីហា គ្រួសារ​របស់​លោក Chuong ត្រូវ​បាន​ជូន​ដំណឹង​ដោយ​តុលាការ​ប្រជាជន​នៃ​ទីក្រុង Hai Phong ថា ការ​ប្រហារ​ជីវិត​របស់​លោក​ជិត​មក​ដល់​ហើយ ទោះ​បី​ជា​កាល​បរិច្ឆេទ​កំណត់​មិន​ត្រូវ​បាន​ផ្ដល់​ឱ្យ​ក៏​ដោយ។

ក្រុម​គ្រួសារ​របស់​លោក Chuong និង​ក្រុម​សិទ្ធិ​មនុស្ស​ចំនួន ១៣ ស្ថាប័ន​កំពុង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ផ្អាក​ការ​ប្រហារ​ជីវិត​លោក Chuong។

នៅ​ថ្ងៃ​ទី​៩ ខែ​សីហា គណៈកម្មាធិការ​អ្នក​ច្បាប់​អន្តរជាតិ និង​ក្រុម​សិទ្ធិ​មនុស្ស​ចំនួន ១២ ផ្សេង​ទៀត​បាន​ផ្ញើ​លិខិត​ចំហ​ជូន​ប្រធានាធិបតី​វៀតណាម លោក Vo Van Thuong។

លិខិត​នោះ​បាន​សរសេរ​ថា «យើង​ដែល​ជា​អង្គការ​ដែល​បាន​ចុះ​ហត្ថលេខា​ខាង​ក្រោម សរសេរ​លិខិត​នេះ​ដើម្បី​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​យើង​ចំពោះ​ការ​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​ទោស​ជាប់​ឃុំ​ឃាំង​លោក Nguyen Van Chuong»។

«យើង​ស្នើ​សុំ​ឱ្យ​លោក និង​អាជ្ញាធរ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ ធានា​ថា ការ​ប្រហារ​ជីវិត​ត្រូវ​បាន​បញ្ឈប់​ជា​បន្ទាន់ ហើយ​ស្នើ​សុំ​ឱ្យ​លោក​ចាប់​ផ្តើម​ការ​ស៊ើបអង្កេត​ភ្លាមៗ មិន​លម្អៀង និង​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា​ លោក [Nguyen Van Chuong] ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ដើម្បី​បង្ខំ​គាត់​ឱ្យ​សារភាព​កំហុស»។

ម្តាយ​របស់​លោក Chuong គឺ​អ្នកស្រី Nguyen Thi Bich បាន​សរសេរ​លិខិត​អង្វរ​ដល់​មន្ត្រី​បក្ស​កុម្មុយនិស្ត​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា។

អ្នកស្រី Bich បាន​សរសេរ​ជា​ភាសា​វៀតណាម​នៅ​ក្នុង​សំបុត្រ​មួយ​ដែល​ត្រូវ​បាន​ចែក​រំលែក​ជាមួយ VOA ដោយ​អ្នក​កាសែត​វៀតណាម​ម្នាក់​ដែល​កំពុង​ទាក់ទង​ជាមួយ​គ្រួសារ​របស់​លោក Chuong និង​សុំ​មិន​បញ្ចេញ​ឈ្មោះ​សម្រាប់​ហេតុផល​សុវត្ថិភាព​ថា «គ្រួសារ​ខ្ញុំ​បាន​ទាមទារ​យុត្តិធម៌​អស់​ជា​ច្រើន​ឆ្នាំ​សម្រាប់​កូន​ប្រុស​របស់​ខ្ញុំ​គឺ​លោក Nguyen Van Chuong។ អស់​រយៈពេល ១៧ ឆ្នាំ​មក​ហើយ គ្មាន​ភ្នាក់ងារ​ណា​មួយ​ឆ្លើយតប​នោះ​ទេ»។

«ប្រសិន​បើ​នេះ​ជា​កូន​របស់​អ្នក ហើយ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ក្លែងក្លាយ​បែប​នេះ តើ​អ្នក​គិត​យ៉ាង​ណា? ខ្ញុំ​សង្ឃឹម​ថា ​អ្នក​នឹង​ស៊ើប​អង្កេត​ករណី​អយុត្តិធម៌​របស់​កូន​ខ្ញុំ​ឡើង​វិញ»។

ប្រព័ន្ធ​យុត្តិធម៌​ដែល​មាន​បញ្ហា

អ្នក​ជំនាញ​បាន​ថ្លែង​ថា ទង្វើ​ដែល​ធ្វើ​លើ​លោក Chuong តាម​ការ​ចោទ​ប្រកាន់​នោះ​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​បុគ្គល​ជាច្រើន​ប្រឈម​មុខ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​របស់​ប្រទេស​វៀតណាម​គឺ កង្វះ​លទ្ធភាព​ទទួល​បាន​សវនាការ​យុត្តិធម៌ និង​ការ​ធ្វើ​ទារុណកម្ម​ដោយ​ប៉ូលិស។

មេធាវី​នៅ​ទីក្រុង​ហូជីមិញ លោក Le Cong Dinh ដែល​ជា​អតីត​អ្នក​ទោស​ម្នាក់​ដែរ​បាន​ថ្លែង​ថា ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក Chuong នឹង​បទ​ល្មើស​ផ្អែក​សំខាន់​លើ «ភស្តុតាង​ទន់​ខ្សោយ» នៃ​ការ​សារភាព​ដោយ​បង្ខំ​របស់​លោក ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្ដល់​ភាព​ស្អាតស្អំ​ដល់​លោក​ត្រូវ​បាន​បង្ក្រាប។

មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​របស់​លោក Chuong អះអាង​ថា បាន​ឃើញ​លោក​នៅ​ពេល​មាន​ឃាតកម្ម​ដែល​មាន​ចម្ងាយ ៤០ គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ។ អ្នក​ដែល​បាន​ប្តឹង​រឿង​នេះ​ទៅ​ប៉ូលិស​ត្រូវ​បាន​គំរាមកំហែង និង​វាយដំ នេះ​បើ​យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។ ប្អូន​ប្រុស​របស់​លោក Chuong គឺ​លោក Nguyen Trong Doan ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ផង​ដែរ ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្លែងបន្លំ​សាក្សី និង​ភស្តុតាង បន្ទាប់ពី​ព្យាយាម​ជួយ​បង​ប្រុស​របស់​លោក​ឱ្យ​រួច​ខ្លួន ដូច​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​សារ​ព័ត៌មាន​ឯករាជ្យ The Vietnamese។

លោក Dinh ដែល​បាន​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ ​ឆ្នាំ​ចំពោះ​បទ​ចោទ «​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋ» បន្ទាប់​ពី​ការពារ​ករណី​សិទ្ធិ​មនុស្ស​ដ៏​ល្បីល្បាញ​បាន​ថ្លែង​ថា ក្រៅ​ពី​ករណី​របស់​លោក Chuong កំហុស​នៅ​តែ​កើត​ឡើង​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ហើយ​ការ​វាយ​ដំ​ជន​សង្ស័យ​ជា​រឿង​ធម្មតា។

លោក Dinh បាន​ថ្លែង​ថា «អ្នក​ស៊ើប​អង្កេត​នៅ​វៀតណាម​ប្រើ​វិធី​នេះ​គ្រប់​ពេល។ ខ្ញុំ​មិន​ថា ​ភាគ​ច្រើន​ទេ​គឺ​គ្រប់​ពេល។ ពួកគេ​ប្រើ​ទារុណកម្ម​លើ​ជន​ជាប់​ចោទ និង​ជន​សង្ស័យ​ដែល​កំពុង​ឃុំ​ខ្លួន»។ លោក​បាន​បន្ថែម​ថា ប៉ូលិស​ស៊ើប​អង្កេត​ក៏​ជា​ញឹក​ញាប់​បង្ខំ​ជន​សង្ស័យ​ឱ្យ​សារភាព​ទោស​ដោយ​ថត​រូប និង​វីដេអូ ដែល​ក្រោយ​មក​ត្រូវ​បាន​ប្រើ​ជា​ភស្តុតាង។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch លោក Phil Robertson បាន​ថ្លែង​ថា លោក​ក៏​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ប្រើប្រាស់​ទារុណកម្ម​ផង​ដែរ។

លោក Robertson បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​ថា «ជារឿយៗ​ប៉ូលិស​ប្រើ​ការ​វាយដំ និង​ការ​ធ្វើ​ទារុណកម្ម​ជា​ផ្នែក​នៃ​បច្ចេកទេស​ស៊ើបអង្កេត​របស់​ពួកគេ ជាពិសេស​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន នៅ​ពេល​ដែល​ពួកគេ​កំពុង​ព្យាយាម​ដាក់​សម្ពាធ​លើ​ជន​សង្ស័យ​ឱ្យ​សារភាព​ចំពោះ​បទ​ល្មើស»។

លោក​បាន​សរសេរ​ថា «ខណៈ​ពេល​ដែល​ខ្ញុំ​មិន​អាច​និយាយ​បាន​ច្បាស់​ថា តើ​នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក Nguyen Van Chuong មែន​ឬ​អត់ ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​ទារុណកម្ម​ឲ្យ​សារភាព​នោះ​ទេ»។

អ្នកស្រី Nguyen Ngoc Nhu Quynh បាន​ឮ​អំពី​ការ​រំលោភ​បំពាន​របស់​ប៉ូលិស​ពេល​កំពុង​ជាប់​ពន្ធនាគារ​ខ្លួន​ឯង។ អ្នក​ទោស​ផ្សេង​ទៀត​បាន​ប្រាប់​អ្នកស្រី Quynh អំពី​ការ​វាយ​ដំ​ខណៈ​ពេល​ដែល​អ្នកស្រី​ជាប់​ពន្ធនាគារ​ចំពោះ​បទ​ចោទ«​ផ្សព្វផ្សាយ​ការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋ» បន្ទាប់​ពី​អ្នក​ស្រី​សរសេរ​ប្លុក​យ៉ាង​ច្រើន​លើ​ប្រធានបទ​សិទ្ធិ​មនុស្ស។

អ្នកស្រី Quynh ដែល​បាន​និយាយ​ជាមួយ VOA ពី​សហរដ្ឋ​អាមេរិក​ ទី​ដែល​អ្នកស្រី​បាន​ទទួល​សិទ្ធិ​ជ្រកកោន​នយោបាយ​ក្នុង​ឆ្នាំ​២០១៨​ បាន​ថ្លែង​ថា៖ «ពេល​ខ្ញុំ​កំពុង​ជាប់​ទោស រាល់​យប់​ខ្ញុំ​បាន​ស្ដាប់​រឿងរ៉ាវ​ពី​អ្នក​ទោស​ផ្សេង​ទៀត»។

អ្នកស្រី Quynh ដែល​ឥឡូវ​នេះ​រស់​នៅ​ក្នុង​រដ្ឋ ​Texas ក្នុង​សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា «ពួកគេ​បាន​ប្រាប់​ខ្ញុំ​គ្រប់​យ៉ាង​អំពី​វិធី​ដែល​ប៉ូលិស​វាយ​មនុស្ស​នៅ​ក្នុង​ពន្ធនាគារ»។

ទោស​ប្រហារ​ជីវិត

សេចក្ដី​ប្រកាស​អំពី​ការ​ប្រហារ​ជីវិត​របស់​លោក​ដែល​ជិត​មក​ដល់​នេះ ធ្វើ​ឱ្យ​លោក Chuong និង​អ្នក​ទោស​វៀតណាម​ជាច្រើន​នាក់​ទៀត​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត នឹង​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ​ចំពោះ​ការ​ប្រហារ​ជីវិត​ដែល​មាន​ចំនួន​ដ៏​ច្រើន​នៅ​វៀតណាម។

លោក Robertson បាន​ថ្លែង​ថា ការ​ចោទ​ប្រកាន់​ដោយ​ផ្អែក​លើ​ការ​សារភាព​ដោយ​បង្ខំ​មាន​ន័យ​ថា មនុស្ស​ស្លូត​ត្រង់​ជាច្រើន​អាច​ត្រូវ​បាន​សម្លាប់។

លោក​បាន​ថ្លែង​ថា៖ «ការ​ប្រើ​ការ​ធ្វើ​ទារុណកម្ម​លើ​ជន​សង្ស័យ​នៃ​បទ​ល្មើស​ជា​ប្រចាំ​របស់​ប៉ូលិស​វៀតណាម​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ខ្លាំង​សម្រាប់​ភាព​អយុត្តិធម៌​ តាមរយៈ​ការ​សារភាព​របស់​មនុស្ស​ចំពោះ​បទល្មើស​ដែល​ពួកគេ​មិន​បាន​ប្រព្រឹត្ត»។

«ការ​ដាក់​ទោស​ប្រហារ​ជីវិត​ធ្វើ​ឱ្យ​ភាព​ទន់​ខ្សោយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ បង្ក​ឱ្យ​មាន​ភាព​អយុត្តិធម៌ និង​គ្រោះថ្នាក់​ដល់​ជីវិត»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា បេសកជន​ការ​ទូត​ប្រចាំ​នៅ​វៀតណាម​មក​ពី​សហភាព​អឺរ៉ុប កាណាដា ន័រវែស និង​ចក្រភព​អង់គ្លេស​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​វៀតណាម​ផ្អាក​ការ​ប្រហារ​ជីវិត​លោក Chuong និង​បាន​រិះគន់​ការ​ប្រើប្រាស់​ទោស​ប្រហារ​ជីវិត​របស់​ប្រទេស​នេះ​កាន់​តែ​ទូលំទូលាយ។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​សរសេរ​ថា «យើង​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​ទោស​ប្រហារ​ជីវិត​នៅ​គ្រប់​ពេលវេលា និង​គ្រប់​កាលៈទេសៈ ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ឃោរឃៅ អមនុស្សធម៌ និង​ថោកទាប និង​មិន​អាច​មាន​ហេតុផល​សមរម្យ​នោះ​ទេ ហើយ​យើង​អំពាវនាវ​ឱ្យ​ប្រទេស​វៀតណាម​សម្រេច​ផ្អាក​ការ​ប្រហារ​ជីវិត​ទាំង​អស់»៕

XS
SM
MD
LG