ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ថា វៀតណាម​យក​គំរូ​តាម​ចិន​អំពី​គោល​នយោបាយ​សាសនា


អ្នកកាន់សាសនា​កាតូលិក​ចូល​រួម​ពិធីនៅព្រះវិហារ Citeaux Chau Son ខេត្ត Ninh Binh ប្រទេស​វៀតណាម
អ្នកកាន់សាសនា​កាតូលិក​ចូល​រួម​ពិធីនៅព្រះវិហារ Citeaux Chau Son ខេត្ត Ninh Binh ប្រទេស​វៀតណាម

ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​រដ្ឋាភិបាល​វៀតណាម​ចេញ​ផ្សាយ​របាយការណ៍​លម្អិត​ដំបូង​បង្អស់​របស់​ខ្លួន​អំពី​គោល​នយោបាយ​សាសនា​ក្នុង​រយៈពេល ១៦ ឆ្នាំ​ចុង​ក្រោយ​នេះ សកម្មជន​នានា​បាន​ចង្អុល​បង្ហាញ​អំពី​ភាព​ស្រដៀង​គ្នា​នៃ​គោល​នយោបាយ​នេះ​ទៅ​នឹង​គោល​នយោបាយ​សាសនា​របស់​ប្រទេស​ចិន។

របាយការណ៍​គោល​នយោបាយ​នេះ​មាន​ចំណង​ជើង​ថា «សាសនា​ក្នុង​ប្រទេស​វៀតណាម‍»។ របាយការណ៍​នេះ​រៀបរាប់​អំពី​សាសនា​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម​និង​បង្ហាញ​អំពី​ចំណុច​សំខាន់ៗ​នៃ​គោល​នយោបាយ​ដ៏ «ទូលំទូលាយ‍» របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម​ដែល​ធានា​រ៉ាប់រង​ចំពោះ​សេរីភាព​សាសនា។

សេចក្ដី​រាយការណ៍​នានា​ក្នុង​ប្រទេស​វៀតណាម​បាន​បញ្ជាក់​ថា លោក Nguyen Tien Trong អនុ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​សាសនា​របស់​រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​នៅ​ក្នុង​ពិធី​ចេញ​ផ្សាយ​ឯកសារ​នេះ​ថា​រដ្ឋាភិបាល​និង​គណបក្ស​កុម្មុយនិស្ត​វៀតណាម​ចាត់ទុក​សេរីភាព​សាសនា​ថា​ជា​សិទ្ធិ​ជា​មូលដ្ឋាន​មួយ។

ក្រុម​សាសនា​ឯករាជ្យ​នានា​បាន​ប្រាប់ VOA ផ្នែក​ភាសា​វៀតណាម​ថា របាយការណ៍​គោល​នយោបាយ​នេះ​គឺជា «វាំងនន‍» មួយ​សម្រាប់​បិទ​បាំង​ការ​រំលោភ​ជា​បន្ត​របស់​រដ្ឋាភិបាល​វៀតណាម​លើ​សេរីភាព​សាសនា​នៅ​ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ដាក់​ប្រទេស​វៀតណាម​ក្នុង​បញ្ជី​ឃ្លាំមើល​ពិសេស (SWL) កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន។

បព្វជិត​គ្រិស្ត​សាសនា​និកាយ​កាតូលិក​លោក Dinh Huu Thoai នៃ​ព្រះវិហារ​គ្រិស្ត​សាសនា Redemptorist Church នៅ​ក្នុង​ក្រុង Ba Ria ខេត្ត Vung Tau ប្រទេស​វៀតណាម បាន​ប្រាប់ VOA នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ឯកសារ​គោល​នយោបាយ​នេះ «ប្រហែល​ជា​វិធី​មួយ​សម្រាប់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​ករណី​ដែល​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដាក់​ប្រទេស​វៀតណាម​ក្នុង​បញ្ជី​ឃ្លាំមើល​ពិសេស (SWL)។ រដ្ឋាភិបាល​វៀតណាម​អាច​ប្រើ​ឯកសារ​នេះ​ដើម្បី​បញ្ចៀស​មិន​ឱ្យ​មាន​ការ​រិះគន់​ពី​អន្តរជាតិ​និង​ដើម្បី​បំភាន់​អង្គការ​អន្តរជាតិ‍​នានា»។

លោក Dinh បាន​បន្ថែម​ថា ឯកសារ​នេះ​ជា «វាំងនន​ដ៏​ស្រស់​ស្អាត​មួយ​ដែល​ពួកគេ​បាន​បង្កើត​ឡើង។ ...ស្ថានភាព​ពិត​គឺ​ផ្ទុយ​ពី​នេះ»។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​អំពី​ឯកសារ​គោល​នយោបាយ​នេះ។

ក្រសួង​ការបរទេស​វៀតណាម​បាន​បញ្ជាក់​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​ថា សេចក្តី​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់​ប្រទេស​វៀតណាម​ក្នុង​បញ្ជី​ឃ្លាំ​មើល​ពិសេស​អំពី​សេរីភាព​សាសនា​គឺ​ផ្អែក​លើ «ការ​វាយ​តម្លៃ​បែប​លម្អៀង​និង​ព័ត៌មាន​មិន​ត្រឹមត្រូវ​ទាក់ទិន​នឹង​ស្ថានភាព​សេរីភាព​សាសនា​និង​ជំនឿ​នៅ​ក្នុង​ប្រទេស​វៀតណាម‍»។

របាយការណ៍​ឆ្នាំ ២០២២ នៃ​ការិយាល័យ​សភា​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា បទបញ្ញត្តិ​របស់​ប្រទេស​ចិន​តម្រូវ​ឱ្យ​អង្គការ​សាសនា​នានា​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ចិន​សម្រាប់​កិច្ច​ប្រតិបត្តិការ​សឹងតែ​ទាំងអស់​របស់​ពួកគេ ដាក់​ខ្លួន​ឱ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួតត្រា​ដ៏​ទូលំទូលាយ​របស់​រដ្ឋ និង​ចុះ​ឈ្មោះ​បព្វជិត​ទាំងអស់​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ជាតិ​មួយ។

ចំណែក​ឯ​របាយការណ៍​ឆ្នាំ ២០១៩ របស់​គណៈកម្មការ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សេរីភាព​សាសនា​អន្តរជាតិ (USCIRF) បាន​បញ្ជាក់​ថា ច្បាប់​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ចូល​ជា​ធរមាន​កាលពី​ដើម​ឆ្នាំ ២០១៨ ដែល​តម្រូវ​ឱ្យ​សហគមន៍​សាសនា​នានា​ចុះ​ឈ្មោះ​អង្គការ​និង​កន្លែង​គោរព​សាសនា​របស់​ពួកគេ​ជាមួយ​រដ្ឋាភិបាល​ដែល​ជា​លក្ខខណ្ឌ​ជា​មុន​សម្រាប់​ការ​ធ្វើ​សកម្មភាព​សាសនា។

លោក Dan Slater ដែល​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​និង​ជា​នាយក​មជ្ឈមណ្ឌល Weiser សម្រាប់​ការ​សិក្សា​ពី​ប្រទេស​ប្រជាធិបតេយ្យ​ដែល​ទើប​លេច​ឡើង (Weiser Center for Emerging Democracies) នៃ​សាកលវិទ្យាល័យMichigan បាន​និយាយ​ថា៖ «ខ្ញុំ​យល់​ថា ប្រទេស​វៀតណាម​ធ្វើ​តាម​គំរូ​នៃ​ប្រទេស​ចិន​ដែល​នៅ​ទីនោះ​របប​អាជ្ញាធិបតេយ្យ​និង​ការ​គាប​សង្កត់​សាសនា​ដំណើរការ​ជាមួយ​គ្នា‍»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG