ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តំណាង​កម្ពុជា​ប្រចាំ​អ.ស.ប.​ចោទ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ថា​ ចេញ​សេចក្តី​ថ្លែង​ការណ៍​ប្រាស​ចាក​ពី​«ការណ៍ពិត​»​នៅ​កម្ពុជា


គេហទំព័រដើម​​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​លទ្ធិប្រជាធិប្បតេយ្យ​នៅ​កម្ពុជា។ (រូបភាព​ដកស្រង់​ចេញ​ពី​គេហទំព័រ)

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​​កម្ពុជា​ប្រចាំ​អ.ស.ប.​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​ឆ្លើយ​តប​​នឹង​ការ​រិះគន់​របស់​អ្នកនាំពាក្យ​ឧត្តម​ស្នងការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​(OHCHR)​ ​លើ​​​សភាព​កាណ៍​​បច្ចុប្បន្ន​នៅ​កម្ពុជា។

ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេសកម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ ​ប្រកាស​ច្រាន​ចោល​សេចក្តី​ថ្លែង​ការណ៍​របស់អ្នកនាំ​ពាក្យ​ឧត្តម​ស្នងការអង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​(OHCHR)​ដែល​រិះគន់​រដ្ឋាភិបាល​ចំពោះ​ការ​រឹតបន្តឹង​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​ និង​បណ្តេញ​វិទ្យាស្ថាន​ជាតិប្រជា​ធិបតេយ្យ​ ​(NDI)​ ​ចេញ​ពី​កម្ពុជា។​ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ចេញ​កាលពី​ថ្ងៃ​ចន្ទ​ពី​ទីក្រុងហ្ស៊ឺណែវ។​

សេចក្តី​ថ្លែងការណ៍​ដែល​ ​VOA​ ​បាន​ទទួល​នា​ថ្ងៃ​អង្គារ​នេះ​ ​លើក​ឡើង​ថា ​ការ​រិះគន់​ពី​សំណាក់​ឧត្តម​ស្នងការអង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​(OHCHR)​គឺ ​ធ្វើ​ឡើង​ដោយ​ប្រាស​ចាក​ពី​ ​«ការណ៍​ពិត ​និង​មាន​ចរិត​នយោបាយ»។​ ​សេចក្តី​ថ្លែង​ការណ៍​ដដែល​ក៏​បាន​ថ្លែង​ការពារ​រដ្ឋា​ភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​ហើយថា​ ការ​លើក​ឡើង​របស់អ្នក​នាំពាក្យ​ឧត្តម​ស្នងការអង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​(OHCHR)​ ​គឺ​ជា​ការ​លើក​ទ្បើង​ដោយ​មិន​បាន​ផ្អែក​ទៅ​លើ​ការណ៍​ពិត​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​ ​ប៉ុន្តែ​ធ្វើ​ទ្បើង​ដោយ​ផ្អែក​ទៅ​លើ​ពាក្យ​ចចាមអារ៉ាម​ និង​គ្មាន​ប្រភព​ច្បាស់​លាស់។​

តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បន្ថែម​ថា​ ​នៅ​ពេល​ដែល​ច្បាប់​ ​និង​បទ​ប្បញ្ញត្តិ​ ​ដែល​មាន​ជា​ធរមាន​ត្រូវ​បាន​គេ​រំលោភ​បំពាន​ ​វិធានការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​ទប់ទល់​នឹង​អំពើ​ល្មើស​ច្បាប់​ទាំង​នោះ​ ​មិនគួរ​ត្រូវ​បាន​គេ​បកស្រាយ​ថា​ ​ជា​ការ​គំរាម​កំហែង​នោះ​ទេ​ ​និង​ថា​ វិធានការ​ទាំង​នោះ​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​នោះ​ដែរ។​អង្គភាព​ ​និង​បុគ្គល​គ្រប់រូប​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​បំភ្លៃ​សាធារណជន​ ​ញុះញង់​កង​កម្លាំង​ប្រដាប់​អាវុធ​ ​និង​អ្នក​អាន​គ្រប់​រូប​ឲ្យ​ប្រព្រឹត្ត​នូវ​សកម្មភាព​ប្រទូស្តរាយ​ ​បះបោរ​ ​និង​ហិង្សា​បាន​ទ្បើយ។​ ​ដោយ​ឡែក​ចំពោះ​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​វិញ​ ​តំណាង​កម្ពុជាបាន​ប្រកាស​ថា​ ​សេរីភាព​សារព័ត៌មាន​មិនមាន​ន័យ​ថា​ បណ្តាញ​សារព័ត៌មាន​អាច​គេច​វេស​ ​ឬ​មិន​ព្រម​បង់​ពន្ធ​ជាមួយ​នឹង​និទណ្ឌ​ភាព​ឡើយ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ដដែល​ ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​ ​«នៅ​ពេល​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ ​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​នីតិរដ្ឋ​ រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញមតិ ​សេរីភាព​នៃ​ការ​ចូលរួម ​និង​កាតព្វកិច្ច​ផ្សេងៗ​ទៀត ស្ថាន​បេសក​កម្ម​សូម​បញ្ជាក់​ជូន​ថា ​កម្ពុជា​មិន​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​កុមារភាព​ទៀត​ទេ ​យើង​មាន​ភាព​ចាស់ទុំ​គ្រប់គ្រាន់​ក្នុង​ការ​ប្រឈម​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ ​ដោយ​មិន​ចាំបាច់​ត្រូវការ​ការ​ប្រៀន​ប្រដៅ​គ្រប់​បែប​យ៉ាង​នោះ​ទេ»។​

កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ​រដ្ឋា​ភិបាល​កម្ពុជាបាន​ប្រកាស​បិទ​វិទ្យាស្ថាន​ជាតិប្រជា​ធិបតេយ្យ​ ​(NDI)​ ​ដែល​ជា​អង្គការ​ធ្វើ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ទទួល​ជំនួយ​ពី​សហ​រដ្ឋ​អាមេរិក​ ​ព្រមទាំង​បាន​បិទ​ និង​ផ្អាក​ស្ថានីយ​វិទ្យុ​ ​និង​កាសែតដែល​ផ្សព្វ​ផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល​ជាច្រើន​ទៀត​ ​ដោយ​យោង​លើ​មូល​ហេតុ​ថា​ ​ស្ថាប័ន​ទាំង​នោះ​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​កម្ពុជា។​

ភ្លាមៗ​នោះ​ ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ ទៅ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស(OHCHR)​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​រិះគន់​ ​ការ​បិទ​វិទ្យាស្ថាន​ជាតិប្រជា​ធិបតេយ្យ​ ​NDI​ ​និង​ ការ​រិតត្បិត​លើ​ស្ថាប័ន​ព័ត៌មាន​ក្នុង​ប្រទេស។​ ​ស្ថាប័នអង្គការ​សហ​ប្រជាជាតិ​ក៏បាន​បន្ថែម​ថា​ ការណ៍​នេះ​ ​គឺ​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​តាម​ដំណើរ​ការ​ផ្លូវ​ច្បាប់​ ​ហើយ​សិទ្ធិ​របស់​ស្ថាប័ន​សារ​ព័ត៌មាន​ ​និង​ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ត្រូវ​បាន​បំពាន។​ ​ទី​ភ្នាក់​ងារ​អង្គការ​សហ​ប្រជាជាតិ​អំពាវនាវ​ឲ្យ​កម្ពុជា​គោរព​តាម​ដំណើរ​ការ​ផ្លូវច្បាប់​ ​និង​ដំណើរ​ការ​លទិ្ធ​ប្រជា​ធិបតេយ្យ​ទូលំទូលាយ។​

អ្នកស្រី​ ​Liz Throssell​ ​អ្នក​នាំ​ពាក្យ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR)​ ​ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ​ ​បាន​លើក​ឡើងក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា៖​ ​«មុន​នឹង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មក​ដល់​ ​យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​នយោបាយ​ ​និង​សិទ្ធិ​ពល​រដ្ឋ​ ​និង​សេរីភាព​នៃ​សារព័ត៌មាន»។​

មិនមែន​តែអ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​(OHCHR) ​នោះ​ទេ​ដែល​បានរិះគន់​ការ​បិទ​អង្គការ​ ​NDI​ ​និង​ស្ថាប័ន​សារព័ត៌មាន​រិះគន់​រដ្ឋាភិបាល​ ​ក៏​ប៉ុន្តែ​ស្ថាប័ន ​និង​បុគ្គល​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​ការ​រឹតត្បិត​របស់​រដ្ឋា​ភិបាល​លោក​ ​ហ៊ុន សែន។​

ទោះ​ជា​មាន​ប្រតិកម្ម​ ​និង​ការ​រិះគន់ជាបន្ត​បន្ទាប់​ពី​ស្ថាប័ន​ជាតិ​ ​និង​អន្តរជាតិ​ទាំង​នោះក្តី​ ​លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី បាន​ថ្លែង​គាំទ្រ​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ ​ដោយ​លើក​ឡើង​ថា​ ជា​ការ​លើក​ឡើង​ដែល​ត្រឹមត្រូវ។​ ​លោក​ប្រាប់​ ​VOA ​បន្ថែម​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ​រដ្ឋាភិបាល​មិន​ខ្វល់​នឹង​ការ​រិះគន់​ ​ឬ​ប្រតិកម្ម​ណា​មួយ​របស់​ស្ថាប័ន​ទាំង​នេះ​ ​នោះ​ទេ ​ដោយ​លោក​បញ្ជាក់​ថា​ ​កម្ពុជាអនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ដើម្បី​ការពារ​អធិប​តេយ្យភាព​របស់​ខ្លួន។​

លោក​ ​ផៃ ស៊ីផាន​ ​ថ្លែង​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ៖​

«រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ការពារ​អធិបតេយ្យ​ភាព​ ​ការពារ​អព្យាក្រឹត្យភាព​ ​និង​ការពារ​មិន​ឲ្យ​មាន​ការ​លូក​លាន់​ពី​សំណាក់​ខាង​ក្រៅ​មក​កម្ពុជា។​ ​ដូច្នេះ​អ្វី​ដែល​ជា​ចំណាត់​ការ​ជា​ផល​ប្រយោជន៍របស់​កម្ពុជា​ ​ជា​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ហើយ​ហេតុ​ដូច្នេះ​យើង​មាន​កាតព្វកិច្ចត្រូវ​តែ​ថែ​រក្សា​ ​និង​ចំណាត់​ការ​ហ្នឹង»។​

ដោយ​ឡែក​ ​លោក​ ឱក សេរីសោភក្តិ៍​ ​អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​បាន​លើកឡើងក្នុង​កម្ម​វិធី​ ​Hello VOA​ ​កាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ​ថា​ ​រដ្ឋា​ភិបាល​កម្ពុជា ​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ​គួរតែ​រក​វិធី​ចរចា​បញ្ចប់​ភាព​តានតឹង​នេះ​ឲ្យបាន​ឆាប់​ ​ចៀស​វាងផល​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ជាតិ​ក្នុង​ពេល​ខាង​មុខ​ ​និង​ការ​វាយតម្លៃ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ​និង​អង្គការ​តំបន់​ផ្សេងៗ​នៅ​ចុង​ឆ្នាំ​២០១៧។​

លោក​ ​ឱក សេរីសោភក្តិ៍ ​បញ្ជាក់​ក្នុង​កម្មវិធី​ ​Hello VOA​ យ៉ាង​ដូច្នេះ៖​

«ខែ​កញ្ញា​ខាងមុខ​នេះ​នឹង​មាន​របាយ​ការណ៍​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ ​ដែល​ប្រទេស​ជប៉ុន​បាន​ទទួល​ខុសត្រូវ​ ​ហើយ​អ្នក​តំណាង​ហ្នឹង​បាន​មក​កម្ពុជាពី​ប៉ុន្មានអាទិត្យ​មុន​ហ្នឹង។ ​ដូច្នេះ​ហើយ​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​បរិយាកាស​ហ្នឹង​សម្រួល​ឡើង​វិញ។​ ​កុំ​ឲ្យស្ថាន​ការណ៍​វា​ធ្ងន់ធ្ងរ​ទៅ​ទៀត។​ ​ហើ​យខែ​១១​ហ្នឹង​ក៏​មានកិច្ចប្រជុំ​កំពូលអាស៊ាន ​ASEAN SUMMIT​ ​ក៏មាន​ ​APEC​ ​ក៏​មានអី​ ​ដូច្នេះ​ហើយ​សហគមន៍​អន្តរជាតិ​នឹង​សំឡឹង​រឹត​តែ​ខ្លាំង​ទៅទៀត​ ​ហើយ​កម្ពុជា​មិនមាន​ផល​ប្រយោជន៍​អី​ធ្វើ​ឲ្យ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ហ្នឹង​រឹត​តែ​តឹងតែង​ទេ​ ត្រូវ​តែ​បន្ធូរ​បន្ថយមកវិញ​ខ្លះជា​មិន​ខាន»។

សេចក្តី​រាយ​ការណ៍​របស់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា​ ​យ៉ាង​ហោចណាស់​មាន​ស្ថានីយ៍​វិទ្យុ​ក្នុង​ស្រុក​ជិត​២០​ស្ថានីយ៍​ ​ត្រូវ​បាន​បិទ​ និង​ផ្អាក​ការផ្សាយ​របស់​ខ្លួន​ ​បន្ទាប់​ពី​ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន។​ ​ភាគ​ច្រើន​នៃ​វិទ្យុ​ទាំង​នោះត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​ការ​ពាក់​ព័ន្ធ​នឹង​គណ​បក្ស​សង្គ្រោះជាតិ​ ​ឬ​ជួល​ម៉ោង​ផ្សាយ​ឱ្យ​ ​VOA​ ​និង​វិទ្យុ​អាស៊ី​សេរី។​ ​ស្របគ្នា​នោះ​ដែរ​ ​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ​ ​VOD​ ​ក៏​ត្រូវ​បាន​បិទ​ការ​ផ្សាយ​កម្មវិធី​ព័ត៌មាន​ទាំង​ស្រុង​ដែរ ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​។​ ​ដោយ​ឡែក​ សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេស​ ​The Cambodia Daily​ ​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់ពន្ធ​ភ្លាមៗ​ចំនួន​ ​ជាង​៦​លាន​ដុល្លារ​ មុន​ថ្ងៃទី​៤​ ​ខែ​កញ្ញា​ខាង​មុខ​ ​ឬ​ ​ប្រឈម​នឹង​ការ​បិទ​សារ​ព័ត៌មាន​នេះ​ទាំង​ស្រុង​ក្រោយ​ពី​ដំណើរការ​ជាង​២​ទសវត្សរ៍​ ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ៕​

XS
SM
MD
LG