ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​ទាមទារ​ឱ្យ​ដោះ​លែង​មេ​ដឹកនាំ​សហជីព​ណាហ្គាវើលដ៍ ​កញ្ញា ឈឹម ស៊ីថរ


រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​បាន​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​មេ​ដឹកនាំ​សហជីព​ណាហ្គាវើលដ៍ ​កញ្ញា ​ឈឹម ស៊ីថរ ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ​សប្តាហ៍​មុន ​ក្រោយ​កញ្ញា​ត្រឡប់​មក​ពី​ប្រទេស​អូស្ត្រាលី។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ ​និង​សហគមន៍​ប្រមាណ​៧០ ​ចុះ​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​ អង្គការ​ទាំង​នោះ​ ដែល​មាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជាដើម ​បាន​លើក​ឡើង​ថា​ សូម​បញ្ឈប់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំភិត​បំភ័យ​ប្រធាន ​និង​សមាជិក​សហជីព​ផ្សេងៗ។​

អង្គការ​ទាំង​នោះ​បញ្ជាក់​ថា៖ ​«ការ​ចាប់​ខ្លួន​ចុង​ក្រោយ​នេះ​គឺជា​ការ​បន្ត​យុទ្ធនាការ​គាប​សង្កត់​របស់​អាជ្ញាធរ​រដ្ឋ ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ»។​

កញ្ញា ​ឈឹម ស៊ីថរ​ ដែល​ចេញ​មុខ​យ៉ាង​សកម្ម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ​ទី​២៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​នៅ​ពេល​ដែល​កញ្ញា​ត្រឡប់​មក​ពីចូលរួម​កិច្ច​ប្រជុំ​សហព័ន្ធ​សហ​ជីព​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។​

កញ្ញា ​ស៊ីថរ ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​លើក​ទីមួយ ​កាល​ពី​ខែ​មករា ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​ដោយ​សារ​សកម្មភាព​កូដកម្ម​របស់​សហជីព​ដែល​កញ្ញា​ដឹកនាំ។​ នេះ​បើតាម​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល។ ​កញ្ញា ​ស៊ីថរ ​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ខែ​មីនា​ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​សា​ជាថ្មី ​កាលពីថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ​ដោយអាជ្ញាធរ​ចោទ​ប្រកាន់​ថា ​កញ្ញា​បាន​រំលោភ​លក្ខខណ្ឌ​ដែល​ហាម​ឃាត់​កញ្ញា​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស។​ ប៉ុន្តែ​ទាំង​ កញ្ញា ​ស៊ីថរ ​និង​មេធាវី​ការ​ពារ​ក្តីឱ្យ​កញ្ញា​សុទ្ធ​តែ​មិន​បាន​ទទួល​ការ​ជូន​ដំណឹង​អំពី​លក្ខ​ខណ្ឌ ​ក្នុង​ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នោះ​ទេ។ ​នេះ​បើ​តាម​អង្គការ​សង្គម​ស៊ីវិល។​

អង្គការបញ្ជាក់​ថា៖ ​«មេធាវី​របស់​កញ្ញា​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ថត​សំណុំ​រឿង​របស់​កញ្ញា​នៅ​តុលាការ ​ដែល​ក្នុង​នោះ​មាន​ទាំង​ឯកសារ​លក្ខខណ្ឌ​នៃ​ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នានា​ ប៉ុន្តែ​តុលាការ​មិន​ទាន់​អនុញ្ញាតឱ្យ​ថត​ឯកសារ​សំណុំ​រឿង​នោះ​នៅ​ឡើយ ​ដែល​នេះ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

វីអូអេ​មិន​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក​ ប្លង់ សុផល ​និង​លោក ​អ៊ី រិន្ទ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

លោក ​ឃុន ថារ៉ូ ​ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស ​សង់ត្រាល់ ​ដែល​ចូល​រួម​គាំទ្រ​សេចក្តី​ថ្លែង​ការ​ណ៍​នេះ ​ បញ្ជាក់​ថា៖​ «ប្រសិន​បើ​តុលារការ​ឯករាជ្យ ​សុក្រឹត ​យុត្តិធម៌ ​ កញ្ញា ស៊ីថរ​គួរតែ​ត្រូវ​បាន​ការ​លើក​កម្ពស់ ​និង ​ការពារ​ដោយ​ច្បាប់។​ ការ​ចាប់​ខ្លួន​សកម្ម​ជន​សិទ្ធិ​ការងារ​ដ៏​លេច​ធ្លោ​រូប​នេះ​គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ការងារ​យ៉ាង​ធ្ងន់​ធ្ងរ ​ព្រោះ​ការ​ចោទ​ប្រកាន់​របស់​តុលារការមិន​បាន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់»៕

XS
SM
MD
LG