ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រងគ្រោះ​ដី​ធ្លី​សុំ​ឱ្យ​មាន​ដំណោះស្រាយ​ឆាប់


ប្រជាពលរដ្ឋ​​​ក្រីក្រ​​​ អ្នក​​​រងគ្រោះ​​​ក្នុង​​​ជម្លោះ​​​ដីធ្លី​​​ ព្រះសង្ឃ​​​ សិស្សានុសិស្ស​​​ និង​​​តំណាង​​​ក្រុម​​​អង្គការ​​​សង្គម​​​​​​ស៊ីវិល​​​ប្រហែល​​​ជាង​​​១.០០០​​នាក់​​​នៅ​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ​​​​ទី​៦ ខែ​តុលា ឆ្នាំ​២០១៤ បាន​​​​​​ទទូច​​​​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា​​​គោរព​​​សិទ្ធិ​​​រស់​​​នៅ​​​របស់​​​ប្រជាពលរដ្ឋ​​​ក្រី​​​ក្រ​​​ ​​​បញ្ឈប់​​​ការ​​​បណ្ដេញ​​​ប្រជាពលរដ្ឋ​​​ចេញ​​​ពី​​​លំនៅដ្ឋាន​​​។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
ប្រជាពលរដ្ឋ​​​ក្រីក្រ​​​ អ្នក​​​រងគ្រោះ​​​ក្នុង​​​ជម្លោះ​​​ដីធ្លី​​​ ព្រះសង្ឃ​​​ សិស្សានុសិស្ស​​​ និង​​​តំណាង​​​ក្រុម​​​អង្គការ​​​សង្គម​​​​​​ស៊ីវិល​​​ប្រហែល​​​ជាង​​​១.០០០​​នាក់​​​នៅ​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ​​​​ទី​៦ ខែ​តុលា ឆ្នាំ​២០១៤ បាន​​​​​​ទទូច​​​​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា​​​គោរព​​​សិទ្ធិ​​​រស់​​​នៅ​​​របស់​​​ប្រជាពលរដ្ឋ​​​ក្រី​​​ក្រ​​​ ​​​បញ្ឈប់​​​ការ​​​បណ្ដេញ​​​ប្រជាពលរដ្ឋ​​​ចេញ​​​ពី​​​លំនៅដ្ឋាន​​​។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

ប្រជាពលរដ្ឋ​ក្រីក្រ​ អ្នក​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ ព្រះសង្ឃ​ សិស្សានុសិស្ស​ និង​តំណាង​ក្រុម​អង្គការ​សង្គមស៊ីវិល​ប្រហែល​ជាង​១.០០០នាក់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បានទទូចឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្រី​ក្រ​ ​បញ្ឈប់​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ នឹង​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ដល់ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះដោយសារ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ដោយ​សារ​គម្រោង​អភិវឌ្ឍន៍ក្នុង​ទីក្រុង​ និង​បណ្ដា​ខេត្ត​កន្លង​មក។

សេចក្តី​អំពាវនាវ​ធ្វើ​ឡើងនៅ​ចំ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោកលើក​ទី​២៩នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដែល​អ្នក​ចូល​រួម​ទាំង​នេះបាន​ប្រមូល​ផ្ដុំគ្នា​នៅ​អតីត​សហគមន៍ដី​ក្រហមដែល​នៅ​ទីនេះ​កាល​ពី​៥​ឆ្នាំ​មុន​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ចំនួន​ជាង​១.៧០០​គ្រួសារ​ត្រូវ​បណ្តេញ​ចេញ​សម្រាប់​អ្វី​មួយ​ដែល​ក្រុម​អាជ្ញាធរ​ហៅ​ថា​ដើម្បី​ការ​អភិវឌ្ឍ​ទី​ក្រុងហើយ​ប្រជាពល​រដ្ឋ​ទាំង​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ទទួល​បាន​សំណង​មិន​សមរម្យ។​

ក្រោយ​ពី​បាន​ជួប​ជុំ​គ្នា​នៅ​អតីត​ដី​សហគមន៍​ដី​ក្រហម​នេះ​អស់​រយៈ​ពេល​ជាង​មួយ​ម៉ោង​នៅ​ម៉ោង​ប្រមាណ​ជាង​៩ព្រឹក​អ្នក​ចូល​រួម​បាន​ដើរ​ដង្ហែរ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​និង​គ្រោងដើរ​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ​ ប៉ុន្តែអាជ្ញាធរ​តម្រូវ​អ្នក​តវ៉ា​យក​ញត្តិ​ទៅ​ដាក់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រីជំនួស​វិញ។

នៅ​ពេលទៅ​ដល់​មុខ​រដ្ឋសភា​ក្រុម​អ្នក​ចូលរួម​ភាគ​ច្រើន​ដែលពាក់​មួយ​ស្លឹកត្នោត​ និងស្លៀក​ពាក់​អាវ​ពណ៌​សមាន​សសេរ​ថា​«សំឡេង​អ្នក​ក្រីក្រ​ក្នុង​ទីក្រុង»បានស្រែក​ទាមទារ​ឲ្យ​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជានិង​សង្គ្រោះ​ជាតិឲ្យ​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ពួក​គេ។

«សំឡេង​នៃ​ការ​ស្រែក​ទាមទារ​របស់​ក្រុម​ប្រជាពលរដ្ឋ»។

​បន្ទាប់​ពី​មាន​ការ​តវ៉ា​មួយ​រយៈគេ​ឃើញ​មាន​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និងសង្គ្រោះ​ជាតិ​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ពលរដ្ឋ។

​លោក​ស្រី​ ឡោក ​ខេង សមាជិក​គណៈកម្មការ​ទី​១ដែល​ជា​គណៈកម្មការ​សិទ្ធិ​មនុស្ស ​ទទួល​ពាក្យ​បណ្តឹង​អង្កេត​និង​ទំនាក់ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ពាក្យ​បណ្ដឹង​និង​បាន​សន្យា​ថា​នឹង​យក​ញត្តិ​របស់​ពលរដ្ឋ​ទៅ​ពិនិត្យ​ នឹង​ពិភាក្សា​បន្ត។

«យើង​នឹង​រៀបចំ​យន្តការតាម​ដាន​នឹង​ជំរុញ​លើ​យន្ត​ការ​ដែល​បាន​ដោះស្រាយ​កន្លង​មក​ថា​មាន​កន្លែង​ខ្វះខាត​កន្លែងណាកែសម្រួល​បន្ថែម​ទៀត។ យើង​នឹង​ធ្វើ​ការ​កែទម្រង់​ឲ្យ​ដល់​ឬ​គល់​ទាំង​អស់»។​

រីឯ​លោក​ស្រី កែ សុវណ្ណរ័ត្ន​ តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​អ្នក​តំណាង​រាស្ត្រ​នឹង​ខិតខំជួយ​ដល់​ប្រជាពលរដ្ឋ។​

​«យើង​ខ្ញុំ​នឹង​ខិតខំ​បំពេញ​តួនាទី​កាតព្វកិច្ច​ក្នុង​ការជំរុញ​ដោះស្រាយ​លើ​បញ្ហា​ដែល​បង​ប្អូន​កំពុង​ផ្ដល់​ជា​ព័ត៌មានលើ​ជា​បញ្ហា​ជួយ​ដល់​បង​ប្អូន»។

យោង​តាម​ញត្តិ​ដែល​ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​ពី​សហគមន៍​ និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​សរុប​ចំនួន១១២​ស្ថាប័នដាក់​ជូន​ដល់រដ្ឋ​សភាជាតិ​ និង​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់ថាប្រជា​ពល​រដ្ឋ​ក្រី​ក្រ​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញច្រើន​ជាង១០ភាគ​រយត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន​នៅ​ក្នុងជាង​ពីរទសវត្សរ៍​ចុងក្រោយ​នេះ។​ ហេតុផល​ដែល​អាជ្ញាធរ​បាន​ប្រើ​សម្រាប់​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​នោះ​គឺ​ការ​អភិវឌ្ឍន៍​សម្រាប់​ប្រយោជន៍​សាធារណៈ​ កែ​លម្អ​សោភ័ណភាព​សាធារណៈ​ សន្តិសុខ​ និង​សណ្ដាប់​ធ្នាប់។

​ក៏ប៉ុន្តែ​ពលរដ្ឋ​ក្រក្រីមិនដែល​ទទួល​បាន​ផលប្រយោជន៍​អ្វី​ពី​ការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ឡើយ។ ​ជំនួស​មក​វិញ​ពលរដ្ឋ​ក្រីក្រ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន​ទៅ​រស់​នៅលើ​ទីតាំង​ថ្មី​ដែល​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សេវា​សង្គម​គ្រប់គ្រាន់នៅ​ឡើយ។ ក្នុង​ញត្តិ​ដដែល​ក៏​ទទូច​ចង់​ឲ្យ​លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ និង​លោក​ ប៉ា​ សុជាតិ​វង្ស​ អភិបាល​ក្រុង​ភ្នំពេញ​គោរព​ និង​ការពារ​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ពលរដ្ឋ​ក្រីក្រ​ និង​ជន​ដែល​ត្រូវ​បាន​បណ្ដេញចេញ​ពី​លំនៅដ្ឋាន។

អ្នក​ស្រីអ៊ីម ស្រី​ទូចប្រជាពលរដ្ឋ​រស់​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​លំនៅ​ស្ថាន​នៅ​តំបន់​បឹង​កក់និយាយ​ថា​ពលរដ្ឋ​ក្រី​ក្រមិន​ត្រូវ​បាន​រដ្ឋាភិបាល​គិត​គូរឡើយ។

«ពួក​យើង​អ្នក​ក្រីក្រ​ដែល​ទទួល​បាន​ផល​អ្វី​ពី​ការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ដែរ​ឬ​អត់។​ ​ថ្ងៃ​នេះ​សំខាន់​សម្រាប់​យើង​និយាយ​អ្វី​ដែលរងគ្រោះ​ នឹង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ឲ្យ​ពិភពលោក​បាន​ដឹង»។​

​អ្នក​ស្រី​កែវ​ ញ៉រគឺ​ជាប្រជាពលរដ្ឋ​មក​ពី​សហគមន៍​រងគ្រោះ​ក្នុងជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ព្រះ​វិហារ។អ្នក​ស្រី​និង​ក្រុម​គ្រួសារ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពីលំនៅឋាន​ដោយ​បង្ខំ។​ គាត់​ចង់​ឲ្យ​អាជ្ញាធរ​ប្រគល់​ដី​ធ្លី​ឲ្យ​គ្រួសារ​របស់​អ្នក​ស្រី​វិញ។

«អត់មាន​អ្វី​ស៊ី​ទេ។​ ដីធ្លី​គេ​យក​អស់​ហើយ។​ កូន​ចៅ​គ្មាន​បាន​ទៅ​រៀន​សូត្រ​អ្វី​ទេ។​រាល់​ថ្ងៃ​ខ្ញុំ​ដើរ​សុំទាន​គេ​ហើយ​លោក​អើយ។​ ហ៊ុន​សែនជួយ​កូន​ចៅ​ផង»។​

​លោក​អំ​សំអាត​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេតនៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (​Licadho)​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង១៥​ម៉ឺន​គ្រួសារ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន នឹង​រំលោភ​យក​ដី​ធ្លី។​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣រហូតមក​ទល់​បច្ចុប្បន្ន​នេះ។​ លោកថ្លែង​ថារដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​បាន​គោរពគោល​ការណ៍​សិទ្ធិ​មាន​លំនៅដ្ឋាន​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅឡើយ​ទេ។

«ចឹង​បើ​គិត​ពី​គោលការណ៍​ពី​សិទ្ធិ​មាន​លំនៅដ្ឋាន​សមរម្យ​របស់​ពលរដ្ឋ​រដ្ឋាភិបាលនៅ​មិន​ទាន់​អនុវត្ត​ឲ្យ​បាន​ពេញ​លោក។ រដ្ឋាភិបាល​នៅ​តែ​បន្ត​រំលោភ​ទៅលើ​សិទ្ធិ​របស់​ពលរដ្ឋ​ចឹង»។

លោក​សៀ​ ភារម្យ ​ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​បន្ថែម​ថា៖

«ក្នុង​អាណត្តិ​របស់​លោកចៅហ្វាយក្រុង​មុន​មាន​ការ​បណ្ដេញ​ហ្នឹង​មាន​សន្ទុះ​ខ្លាំ​ង​ ក្នុង​អណត្តិ​នេះ​ហាក់​បី​ដូច​ជា​ស្ងប់​បន្តិច​ ក៏ប៉ុន្តែករណី​ចាស់ៗ​ហ្នឹង​មិន​ទាន់​បាន​ដោះស្រាយឲ្យ​ចប់​នៅ​ឡើយ»។

​អភិបាល​រង​ក្រុង​ភ្នំពេញ​លោក​ឃួង​ ស្រេងថ្លែងបញ្ជាក់​ថា នឹង​មាន​ការ​ពិនិត្យ​លើ​ការ​ទាមទារ​របស់​ក្រុម​ប្រជាពលរដ្ឋ​ទាំងនេះ។

«តំណាងសាលា​រាជធានី​ភ្នំពេញ​ដែ​ល​មាន​រូប​ខ្ញុំ​ និង​ខុទ្ទកាល័យ​សម្ដេច​តេជោ​ ព្រម​ទាំង​រដ្ឋសភា​ឲ្យ​គាត់​ទទួល​ពិនិត្យ​ដើម្បី​បញ្ចប់​កិច្ចការ​របស់​គាត់​ ហើយ​យើង​នឹង​ពិនិត្យ​មើល​សំណើ​របស់​គាត់»។

​ក្រុម​ប្រជាពលរដ្ឋ​បាន​បិទ​បញ្ចប់​ការតវ៉ា​របស់​ខ្លួន​នៅ​ម៉ោង​ប្រមាណ​ប្រមាណ​ជាង​១២ថ្ងៃ​ត្រង់៕

XS
SM
MD
LG