ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​​ទាមទារ​ឲ្យ​កាសែត​ The Cambodia Daily​ ​បង់ពន្ធ​ ​ហើយ​ឈប់​យក​លេស​គេច​វេះពន្ធ​ដោយសារ​រឿង​នយោបាយ


កាសែត The Cambodia Daily សរសេរអត្ថបទ «កម្មវិធីផ្សាយរបស់វិទ្យុ RFA និង VOA ត្រូវបានបញ្ឈប់នៅតាមបណ្តាខេត្តទូទាំងប្រទេស» រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

សេចក្តី​បំភ្លឺ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ​ កើត​មានឡើង​ក្រោយ​ព្រឹត្តិបត្រ​សារព័ត៌មាន​ ​ឌឹ ខេមបូឌា​ ដេលី ​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​​បាន​លើក​ឡើង​ថា​ សេរីភាព​សារព័ត៌​មាន​ ​កំពុង​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​រដ្ឋាភិបាល​ដែល​កំពុង​សំដៅ​មក​បិទ​កាសែត​ ឌឹ ខេមបូឌា ដេលី។​

អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​បាន​ព្រមាន​កាសែត​ The Cambodia Daily ​(ឌឹ ខេមបូឌា​ ដេលី)​ ​ខ្លាំងៗ​ឲ្យ​ឈប់​យក​ការ​គេច​វេះ​មិនបង់​ពន្ធ​ជូនរដ្ឋ​មក​ធ្វើ​ជា​រឿង​នយោបាយ​ និង​ក្រើន​រំឭក​កាសែត​នេះ​ ​ឲ្យ​បង់​ពន្ធ​ បើ​មិន​ដូច្នេះទេត្រូវប្រឈម​នឹង​ការ​អនុវត្ត​ច្បាប់ ​ដែល​មាន​ជា​ធរមាន។​ នេះ​បើ​យោង​តាម​សេចក្តី​បំភ្លឺ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ដែល​ VOA ​ទទួល​បាន​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​ទៅ។​

សេចក្តី​បំភ្លឺ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ​ កើត​មានឡើង​ក្រោយ​ព្រឹត្តិបត្រ​សារព័ត៌មាន​ ​ឌឹ ខេមបូឌា​ ដេលី ​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ ដែលបាន​លើក​ឡើង​ថា​ សេរីភាព​សារព័ត៌​មាន​ ​កំពុង​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​រដ្ឋាភិបាល​ដែល​កំពុង​សំដៅ​មក​បិទ​កាសែត​ ឌឹ ខេមបូឌា ដេលី។​

សេចក្តី​បំភ្លឺ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ចុះ​ថ្ងៃ​ទី​ ២៩​ ខែ​សីហា​ ​បាន​សរសេរ​ថា ក្រោយ​ពី​មាន​ការ​បំភ្លឺ​ជា​ច្រើន​លើក​ច្រើន​សា និង​មាន​ការ​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​រវាង​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ និង​តំណាង​សារ​ព័ត៌មាន​ ​ឌឹ ខេមបូឌា ដេលី​ នា​ពេល​ថ្មីៗ​នេះ​ ​អគ្គនា​យក​ដ្ឋាន​ពន្ធដារ​ពិនិត្យ​ឃើញ​ថា​ សារព័ត៌​មាន​មួយ​នេះ​ នៅ​តែ​មិន​ព្រម​ទទួល​យក​ការណ៍​ពិត ដែល​ថា​ ខ្លួន​មិន​បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​បាន​ត្រឹមត្រូវ​ ហើយ​នៅ​តែ​ព្យាយាម​ទាញ​ភ្ជាប់​ការ​មិន​បំពេញ​កាតព្វកិច្ច​ពន្ធដារ​ទៅជាចេតនា​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប៉ុន​ប៉ង​បិទ​កាសែត​របស់​ខ្លួន​ទៅ​វិញ។​

អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ​ក៏​បាន​អះអាង​ថា​ ​ខ្លួន​ក៏​បាន​រក​ឃើញ​ថា​ កាសែត ឌឹ ខេមបូឌាដេលី​ ដែល​បាន​និង​កំពុង​ដំណើរ​ការ​អាជីវកម្ម​រហូតមក​ មិន​បាន​គោរព​កាតព្វកិច្ច​ស្រប​តាម​បទប្បញ្ញត្តិ​ច្បាប់​ស្តីពី​ពន្ធដារ​ និង​បាន​ប្រព្រឹត្ត​អំពើ​គេចវេះ​ពន្ធរាប់​ឆ្នាំ​ ​ដោយ​មិន​ប្រកាស​បង់​ពន្ធ ​សូម្បី​តែ​មួយរៀល​ណា​សោះ។​ មិន​តែ​ប៉ុណ្ណោះ​ ថែមទាំង​ប្រមូល​អាករ​លើ​តម្លៃ​បន្ថែម​ ដែល​ជា​ថវិកា​ត្រូវបង់​ជូន​រដ្ឋ​ដោយ​អ្នក​ប្រើ​ប្រាស់​ ហើយ​យក​ទៅ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន ហើយ​បែរ​ជាចោទ​ប្រកាន់​មក​លើ​រាជ​រដ្ឋាភិបាល​ខុស​ពី​ការណ៍​ពិត​ទៅ​វិញ។​

សេចក្តី​បំភ្លឺ​នោះ​បាន​ចោទ​សួរ​ក្នុង​ន័យ​ដើម​ថា៖​

«តើ​ករណី​នេះ​គឺ​ជា​បញ្ហា​នយោបាយដែល​រាជរដ្ឋាភិបាល​គំរាម​ទៅ​លើ​សេរីភាព​សារព័ត៌មាន​ ឬ​យ៉ាង​ណា?​ តើ​សារ​ព័ត៌មាន​ដទៃទៀត​ដែល​បាន​ប្រកាស​បង់​ពន្ធ​ត្រឹមត្រូវ​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​ ​នៅ​ពេល​ដែល​គេ​ឃើញ​កាសែត ឌឹ ខេមបូឌា​ ដេលី​ មិន​ប្រកាស​បង់​ពន្ធ​បែប​នេះ?​ តើ​នេះ​ឬ​ជា​ការ​ប្រកួត​ប្រជែង​ស្មើភាព​គ្នា​ ដែល​មជ្ឈដ្ឋាន​អ្នក​ជាប់​ពន្ធ​គ្រប់រូប​ប្រាថ្នា​ចង់​បាន​ ឬ​ជា​បញ្ហា​នយោបាយ ដើម្បី​ប៉ុន​ប៉ង​បិទ​កាសែត​មួយ​នេះ?»

​ក៏​ប៉ុន្តែ​ អ្នក​ស្រី​ Deborah Krisher-Steele​ ចាង​ហ្វាង​រង​កាសែត​ ឌឹ ខេមបូឌា​ ដេលី​ ​បាន​បញ្ជាក់​តាម​សារអេឡិចត្រូនិក​ ឬ​ ​Email ​ថា​ កាសែត ឌឹ ខេមបូឌា​ ដេលី​ មិន​ដែល​អាច​ ឬ​ប្រមូល​អាករ​លើ​តម្លៃ​បន្ថែម​ ​ហៅ​កាត់​ថា​ VAT​ ដោយ​គ្មាន​លេខ​សម្គាល់​ពន្ធដារ​នោះ​ទេ​ ហើយ​រាល់​លុយ​ដុល្លារ​នៃ​ VAT ​ដែល​បាន​ប្រមូល​ ឬ​ចំណូល​ពន្ធ​ ដែល​បាន​ដក​ទុក​ ត្រូវបាន​បង់។​

អ្នកស្រី​បាន​សរសេរ​តាម​សារ​ ​អេឡិចត្រូនិក​ ឬ​ ​Email​ ក្នុង​ន័យ​ដើម​ថា៖​

«ប្រសិន​បើ​ពួក​គេ​ចង់​បាន​ភស្តុតាង​នេះ​ ពួកគេ​អាច​មើល​ទៅ​លើ​វិក្ក័យបត្រ​ផ្ទាល់​របស់​ពួក​គេ។​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ជាមួយ​ពួក​យើង​រាប់​ទសវត្សរ៍​មក​ហើយ​ ​ដូច្នេះ​ពួក​គេ​បាន​ដឹង​ ​ហើយ​ចាំបាច់​ត្រូវ​ផ្តល់​ការ​យល់​ព្រម»។​

ទិដ្ឋភាព​ក្នុង​ការិយាល័យ​កាសែត​ឌឹខេមបូឌាដែលី។ (រូបថត​ដោយ ស៊ីវ ចាន់ណា/The Cambodia Daily)
ទិដ្ឋភាព​ក្នុង​ការិយាល័យ​កាសែត​ឌឹខេមបូឌាដែលី។ (រូបថត​ដោយ ស៊ីវ ចាន់ណា/The Cambodia Daily)

អ្នកស្រី​ Deborah Krisher-Steele​ ​មិនបាន​ឆ្លើយ​សំណួរ​របស់​ VOA ​អំពី​ថា​ តើ​អ្នកស្រី​នៅ​ជឿ​ថា​ ការ​ចាប់​បង្ខំឲ្យ​បង់​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះជា​រឿង​នយោបាយ​ ឬ​យ៉ាងណា​នោះ​ឡើយ​ មក​ដល់​រសៀល​ថ្ងៃ​ពុធ​នេះ។​

​ក្នុង​កិច្ច​ខិតខំ​ការពារ​ប្រតិបត្តិការ​របស់​កាសែត​ ឌឹ ខេមបូឌា​ ដេលី​ អ្នកស្រី​ Deborah ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​ ដែល​ ​VOA​ ​ទទួល​បាន​កាល​ពី​ថ្ងៃចន្ទថា​ កាសែត​ ឌឹ​ ខេម​បូឌា​ ដេលី​ កំពុង​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​ ហើយ​ថា ចំនួន​លុយ​ដែល​ត្រូវ​បង់ដ៏​ច្រើន​ដែល​រដ្ឋាភិបាល​កំណត់​ឡើង​សម្រាប់​កាសែត​ ឌឹ ខេមបូឌា​ ដេលី​ ​គឺជា ​ការ​វាយ​ប្រហារ​មួយ​មក​លើ​សេរីភាព​សារ​ព័ត៌មាន​ ដែល​គេក្លែង​វា​ជា​រឿង​ជម្លោះ​ពន្ធដារ​ទៅវិញ។​

អ្នកស្រី​ ​Deborah​ ​ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ក្នុង​ខ្លឹមសារ​ដើម​ថា៖​

«រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ផែន​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពួក​យើង​គឺ​ជា​ ការ​បំពាន​ទាំងស្រុង​លើ​សន្ធិ​សញ្ញា​វិនិយោគ​ទ្វេភាគី​នានា​ ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ ដើម្បី​ផ្តល់​ការ​ការ​ពារ​អ្នក​វិនិយោគ​បរទេស​ ក៏​ដូច​ជា​ កាតព្វកិច្ច​ជាច្រើន​នៃ​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក»។​

អ្នកស្រី ​Deborah ​ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​ខ្លឹមសារ​ដើម​បន្ថែម​ថា៖​

«រដ្ឋាភិបាល​នានា​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​ចាត់​វិធានការ​ឥឡូវ​នេះ​ ដើម្បី​ជួយ​យើង​វាយ​បំបែក​កិច្ច​ខិត​ខំ​ដែល​មិន​ត្រឹមត្រូវ​ ដែល​ព្យាយាមបិទ​កាសែត​ពួក​យើង»។​

គ្រា​ដែល​ឱសានវាទ​នៃ​ការ​បង់​ពន្ធ​របស់​កាសែត​ ​ឌឹ ខេមបូឌា ដេលី​ ​កំពុង​ខិត​ជិត​មក​ដល់ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ធ្វើ​យុទ្ធនា​ការ​តាម​បណ្តាញ​សង្គម​ ​ហ្វេសប៊ុក​ ​ដោយ​បាន​លើក​ឡើងពាក្យ​អំពាវនាវ​ថា​ #Save The Daily ,​ Save Free Media Cambodia​ ​ឬជាភាសារ​ខ្មែរ​ #ជួយ​សង្គ្រោះ​ ខេមបូឌា ដេលី​ និង​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា។​

លោក​ ​យឿង សុធារ៉ា​ ​មន្ត្រីច្បាប់​ និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្វ្រែល​ (Comfrel) ​យល់​ថា​ រដ្ឋាភិបាល​គួរមាន​ការ​យោគយល់​ដល់​កិច្ចការ​ឯករាជ្យ​របស់​ស្ថាប័ន​សារព័ត៌មាន​ ឌឹ​ ខេមបូឌា​ ដេលី​ ​ដោយ​រក​វិធីសាស្ត្រដែល​អាច​ឲ្យកាសែត​នេះ​បានទូទាត់​ប្រាក់​ពន្ធ​ផង​ និង​បាន​ដំណើរ​ការ​វិជ្ជា​ជីវៈ​របស់​ខ្លួន​បន្ត​ទៀត​ផង។​ លោក​បាន​ប្រាប់​ VOA ​បន្ថែមថា​ ការ​បិទ​កាសែត​នេះ​អាច​ជា​ការ​បាត់​បង់​ប្រភព​ព័ត៌មាន​សំខាន់​មួយ​សម្រាប់​ដំណើរ​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​និង​កិច្ច​អភិវឌ្ឍ​សង្គមនៅ​កម្ពុជា។​

«រដ្ឋាភិបាល​ម្នាក់​ឯង​គឺ​ថា ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ វា​ទាល់​តែ​មាន​អ្នក​វិជ្ជាជីវៈ​ឯករាជ្យ​ណាមួយ​ដែល​ ស្វែង​រក​នូវ​អង្គហេតុ​ផ្សេងៗ​ ឬក៏​ថា​ ជា​ព្រឹត្តិការណ៍​ផ្សេងៗ​ ដើម្បី​គាស់​រំលើង យក​មកបង្ហាញ​ដើម្បីឲ្យ​រដ្ឋាភិបាល​ហ្នឹង​ មើល​ពី​អា​ចំណុច​ខ្វះខាត​នោះ​ ​ហើយ​ធ្វើ​ការ​កែប្រែ។​ ដូច្នេះ​វាមាន​សារៈ​សំខាន់​ណាស់​ ជាពិសេស​ក្នុង​របប​ប្រជា​ធិបតេយ្យ​យើង​ គឺ​វា​ចាំចាច់​ខ្លាំង​មែនទែន។ ​បើ​សិន​ជា​មាន​ការ​បិទ​បែប​នោះ ខ្ញុំ​គិត​ថា​ វា​ជា​ការ​ប៉ះពាល់​ដ៏ធ្ងន់​ធ្ងរ​សម្រាប់​ដំណើរ​ការ​លិទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា»។​

លោក​បាន​ថ្លែង​បន្ត​ថា៖​

«វា​ប៉ះពាល់​មួយ​ទៀត​ គឺ​ថា​ វា​ប៉ះពាល់​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ស្រុក​ទេស​របស់​យើង​ ពីព្រោះ​យើងត្រូវ​ការ​សំឡេង​គ្រប់​មជ្ឈដ្ឋាន​ គ្រប់​សំឡេង​ទាំង​អស់​ ទោះបីជាសំឡេង​រិះគន់​ក្តី​ ទោះបី​ជា​សំឡេង​ឯក​រាជ្យ​ក្តី​ សំឡេង​មាន​និន្នាការ​ស្រប​ជាមួយ​ហ្នឹង​រដ្ឋាភិបាលក្តី​ គឺ​ថា​ យើងត្រូវ​ការ​ទាំងអស់​ ហើយ​យក​ទស្សនៈ​ទាំង​អស់​នោះ​មក​ពិចារណា»។​

រូបឯកសារ៖ លោក​ ​យឿង សុធារ៉ា​ ​មន្ត្រីច្បាប់​ និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្វ្រែល​ (Comfrel) (លឹម សុធី/VOA)
រូបឯកសារ៖ លោក​ ​យឿង សុធារ៉ា​ ​មន្ត្រីច្បាប់​ និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្វ្រែល​ (Comfrel) (លឹម សុធី/VOA)

រដ្ឋាភិបាល​បានដាក់​ឱសានវាទ​ឲ្យ​កាសែត​ The Cambodia Daily​ (ឌឹ​ ខេមបូឌា​ ដេលី)​ ​បង់​ពន្ធឲ្យបាន​មុន​ថ្ងៃ​ទី​៤​ ខែ​កញ្ញា។​ បន្ថែម​លើ​ចំណាត់​ការ​ពន្ធដារ​ដែល​គេ​មើល​ឃើញ​ថា​ ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ ​រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន​ ​ក៏​បាន​ប្រកាស​បិទ​ការិយាល័យ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ ​NDI​ នៅ​រាជធានី​ភ្នំពេញ ​និង​បណ្តេញ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ​ចេញ​ពី​ប្រទេស។​

ទាំង​អង្គការ​ ​NDI​ ​និង​កាសែត​ ​ឌឹ ខេមបូឌា​ ដេលី​ ​បាន​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​ជាង​២០​ឆ្នាំ​មក​ហើយ។​ ​វិធាន​ការ​ទាំង​នេះ​កើត​មាន​ឡើង​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា​ ​ដែល​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​មើល​ឃើញ​ថា​ មាន​លក្ខណៈ​មិនទាន់​សេរី​ និង​យុត្តិធម៌​ពេញ​លេញ​នៅ​ឡើយ។​

បន្ទាប់​ពី​មាន​ចំណាត់​ការ​តឹងរ៉ឹង​ពី​រដ្ឋាភិបាលរបស់​លោក​ហ៊ុន​ សែន​ដែល​សម្រេច​ចិត្ត​បណ្តេញ​ស្ថាប័ន​គាំទ្រ​ប្រជា​ធិបតេយ្យ​ ​និង​យាយី​ដល់​ដំណើរ​ការ​ផ្សព្វផ្សាយ​របស់​សារ​ព័ត៌មាន​ឯក​រាជ្យ​ ​ សមាជិក​សភា​អាមេរិក​ គឺ​លោក​ ​Alan Lowenthal​ ​ប្តេជា្ញ​ថា​ ​លោកនិង​ក្រុម​របស់​លោក​នឹង​តស៊ូ​មតិ​ក្នុង​សភា​សហ​រដ្ឋ​អាមេរិក​ទាំង​មូល ដើម្បី​ជំរុញ​ឲ្យ​មាន​សម្ពាធ​សេដ្ឋកិច្ច​បន្ថែម​លើ​កម្ពុជា។

លោក Alan Lowenthal ​នៃ​គណ​បក្ស​ប្រជា​ធិបតេយ្យ​មក​ពី​រដ្ឋកាលីហ្វ័ញ៉ា ​(California)​ និង​ជា​សហ​ប្រធាន​គណៈកម្មាធិការ​សភា​ដើម្បី​ពិនិត្យ​តាមដាន​ស្ថាន​ការណ៍​នៅ​កម្ពុជា​ ​(Congressional Cambodia Caucus) ​ដែល​យក​ចិត្ត​ទុកដាក់​ពី​បញ្ហា​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ VOA ​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​មួយកាល​ពី​ថ្ងៃសុក្រ​កន្លង​ទៅថា ​សហគមន៍​អន្តជាតិ​ ​រដ្ឋាភិបាល​អាមេរិកាំង​ ​និង​សភា​អាមេរិកាំង​ទាំង​មូល​ចាំបាច់​ត្រូវ​មាន​វិធាន​ការ​បន្ថែម និង​ថ្កោល​ទោស​លើ​រដ្ឋាភិបាល​កម្ពុជា។​

យ៉ាង​ណាក្តី​ សេចក្តី​បំភ្លឺ​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ បាន​លើក​ឡើង​ថា​ ​ប្រសិន​បើ​សហគមន៍​អន្តរជាតិ​ណាមួយ​ដែល​មាន​និន្នាការ​គំាទ្រ​កាសែត​ ឌឹ ខេមបូឌា​ ដេលី​ ហើយ​មាន​បំណង​ចង់​ដឹង​ច្បាស់​បន្ថែម​អំពី​ការ​កំណត់​ពន្ធ​ឡើង​វិញ​នេះ​ អគ្គ​នាយកដ្ឋាន​ពន្ធដារ​ នឹង​ស្វាគមន៍​ និង​ធ្វើ​បទ​បង្ហាញ​ជូន​លម្អិត​អំពី​ករណី​នេះ។​ អគ្គនាយកដ្ឋាន​នេះ​ក៏​បាន​អះអាង​ថា​ ខ្លួន​បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ ក្នុង​ការ​ស៊ើប​អង្កេត​ប្រមូល​ផ្តុំ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​កាសែត​ ឌឹ​ ខេមបូឌា ដេលី​ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​កំណត់​ពន្ធ​ឡើង​វិញ​នេះ៕

XS
SM
MD
LG