ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍អង្គការលីកាដូ៖ ជិត​មួយ​ភាគបី​នៃ​ករណី​​រំលោភ​សេពសន្ថវៈ​ពាក់ព័ន្ធ​នឹង​សាច់ញាតិ


រូបឯកសារ៖ គម្រប​មុខ​នៃ​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ស្តី​អំពី​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​សេព​សន្ថវៈ ដែល​របាយការណ៍​នេះ​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
រូបឯកសារ៖ គម្រប​មុខ​នៃ​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ស្តី​អំពី​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​សេព​សន្ថវៈ ដែល​របាយការណ៍​នេះ​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ករណី​រំលោភ​សេព​សន្ថវៈ​ក្នុង​ប្រទេស​កម្ពុជា​ជិត​មួយ​ភាគ​បី ​ឬ​ស្មើ​នឹង​៣១% ​នៃ​ករណីរំលោភ គឺ​ជាប់​ពាក់ព័ន្ធ​នឹងជន​សង្ស័យដែល​ជា​សាច់​ញាតិរបស់ជន​រងគ្រោះ​ផ្ទាល់។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ចំណង​ជើង​ថា «ទម្លាយ​ភាព​ស្ងៀមស្ងាត់៖​ ការ​រំលោភ​សេព​សន្ថវៈដោយ​សាច់​ញាតិ​ និង​ឧបសគ្គក្នុង​ការ​ទទួល​បាន​យុត្តិធម៌» ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ។

របាយការណ៍​ថ្មី​នេះ​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​ជិត​៣​ឆ្នាំ គឺ​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៧​ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៩ អង្គការ​លីកាដូ ​បាន​សិក្សា​ស្រាវ​ជ្រាវ​ករណី​រំលោភ​សេព​សន្ថវៈ ឬ​បទ​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ សរុបចំនួន​៤៤៦​ករណី។ ក្នុង​ករណី​ទាំង​នោះ មាន៣៥៨​ករណី ​គឺ​ស្មើ​នឹង​៨០%​ ជាប់​ពាក់ព័ន្ធ​នឹងកុមារ​អាយុ​ក្រោម​១៨​ឆ្នាំ។

របាយការណ៍​បន្ត​ថា ​ជិត​មួយ​ភាគ​បី​នៃ​ករណី​សរុប គឺ​ស្មើ​នឹង​១៣៧​ករណី ជាប់​ពាក់​ព័ន្ធនឹង​ជន​សង្ស័យ​ដែល​ជា​សាច់​ញាតិរបស់​ជន​រង​គ្រោះ​ ដែល​បាន​រាយ​ការណ៍​ពី​ករណី​រំលោភ​បំពាន​ទាំង​នោះ។ របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា​ ជន​រងគ្រោះ​ជិតពាក់កណ្ដាល គឺ​ស្មើ​នឹង​៤៦% បាន​ទទួល​រង​អំពើ​ហិង្សា​ផ្លូវ​ភេទពី​សំណាក់​សាច់​ញាតិបង្កើត ដូចជា​ឪពុក​ ពូ ​ឬ​ជីតា​បង្កើត​របស់​ខ្លួន។ ចំណែក​៥៤% ​បាន​រាយ​ការណ៍ពី​អំពើ​ហិង្សា​ផ្លូវ​ភេទ​ ប្រព្រឹត្តដោយ​ឪពុក​ចុង​ ឬ​សាច់​ញាតិឪពុក​ចុង​ និង​សាច់​ថ្លៃ។

បើ​តាម​របាយ​ការណ៍ ចាប់​តាំង​ពី​ខែ​មិថុនា​ ដល់​ខែ​សីហា ​ឆ្នាំ​២០២០ អង្គការ​លីកាដូបាន​ធ្វើ​បច្ចុប្បន្ន​ភាពអំពី​ស្ថាន​ភាព​ ឬ​លទ្ធផល​របស់ករណីនីមួយៗ​នៃ​ករណី​សរុប​ចំនួន​១៣៧ ដោយ​ក្នុង​នោះ​មាន​ប្រមាណ៥៣%​ បាន​ឈានដល់​ការ​ជំនុំ​ជម្រះ​ក្ដី ​ដោយ​ជន​ល្មើសត្រូវ​បានផ្ដន្ទាទោស​ដាក់​ពន្ធនាគារ។

លោក អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ មាន​ប្រសា​សន៍​នៅ​ក្នុង​របាយការណ៍​សង្ខេបថា៖ «គ្រោះ​ថ្នាក់នៃ​អំពើ​រំលោភ​សេព​សន្ថវៈក្នុង​រង្វង់​គ្រួសារ គឺ​កើត​មាន​ឡើង​ច្រើន​ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​មិន​ទាន់ចាត់​វិធាន​ការគ្រប់​គ្រាន់ ​ដើម្បី​ធ្វើ​ឲ្យប្រាកដ​ថា​ ជន​ល្មើស​ត្រូវ​បានយក​មក​ផ្ដន្ទា​ទោស»។​ ​

អង្គការ​លីកាដូ​ឲ្យ​ដឹង​ទៀត​ថា​ ករណីជា​ច្រើន​នៃ​ការ​រំលោភ​សេពសន្ថវៈ មិន​ត្រូវ​បាន​រាយ​ការណ៍​នោះ​ទេ​ ដោយ​សារ​តែ​ភាព​ភ័យខ្លាច​នៃ​ការ​រើស​អើង​នៅ​ក្នុង​សង្គម ទំនៀមទម្លាប់បុរាណ ​និង​កង្វះ​ភាព​ស្មោះ​ត្រង់​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌។

អង្គការ​បញ្ជាក់ទៀត​ថា ​ហានិភ័យ​នៃ​ការ​រំលោភ​សេព​សន្ថវៈក្នុង​រង្វង់​គ្រួសារ «ទំនង​ជាកើន​ឡើង​ច្រើន»​ អំឡុង​ពេល​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ដោយ​សារសាលា​រៀនបាន​បិទ​ ហើយ​កត្តា​អ្នក​គ្មាន​ការងារ​ធ្វើ គឺ​កើន​ឡើង ដែល​នាំ​ឲ្យមនុស្ស​ជា​ច្រើន ត្រូវ​ចំណាយ​ពេល​នៅ​ផ្ទះ​ច្រើន និង​ស្ថិត​នៅ​ក្បែរ​ជន​ល្មើស៕

XS
SM
MD
LG