ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សិទ្ធិ​មនុស្ស​តវ៉ា​កុំ​ឱ្យ​ធនាគាររ​ពិភពលោក​ផ្តល់​ប្រាក់​កម្ចី​ទៅ​កម្ពុជា

  • ម៉ែន គឹមសេង

លោក​ Jim Yong Kim ​ប្រធាន​ធនាគាររ​ពិភពលោក​

អង្គការ​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក​បាន​ដាក់​ញត្តិតវ៉ា​មួយ​ទៅ​ធនាគាររ​ពិភពលោក​ស្នើ​សុំឱ្យ​បន្តបម្រាម​មិន​ផ្តល់​ប្រាក់​កម្ចី​ទៅ​ប្រទេស​កម្ពុជា​ដោយ​សារ​តែ​មិន​មាន​ការ​ដោះស្រាយ​ជូន​ជន​រងគ្រោះពី​ការ​រំលោភ​ដី​ធ្លី​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។

សេចក្តី​រាយការណ៍​នានា​បញ្ជាក់​ថា ​ធនាគាររ​ពិភពលោក​កំពុង​ពិចារណា​លើក​លែង​ការ​ហាមឃាត់​ហើយ​នឹង​ផ្តល់​ប្រាក់​កម្ចី​ចំនួន​២៥​លាន​ដុល្លារ​ឱ្យ​កម្ពុជានៅ​ដើម​ខែ​ធ្នូ​ខាង​មុខ។ ​

នៅ​ក្នុង​ញត្តិ​ដាក់​ទៅ​លោក​ Jim Yong Kim ​ប្រធាន​ធនាគាររ​ពិភពលោក​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​ពុធ​បាន​បញ្ជាក់​ថា៖

«សូម​ជំទាស់​នឹង​ការ​លើកលែង​បម្រាម​ដោយ​សារ​តែ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​នៅ​តែ​បន្ត​គោល​នយោបាយ​គាំទ្រ​និង​អនុវត្ត​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី​ដោយ​ខុសច្បាប់​និង​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​អ្នក​អភិវឌ្ឍន៍​និង​មន្ត្រី​រដ្ឋាភិបាល ហើយ​បដិសេធ​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​របស់​ម្ចាស់​ដី​និង​ការ​សង​សំណង​សមស្រប​និង​ត្រឹមត្រូវ​និង​ការ​ផ្តល់​ជំនួយ​ពេល​ផ្លាស់​ទី​លំនៅ»។

លោក Morton Sklar ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ អង្គការ​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ប្រាប់​វីអូអេថា​ជំនួស​ឱ្យការ​ខិតខំ​ដោះស្រាយ​បញ្ហា​ រដ្ឋាភិបាល​កម្ពុជា​បែរ​ជា​ធ្វើ​ឱ្យ​សភាពការណ៍​កាន់​តែ​អាក្រក់​ឡើង​ចាប់​តាំង​ពី​ធនាគាររ​ពិភពលោក​បាន​ផ្អាក​ប្រាក់​កម្ចី​មក។

ធនាគាររ​ពិភពលោក​បាន​ផ្អាក​ប្រាក់​កម្ចី​ទៅ​កម្ពុជាតាំង​ពី​ខែ​សីហា​ឆ្នាំ​២០១១​មក​ដោយ​សារ​មាន​ការ​តវ៉ា​ថា​គម្រោង​ដីធ្លី​ដែល​ផ្តល់​ប្រាក់​ដោយ​ធនាគាររ​នេះ​បាន​ប៉ះពាល់​ដល់​ជន​ក្រី​ក្រ​មួយ​ចំនួន។ ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​នោះ​មាន​សហគមន៍​បឹងកក់​ដែល​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​បាន​ចេញ​មក​តវ៉ា​ជា​ប្រចាំ។

លោក ​សៀ ភីរម្យ​ នាយក​លេខាធិការដ្ឋាន​សិទ្ធិ​លំនៅដ្ឋាន​បាន​បញ្ជាក់​ថា៖​

«ខ្ញុំ​មិន​ជំទាស់​ទេ​ចំពោះ​ការ​លើក​លែង​ការ​ផ្តាច់​ថវិកា​មក​កម្ពុជា​របស់​ធនាគារ​ពិភពលោក​ប៉ុន្តែ​ធនាគារ​ពិភពលោក​ត្រូវ​តែ​ធ្វើ​ការ​ដោយ​ប្រយ័ត្ន​ប្រយែង​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​កុំ​ឱ្យ​មាន​កំហុស​ឆ្គង​ដូច​លើក​មុន​ទៀត»។​

លោក​ថា​អង្គការ​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ត្រូវ​តែ​ចូលរួម​ក្នុង​ដំណើរការ​ធ្វើ​ផែនការ​យក​មក​ដោះស្រាយ​ដើម្បី​ជៀសវាង​បញ្ហា​ដែល​កើត​មាន​កន្លង​មក​ដែល​នាំ​ឱ្យ​ខូច​មុខ​មាត់​របស់​ធនាគារ​ពិភពលោក។

ធនាគារ​ពិភពលោក​មិន​ទាន់​ឆ្លើយ​តប​នឹង​វីអូអេ​នៅ​ឡើយ​ទេ​នៅ​ពេល​ដែល​ព្យាយាម​ទាក់​ទង​នៅ​ថ្ងៃ​ពុធ៕

XS
SM
MD
LG