ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​អង្គការ​លីកាដូ៖ ជន​រងគ្រោះ​នៃ​ការ​រំលោភ​សេព​សន្ថវៈ​ពិបាក​រកយុត្តិធម៌​


គម្រប​មុខ​នៃ​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ស្តី​អំពី​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​សេព​សន្ថវៈ ដែល​របាយការណ៍​នេះ​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
គម្រប​មុខ​នៃ​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ស្តី​អំពី​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​សេព​សន្ថវៈ ដែល​របាយការណ៍​នេះ​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

របាយ​ការណ៍​ថ្មី​មួយ​របស់​លីកាដូ​​​រក​ឃើញ​​ថា​ មួយ​ភាគ​បី​នៃ​ករណី​សំណុំ​រឿង​សេព​សន្ថវៈ​ត្រូវ​​បិទ​សំណុំ​រឿង​មុន​ពេល​បើក​សវនាការ។

បញ្ហា​រំលោភ​សេព​សន្ថវៈ​នៅ​តែ​បន្ត​មាន ​ហើយ​វា​ជា​បញ្ហា​រ៉ាំរ៉ៃ​នៅ​ប្រទេស​កម្ពុជា។​ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ជន​រង​គ្រោះ​ដោយ​ការ​ចាប់​រំលោភ​សេពសន្ថវៈ​ហាក់​ដូច​ជា​ត្រូវ​តែ​បង់​ប្រាក់​ទៅ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ដើម្បី​រក​ជំនួយ​ ខណៈ​ពេល​ដែល​ជន​សង្ស័យ​ដែលមាន​ប្រាក់​អាចទិញ​នូវ​សេរីភាព​របស់​ខ្លួន។ ​នេះ​បើ​យោង​ទៅ​តាម​របាយ​ការណ៍​របស់​សម្ព័ន្ធ​ខ្មែរ​ជំរឿន ​និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។​

អង្គការ​លីកាដូ​ពិនិត្យ​ទៅ​លើ​ករណី​ចំនួន​៧៦២​នៃ​ករណី​រំលោភ​សេព​សន្ថវៈ​ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៤​ ហើយដែល​កើត​មាន​ឡើង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ និង​ខេត្ត​ចំនួន​១២​ទៀត​ ដែល​លីកាដូ​មាន​ទី​ស្នាក់ការ​នៅ​ទី​នោះ។

របាយ​ការណ៍​នេះ​បាន​និយាយ​ថា​ មួយ​ភាគ​បី​នៃ​ករណី​ទាំង​នេះ​ត្រូវបិទ​សំណុំ​រឿង​មុន​ពេល​បើក​សវនាការ។ ករណី​រំលោភ​សេពសន្ថវៈជាង​ពាក់​កណ្តាល​នៃ​តួលេខ​នេះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ជន​ល្មើសបង់​ប្រាក់​សំណងទៅ​ដល់​ជន​រងគ្រោះដើម្បី​បញ្ចប់​រឿង​ក្តី ​ដោយ​ឲ្យជន​រងគ្រោះ​ដក​ពាក្យ​បណ្តឹង។​ មាន​ករណី​ខ្លះ​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​ជន​រង​គ្រោះ​ និង​ជន​សង្ស័យ។ ​របាយ​ការណ៍​នេះ​ផ្តោត​ទៅ​បញ្ហា​ពុករលួយ​ការ​រើសអើង​ទៅ​លើ​ស្ត្រី​ និង​ក្មេង​ស្រី​ ការ​បក​ស្រាយ​មិនត្រឹមត្រូវ​អំពី​ច្បាប់ និង​ការ​ខ្វះ​ខាត​ធនធាន។​

ក្នុង​ចំណោម​ករណី​រំលោភ​សេពសន្ថវៈ​ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ចំនួន​៧៦២​ករណី​ មាន​៥៣៧​ករណី​ដែល​ជនរងគ្រោះ​ជា​កុមារ​មាន​អាយុ​តិច​ជាង​១៨​ឆ្នាំ។ ​ក្នុង​នោះ​៣២៨​ករណី​ពាក់ព័ន្ធ​នឹង​កុមារ​អាយុ​ពី​១២​ទៅ​១៧​ឆ្នាំ។​

អ្នកស្រី​ ណាលី​ ពីឡូក​ (Naly Pilorge) នាយិកា​អង្គការ​លីកាដូ​ បាន​និយាយ​ថា​ អំពើ​ពុករលួយ​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យជន​រងគ្រោះ​មិន​អាច​ទទួល​យុត្តិធម៌​ហើយ​ជន​សង្ស័យ​អាច​រួច​ពី​ការ​ផ្តន្ទាទោស។​

អ្នកស្រី​ ណាលី​ ពីឡូក​បាន​សរសេរ​ក្នុង​របាយ​ការណ៍​នោះ​ថា៖​

«អំពើ​ពុក​រលួយ​គឺ​កើត​មាន​ស្ទើរ​គ្រប់​ទី​កន្លែង។​ គ្រប់​ពេល​វេលា​ដែល​ជន​រងគ្រោះ​មក​ទាក់ទង​មន្ត្រី​សាធារណៈ​ អ្នក​ទាំង​នោះ​ហាក់​ដូច​ជា​ត្រូវ​តែ​បង់​ប្រាក់​ក្រៅ​ច្បាប់​ ហើយ​ប្រសិន​បើ​ជន​សង្ស័យ​មាន​ប្រាក់​ ជន​នោះ​អាច​នឹង​ទិញ​នូវ​សេរីភាព​របស់​ខ្លួន​វិញ​បាន។​ ពេល​ខ្លះ​ អាជ្ញាធរ​ហាក់​ដូច​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​យុត្តិធម៌​ទេ។ ​ផ្ទុយ​ទៅ​វិញ ​ករណី​រំលោភ​សេព​សន្ថវៈ​អាច​ជា​មធ្យោបាយ​សម្រាប់​អ្នក​ទាំង​នោះ​រក​ប្រាក់»។​

លោក​យ៉ុង ​ប៊ុនលី​ ដែល​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​និយាយ​ថា ​កូន​ស្រី​របស់​លោក​បាន​រង​គ្រោះ​ដោយ​ការ​រំលោភ​សេព​សន្ថវៈ​នៅ​ក្នុង​ឆ្នាំ​២០១០​ ​នៅ​ពេល​ដែល​នាង​មាន​អាយុ​១១​ឆ្នាំ។ ​ហើយ​មក​ទល់​ពេល​នេះ​ តុលាការ​មិន​ទាន់​ផ្តន្ទាទោស​ជន​សង្ស័យ​នៅ​ឡើយ។​

កញ្ញា​ ណាប់ ​សុមាលី​ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ឃ្លាំមើល​លើ​ការ​រំលោភ​សិទ្ធិ​ស្ត្រី​និង​កុមារ​នៃ​អង្គការ​លីកាដូ​ បាន​និយាយ​ថា៖​

«របួស​ផ្លូវចិត្ត​ និង​បទ​ពិសោធន៍​រង​ទុក្ខ​របស់​ជន​រង​គ្រោះ​ដោយសារ​អំពើ​រំលោភ​សេព​សន្ថវៈ​គឺ​មាន​ទំហំធំធេង។​ គាត់​បាន​និយាយ​បន្ថែម​ថា ដល់ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជរដ្ឋាភិបាលយក​បញ្ហា​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​នោះដាក់​ជា​បញ្ហា​អាទិភាព​ហើយ។​

«យើង​ឃើញ​ថា​ ជនរង​គ្រោះ​ដោយ​អំពើ​រំលោភ​សេពសន្ថវៈ គាត់​ទទួល​រង​នូវ​របួស​ផ្លូវចិត្ត​និង​បទ​ពិសោធន៍​រងទុក្ខ​ហ្នឹង​គឺ​មាន​ទំហំ​ធំធេង។ ​ខណៈពេល​ដែល​គាត់​រង​គ្រោះ​ដោយ​អំពើ​រំលោភ ​ហើយ​ប្រសិន​បើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​មិន​បាន​ផ្តល់​យុត្តិធម៌​ឲ្យគាត់​ ដោយ​សារ​អំពើ​ពុករលួយ​នោះ​ នោះ​គាត់​នឹង​ខ្លាយ​ជា​ជនរងគ្រោះ​ដោយ​ប្រព័ន្ធ​តុលាការ​ជា​លើក​ទីពីរ​ត​ទៅ​ទៀត»។​

គាត់​មាន​ប្រសាសន៍​ថា​ មន្ត្រី​រដ្ឋាភិបាល​ត្រូវ​តែរឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ដើម្បី​កុំ​ឲ្យមាន​អំពី​រំលោភ​សេពសន្ថវៈ​កើត​ឡើង។​

«លីកាដូ​ក៏​មាន​សំណូម​ពរ​ដល់​រដ្ឋាភិបាល​គួរ​ចាត់​វិធាន​ការ​ឲ្យតឹងរ៉ឹង​ក្នុង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ជា​ធរមាន»។​

VOA ​បាន​ព្យាយាមទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ គឹម សន្តិភាព​ និង​លោក​ជិន​ ម៉ាលីន​ ដើម្បីសុំ​ការ​បំភ្លឺ​ តែ​មិន​អាច​ទាក់ទង​បានទេ។

លោក​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​បង្វែ​សំណួរ​អំពី​របាយ​ការណ៍​នេះ​ទៅ​អ្នក​នាំពាក្រ​របស់​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​គឺ​លោក​ គៀត ​ច័ន្ទ​ថារិទ្ធ​ តែ​ VOA ​មិន​អាច​ទាក់ទង​បាន​ទេ៕

XS
SM
MD
LG